en     km
en     km

​១​៨​ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក​ ​ជា​ ​វិជ្ជា ក្រុមគ្រួសារសាច់ញាតិនៅតែទន្ទឹងរង់ចាំពន្លឺយុត្តិធម៌​ ​

Share

ភ្នំពេញ៖នៅថ្ងៃ​ទី​២​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២ស្អែក​នេះ​ ​ជា​ខួប​១​៨​ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក​ ​ជា​ ​វិជ្ជា​ ​អតីតប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។ សាច់ញាតិក្រុមគ្រួសារលោក ជា វិជ្ជា នៅតែមិនទាន់អស់ចិត្តសម្រាប់ពន្លឺនៃភាពយុត្តិធម៌ដែលហាក់កប់បាត់រកពុំឃើញ តែនៅរំពឹងថា អាជ្ញាធរអាចវែកមុខរកឃាតករពិតមកផ្តន្ទាទោសនៅថ្ងៃណាមួយ។ ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថា ករណីនេះសមត្ថកិច្ចនៅតែបន្តស្វែងរកមុខឃាតករពិតមិនបានទម្លាក់ចោលនោះទេ។

លោក កែវ​ សុខា រាយការណ៍ពីព័ត៌មាននេះ

 

ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ស្អែកនេះ គឺជាគម្របខួបលើកទី១៨ឆ្នាំនៃឃាតកម្មបាញ់សម្លាប់មេសហជីពល្បីល្បាញនាកណ្តាលរាជធានីភ្នំពេញគឺលោក ជា វិជ្ជា។ ប៉ុន្តែ ពន្លឺនៃភាពយុត្តិធម៌សម្រាប់ក្រុមគ្រួសារសាច់ញាតិរបស់លោក ជា វិជ្ជា ហាក់កប់បាត់សូន្យឈឹង។

លោក ជា មុន្នី ជាអតីតមេសហជីពមួយរូបនឹងជាប្អូនប្រុសលោក ជា វិជ្ជា ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ថា លោកនៅតែទន្ទឹងរង់ចាំពន្លឺនៃភាពយុត្តិធម៌នៃឃាតកម្មមួយនេះរហូត បើទោះបីជាសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធហាក់ប្រងើយកន្តើយក្នុងការវែកមុខរកឃាតករពិតមកផ្តន្ទាទោសក៏ដោយ។ តែយ៉ាងណា លោកទទូចដល់សមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធត្រូវពន្លឿនស្វែងរកយុត្តិធម៌ក្នុងរឿងនេះ ដើម្បីបញ្ចៀសការរិះគន់និងការសង្ស័យពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិថា ការស្លាប់របស់លោក ជា វិជ្ជា មានជាប់ពាក់ព័ន្ធជាមួយមន្រ្តី​រដ្ឋាភិបាល។

លោក ជា មុន្នី៖«ចឹងមានន័យថា រដ្ឋាភិបាលមិនបានរក ឬក៏ខ្វះឆន្ទៈនៃការរក ចឹងជាចេតនាមួយបិទបាំងនៃឃាតកម្មលោក ជា វិជ្ជា នេះឯង។ចឹងទីបញ្ចប់អាចបញ្ចប់បានលុះត្រាតែការស្វែករកឃាតករពិតប្រាដកនេះឯង។ ចឹងដើម្បីជៀសវាងកុំឱ្យមានការចោទប្រកាន់ណាមួយពីក្រុមគ្រួសារ និងពីអង្គការជាតិ អន្តរជាតិឬពីមតិប្រជាពលរដ្ឋ កាតព្វកិច្ចរបស់គាត់គឺត្រូវរកឃាតករឱ្យឃើញ»។

ទាក់ទងរឿងនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វិទ្យុស្រ្តីយ៉ាងខ្លីថា រហូតមកដល់ពេលនេះសំណុំរឿងនេះនៅតែបន្តជានិច្ច ហើយសមត្ថកិច្ចនឹងបន្តស្វែងរកជនដែលបានប្រព្រឹត្តិមកទទួលទោស។ ​ដោយឡែកអ្នកនាំពាក្យក្រសួងយុត្តិធម៌មិនទាន់ទទួលទូរស័ព្ទតបរឿងនេះទេនៅរសៀលនេះ។

សម្រាប់ថ្ងៃស្អែកនេះលោក ជា មុន្នី ប្រាប់ថា នឹងមានថ្នាក់ដឹកនាំសហជីព រួមទាំងកម្មករមួយចំនួនផង នឹងមកប្រារព្ធពិធីរំលឹកដល់វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ដោយមានដាក់កំរងផ្កា និងអុចធូប នៅឯសួនច្បារវិមានឯករាជ្យដែលមានរូបសំណាកលោក ជា វិជ្ជា ធ្វើអំពីថ្មនៅទីនោះ។

សូមរំលឹកថា លោក ជា វិជ្ជា ជាប្រធានសហជីពល្បីល្បាញខាងការពារសិទ្ធិកម្មករកាត់ដេរ ត្រូវបានឃាតករបាញ់សម្លាប់ នៅខាងមុខតូបលក់កាសែតមួយស្ថិតនៅក្បែរវត្តលង្ការ។ ឃាតកម្មនាកណ្តាលរាជធានីភ្នំពេញដ៏ក៏ក្រើកមួយនេះ ធ្វើឱ្យអាជ្ញាធរបានបើកការស៊ើបអង្កេតយ៉ាងក្តៅគគុក ហើយឈានទៅចាប់ខ្លួនបុរស២នាក់ ឈ្មោះ ប៊ន សំណាង និងសុខ សំអឿន ដែលកាលណ្ណោះ មជ្ឈដ្ឋានមួយចំនួនយល់ថា អ្នកទាំងងពីរជាឃាតករសិប្បនិម្មិត។

តែក្រោយមក ប៊ន សំណាង និងសុខ សំអឿន ត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីខែកញ្ញាឆ្នាំ២០១៣។ យ៉ាងណា ការស្វែងរកឃាតករពិត នៅតែជាសំណូមពរដ៏ទទូចពីសំណាក់ក្រុមគ្រួសារលោក ជា វិជ្ជា និងសង្គមស៊ីវិលដដែលមកទល់ពេលនេះ៕

Share

ព័ត៌មានទាក់ទង

Image