en     km
en     km

អង់គ្លេស៖ លោកខាងលិចនឹងក្រោកឈរឡើងតទល់នឹង«ប្រទេសផ្តាច់ការ»

Share

ចក្រភពអង់គ្លេស នៅថ្ងៃសុក្រ ទី២១ ខែមករា បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា សម្ព័ន្ធមិត្តរបស់ខ្លួននឹងក្រោកឈររួមគ្នា ប្រឆាំងនឹង«ប្រទេសផ្តាច់ការ» ដើម្បីលទ្ធិប្រជាធិបតេយ្យ។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

ចក្រភពអង់គ្លេស នៅថ្ងៃសុក្រ ទី២១ ខែមករា បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា សម្ព័ន្ធមិត្តរបស់ខ្លួននឹងក្រោកឈររួមគ្នា ប្រឆាំងនឹងប្រទេសផ្តាច់ការ ដើម្បីលទ្ធិប្រជាធិបតេយ្យ។ អង់គ្លេសអះអាងថា ប្រទេសផ្ដាច់ការកាន់តែឡើងចាងជាងពេលណាទាំងអស់ បើគិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក។

ពេលនិយាយនៅក្នុងប្រទេសអូស្ត្រាលី រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីហ្ស ទ្រុស បានថ្លែងថា អង់គ្លេសនិងសម្ព័ន្ធមិត្ររបស់ខ្លួន«ក្នុងលោកសេរី» ត្រូវតែឆ្លើយតបរួមគ្នាចំពោះការគំរាមកំហែងជាសកល ត្រូវតែធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសប្រជាធិបតេយ្យនៅឥណ្ឌូប៉ាស៊ីហ្វិកកាន់តែស៊ីជម្រៅ ហើយត្រូវតែ «ប្រឈមមុខនឹងអ្នករំលោភបំពានលំដាប់ពិភពលោក»។

លោកស្រី ទ្រុស បានអះអាងថា ពួកអ្នករំលោភបំពានលំដាប់ពិភពលោកកំពុងប្រើការពឹងផ្អែកផ្នែកសេដ្ឋកិច្ចលើពួកគេដោយប្រទេសផ្សេងៗ ដើម្បីទទួលបាននូវអ្វីដែលពួកគេចង់បាន។

លោកស្រីទ្រុស និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស គឺលោក បិន វ៉លឡេស បានជួបសមភាគីអូស្ត្រាលីរបស់ខ្លួន នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នាឱកាសកិច្ចប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីអូស្ត្រាលី-អង់គ្លេស។ នៅទីនោះ កិច្ចព្រមព្រៀងដើម្បីឱ្យអូស្ត្រាលីមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរត្រូវបានលើកយកមកពិភាក្សា។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក ផិតធើ ដាត់ធិន បានថ្លែងថា មិនមានគម្រោងបង្កើតមូលដ្ឋានទ័ពអង់គ្លេសនៅក្នុងប្រទេសអូស្ត្រាលីទេ។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ទុកជាការទប់ទល់នឹងឥទ្ធិពលរបស់រដ្ឋាភិបាលចិន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បណ្ដារដ្ឋមន្ត្រីអង់គ្លេសនិងអូស្ត្រាលីបានសម្តែងការព្រួយបារម្ភចំពោះការបង្កើនកងទ័ពរបស់ប្រទេសរុស្ស៊ីនៅតាមព្រំដែនជាប់ប្រទេសអ៊ុយក្រែន និងបានបង្ហាញ«ការគាំទ្រដាច់ខាតរបស់ពួកគេចំពោះអធិបតេយ្យនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន»។ ប្រទេសរុស្ស៊ី​បានបដិសេធថាពុំមាន​ផែនការ​ឈ្លានពានប្រទេស​អ៊ុយក្រែនទេ។

តាមរយៈ​សុន្ទរកថា​នៅ​វិទ្យាស្ថានឡូវី ដែលផ្ដល់ប្រឹក្សាផ្នែកកិច្ចការបរទេស លោកស្រីទ្រុសបាន​និយាយ​ថា ប្រធានាធិបតីរុស្ស៊ី លោកពូទីន គួរ​តែ​«បញ្ឈប់និងដក​ថយពី​អ៊ុយក្រែន ​មុន​ពេល​លោក​ប្រព្រឹត្តកំហុសដ៏ធំផ្នែក​យុទ្ធសាស្ត្រ​»។

លោកស្រីទ្រុស ដែលជារដ្ឋមន្ត្រីការបទេសអង់គ្លេស បានថ្លែងទៀតថា៖ «ការឈ្លានពាននឹងនាំឱ្យមានស្ថានភាពគួរឱ្យភ័យខ្លាចនិងការបាត់បង់អាយុជីវិត ដូចដែលយើងបានដឹងពីសង្គ្រាមសូវៀត-អាហ្វហ្គានីស្ថាន ឆ្នាំ ១៩៧៩-១៩៨៩ និងពីជម្លោះនៅសាធារណរដ្ឋឆេឆេនី»។

លោកស្រីទ្រុសបានបន្តថា អ្នកឈ្លានពានលំដាប់ពិភពលោក«បានឡើងចាងតាមរបៀបដែលយើងមិនធ្លាប់បានឃើញ ចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក»។

«ពួកគេព្យាយាមនាំចេញរបបផ្តាច់ការ ដូចនាំចេញទំនិញ នៅជុំវិញពិភពលោក … ហេតុដូច្នេះហើយបានជារបបដូចនៅប្រទេសបេឡារុស្ស កូរ៉េខាងជើង និងមីយ៉ាន់ម៉ា មានសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ពួកគេនៅទីក្រុងមូស្គូ និងប៉េកាំង»។ លោកស្ត្រីទ្រុសបានថ្លែងបន្ថែមយ៉ាងដូច្នោះ។

បើតាមលោកស្រីរដ្ឋមន្ត្រីការបរទេសរូបនេះ អង់គ្លេសគួរតែធ្វើការជាមួយសម្ព័ន្ធមិត្តនានា ដូចជាអូស្ត្រាលី អ៊ីស្រាអែល ឥណ្ឌា ជប៉ុន និងឥណ្ឌូនេស៊ី ដើម្បី«ប្រឈមមុខនឹងអ្នកឈ្លានពានលំដាប់ពិភពលោកនានា» ជាពិសេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក។

លោកស្រីបានលើកឡើងថា «ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច»របស់ប្រទេសចិន មកលើប្រទេសអូស្ត្រាលី គឺជា«ការដាស់តឿនមួយ»ដល់ចក្រភពអង់គ្លេសថា ទីក្រុងប៉េកាំងកំពុងប្រើប្រាស់កម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីគ្រប់គ្រងលើប្រទេសដទៃទៀត។

រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបានដាក់ទណ្ឌកម្មពាណិជ្ជកម្មលើទំនិញអូស្ត្រាលី បន្ទាប់ពីទីក្រុងកង់បេរ៉ា បានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិលើប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩ បានបដិសេធការចោទប្រកាន់អំពីការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច។

នៅពេលសួរអំពីកិច្ចចរចារវាងចក្រភពអង់គ្លេសនិងអូស្ត្រាលី ព្រមទាំងអំពីការផ្តោតអារម្មណ៍របស់ប្រទេសទាំងពីរទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិន ក្រសួងការបរទេសនៅទីក្រុងប៉េកាំងបានច្រានចោលការសន្និដ្ឋានបែបនេះ៕

យោង៖ https://www.reuters.com/world/uk/britain-warns-putin-xi-west-will-stand-up-dictatorship-2022-01-20/

Share

Image
Image
Image