អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យលោក ហ៊ាង ឬទ្ធី នៅតែបន្តដាក់ពាក្យ បណ្តឹងទៀតទៅសាលាឧទ្ធរណ៍ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បដិសេធសំណើសុំឱ្យផ្អាកសកម្មភាពគណបក្សរបស់លោក ម៉ម សូណង់ដូ។
លោក ហ៊ាង ឫទ្ធី អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានប្រាប់វិទ្យុស្ត្រីនៃWMC នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះថា លោកនឹងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត នៅថ្ងៃសុក្រស្អែកនេះ ដោយលើកទ្បើងថា មូលហេតុដែលលោកដាក់ពាក្យបណ្តឹងបន្តទៀតនេះ ពីព្រោះសាលា ដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់លោក ដែលសុំឱ្យផ្អាកសកម្មភាពគណបក្សសំបុកឃ្មុំជាបណ្តោះអាសន្ន។
លោកបន្តថាកាលពីថ្ងៃទី ១០ ខែវិច្ឆិកា កន្លងមកនេះ លោកបានចូលរួមសវនការពាក់ព័ន្ធនឹងការប្តឹងលោក ម៉ម សូណង់ដូ ដោយលោកបញ្ជាក់ថា ចៅក្រមប្រាប់គាត់ថាមិនអាចធ្វើតាមសំណូមពរលោកបានទេ ដោយមូលហេតុរឿងនេះវាពិបាកនិយាយណាស់។
លោកហ៊ាង ឫទ្ធី បានបង្ហាញគោលជំហររបស់គាត់ទៀតថា លោកនៅតែដាក់ពាក្យបណ្តឹងបន្តទៅសាលាឧទ្ធរណ៍ ដល់ទីបញ្ចប់ ពីការសុំឱ្យផ្អាកសកម្មភាពរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ «បាទ! ថ្ងៃសុក្រស្អែកនេះ ខ្ញុំប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចចៅក្រម ដែលសម្រេចមិនយល់ព្រមតាមសំណើរបស់ខ្ញុំ ផ្អាកសកម្មភាពគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបណ្តោះអាសន្ន ហ្នឹង គឺសុំផ្អាក គឺខ្ញុំសុំប្តឹងអញ្ចឹងបាទ! ខ្ញុំនឹងនៅតែបន្តរហូតដល់ទីបញ្ចប់ បើទោះបីជាខ្ញុំដឹងថាតុលាការនៅកម្ពុជាមិនឯករាជ្យក៏ដោយ»។
ទាក់ទងនឹងការដាក់ពាក្យប្តឹងរបស់លោក ហ៊ាង ឫទ្ធី នេះដែរ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យលោក
ម៉ម សូណង់ដូ បានប្រាប់វិទ្យុស្ត្រីនៃ WMC នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកានេះដែរថា លោកគ្រោងនឹងដាក់ពាក្យប្តឹងបកទៅលើលោក ហ៊ាង ឫទ្ធី វិញ ពីបទបរិហាកេរ្តិ៍។ ប៉ុន្តែលោក ម៉ម សូណង់ដូ ថាលោកនឹងពិចារណាជាមួយអ្នកគាំទ្រ និងអ្នកដែលធ្វើការជាមួយលោកសិន មុនពេលលោកសម្រេចថាប្តឹងបកទៅលើលោក ហ៊ាង ឫទ្ធី ដោយលោកថាមិនទាន់អាចកំណត់ពេលណាដែលត្រូវប្តឹងនោះទេ ព្រោះថាករណីនេះវាស្ថិតនៅក្នុងគម្រោងនៅទ្បើយ។
«ពូនៅមានការពិចារណាតើបន្តអ្វីដែលពូគ្រោងទុក បានន័យថាប្តឹងហ៊ាង ឫទ្ធី ទាក់ទង ទៅបទបរិហារកេរ្តិ៍ បើប្តឹងបរិហារកេរ្តិ៍មាន ពីរចំណុច ទីមួយ គាត់បានផ្សព្វផ្សាយនៅអាស៊ីសេរីនៅថ្ងៃទី០៧ ខែ១០ ថាពូដកលោក ហេលរី សំអាត ពីតំណែងអនុប្រធាន ហើយការពិតពូអត់បានដកទេ គាត់ធ្វើឱ្យព័ត៌មានហ្នឹងផ្សព្វផ្សាយពេញម៉ាពិភពលោក ហ្នឹង អាហ្នឹងជាការបរិហារកេរ្តិ៍មួយហើយ ទាក់ទងនឹងកិត្តិយសពូ ហើយនិងគណបក្ស ហើយទីពីរ ថាពូចំណាយអីផ្តេសផ្តាសអាហ្នឹងការបរិហារកេរ្តិ៍ទីពីរដែរ ពីព្រោះពូមិនមែនអ្នកកាន់លុយណា ពូជាប្រធាន ហើយបើសិនជាលុយចេញ លុយគឺទាក់ទងនឹងហិរញ្ញឹក»។
លោក ម៉ម សូណង់ដូ បានបន្តទៀតថាបើសិនជាលោកប្តឹង លោក ហ៊ាង ឫទ្ធី នោះ គឺលោក យកចំណុចទាំងពីរខាងលើយកទៅប្តឹង ដោយលោកបានបញ្ជាក់ថា លោកមិនចង់ប្តឹងឱ្យមានអ្នកណាជាប់ពន្ធនាគារនោះទេ ប៉ុន្តែលោកថា ប្រសិនបើគេនៅតែជាន់ជើងលោកទៀតនោះ លោកនឹងធ្វើការតតាំងត្រទ្បប់ទៅវិញហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ តុលាកន្លងមកនេះ លោក ហ៊ាង ឫទ្ធី បានដាក់ពាក្យប្ដឹងទៅសាលាដំបូងរាធានីភ្នំពេញ ឱ្យរំលាយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ដោយលោក ហ៊ាង ឫទ្ធី បានចោទលោក ម៉ម សូណង់ដូ ថាបានប្រព្រឹត្តអំពើពុករលួយ ចាយវាយថវិកាបក្សគ្មានតម្លាភាព ហើយជាមេដឹកនាំផ្ដាច់ការ៕