en     km
en     km

សវនាការលោក កឹម សុខា ត្រូវលើកពេល ខណៈមេធាវីរដ្ឋាភិបាលថាបើចង់បញ្ចប់រឿងឆាប់លុះត្រាជនជាប់ចោទទទួលស្គាល់កំហុស

Share

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានបន្តលើកពេលសវនាការលោក កឹម សុខា ទៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២២ បន្តទៀត ដោយសវនាការព្រឹកមិញនេះ តំណាងអយ្យការបានពិនិត្យភស្តុតាងវីដេអូតែបន្តិចប៉ុណ្ណោះ។ សហមេធាវីរបស់លោក កឹម​ សុខា យល់ថាការពន្យារពេលសវនាការកូនក្តីខ្លួនក្រោមមូលហេតុផ្សេងៗគឺជាការរំលោភច្បាប់និងសិទ្ធិកូនក្តី។ ទាក់ទងការលើកពេលសវនាការនេះ មេធាវីតំណាងរដ្ឋាភិបាលបន្ទោតាមការលើកឡើងរបស់តំណាងអយ្យការថា បើចង់បញ្ចប់រឿងក្តីបានឆាប់រហ័សលុះត្រាលោក កឹម សុខា ទទួលកំហុស។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញបានបន្តបើកសវនាការសំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឡើងវិញ បន្ទាប់ពីបានផ្អាកជិតពីរឆ្នាំដោយសារមូលហេតុរីករាលដាលនៃជំងឺកូវីដ-១៩។ សវនាការដែលបានប្រព្រឹត្តិទៅពីម៉ោង ៨ និង ៣០នាទីព្រឹក ហើយបានបញ្ចប់ទៅវិញនូវម៉ោងប្រហែល ១២ ថ្ងៃត្រង់វិញនោះ ទាំងអង្គអយ្យការនិងមេធាវីទាំងសងខាងបានលើកយកវីដេអូរបស់លោក កឹម សុខា ដែលថ្លែងនៅប្រទេសអូស្រ្តាលីរយៈពេលជាងមួយម៉ោង មកពិនិត្យ។ តែវីដេអូចាក់បង្ហាញបានត្រឹមតែជាង ២៥នាទីប៉ុណ្ណោះ តុលាការក៏សម្រេចបញ្ឈប់នឹងលើកទៅបន្តនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សប្តាហ៍ក្រោយ។

លោក អាង ឧត្តម មេធាវីមួយរូបក្នុងចំណោមសហមេធាវីរបស់លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសវនាការថា ការលើកពេលជំនុំជម្រះរឿងក្តីលោក កឹម សុខា ជាច្រើនលើកច្រើនសាក្រោមហេតុផលផ្សេងៗ លោកចាត់ទុកថា ជាការរំលោភច្បាប់និងសិទ្ធិកូនក្តីរបស់លោក។លោកយល់ថា តុលាការគួរបន្តសវនាការកូនក្តីគឺលោក កឹម សុខា ជារៀងរាល់ថ្ងៃនឹងបញ្ចប់ឱ្យបានឆាប់រហ័សព្រោះសំនុំរឿងនេះត្រូវខកខានសវនាការជិតពីរឆ្នាំមកហើយ។

លោក អាង ឧត្តម៖«យើងក៏ទទួលស្គាល់នៃការពន្យារពេលដែល តែការពន្យារពេលវាខុសច្បាប់អត់មាននីតិវិធីច្បាប់ចែងរកមូលដ្ឋានច្បាប់ណាអត់មាន។ យើងទទួលស្គាល់ករណីទូទៅនៃជំងឺកូវីដហ្នឹង តែតុលាការមិនបិទទូទៅណា តុលាការពេញស្រុកខ្មែរនៅដំណើរការ តែគេយកលេសថាគេដំណើរការតែអ្នកជាប់ឃុំ។ តែការពន្យារពេលនេះគឺប៉ះពាល់ដល់សិទ្ធិនៃការទទួលបានការជំនុំជម្រះដោយឆាប់រហ័ស ហើយសំន្នើរបស់យើងសូមឱ្យដាក់តារាកម្មវិធីឱ្យបានលឿនតែគាត់អត់ឆ្លើយ យើងចង់សួរគាត់បិទ បែរជាដាក់កម្មវិធីថ្ងៃ២៥មករា អាចហ្នឹងឆ្លើយតបតាមការចង់បានឆាប់រហ័សអត់»។

លោក អាង ឧត្តម មេធាវីមួយរូបក្នុងចំណោមសហមេធាវីរបស់លោក កឹម សុខា ។

 

ដោយឡែកលោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណីបានប្រាប់អ្នកសារព័ត៌មានតាមការលើកឡើងរបស់តំណាងអយ្យការថា ករណីរបស់លោក កឹម សុខា នេះបើសិនចង់បញ្ចប់រឿងបានឆាប់រហ័ស លុះត្រាតែជនជាប់ចោទទទួលមរណភាព។ ទី២៖ លុះត្រាតែមានសាលក្រមចូលជាស្ថាពរ និងករណីទី៣៖ គឺលោក កឹម សុខា ទទួលស្គាល់កំហុសថាខ្លួនពិតជាបានប្រព្រឹត្តិដូចការចោទប្រកាន់មែន។

លោក គី តិច៖«ជាពិសេសជនជាប់ចោទ កឹម សុខា មេធាវីការពារសិទ្ធិឱ្យ កឹម សុខា គឺគាត់ចង់ឱ្យមានការដាក់កាលវិភាគឬកម្មវិធីសវនាការឱ្យបានលឿន ហើយចង់ឱ្យឆាប់ចប់ តែពេលនោះតំណាងអយ្យការបានបំភ្លឺថា អារឿងចប់មានមធ្យោបាយឱ្យឆាប់ចប់ តែត្រូវអនុវត្តតាមច្បាប់។ ទីមួយការបញ្ចប់ក្នុងរឿងព្រហ្មទណ្ឌដោយសារជនជាប់ចោទទទួលមរណភាព។ទី២៖ការបញ្ចប់ដោយមានសាលក្រមស្ថាពរដោយការជម្រះសេចក្តី។និងទី៣៖ក៏ចប់លឿនដែលបើសិនជនជាប់ចោទទទួលស្គាល់ការពិត ទទួលស្គាល់កំហុស និងទទួលស្គាល់ទង្វើដែលគាត់បានធ្វើខុសនឹងច្បាប់»។

លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី។

 

​ឆ្លើយតបក្នុងរឿងនេះលោក អាង ឧត្តម និយាយថា លោក កឹម សុខា គ្មានប្រព្រឹត្តិទោសកំហុសដូចការចោទប្រកាន់ថាក្បត់ជាតិនោះទេ ដូច្នេះគ្មានឡើយការទទួលស្គាល់កំហុស។ យ៉ាងណាលោក អាង ឧត្តម ដាក់ជាសំនួរវិញថា បើសិនជាកូនក្តីលោកទទួលស្គាល់កំហុស តើមានលក្ខខ័ណ្ឌលើកលែងទោស និងបន្ថូរបន្ថយទោសសម្រាប់កូនក្តីរបស់លោកដែលឬទេ? 

លោក អាង ឧត្តម៖«អូខេបាន! តែដាក់លក្ខខ័ណ្ឌនិយាយគ្នាមកចប់លើកលែងទោសគាត់ទៅ ឬបន្ថូរសម្រាលទោសគាត់ទៅ! វាមិនត្រូវ ទទួលទោសយ៉ាងម៉េះបើគាត់អត់ទោសផងហ្នឹង វាមិនដែលទទួលស្គាល់សារភាពទោសហើយតុលាការដោះលែងទេ?»។

ចំណែកលោក ចាន់ ចេន សហមេធាវីមួយរូបទៀតរបស់លោក កឹម សុខា លើកឡើងថា រឿងក្តីមួយនេះមានភាពស្មុគស្មាញ​ ពិសេសសំនុំរឿងនេះទាក់ទងនឹងរឿងនយោបាយ។ លោកយល់ថា រឿងក្តីទាក់ទងនឹងបញ្ហានយោបាយបែបនេះ លុះត្រាតែដោះស្រាយតាមបែបនយោបាយទើបរឿងឆាប់ចប់។

លោក ចាន់ ចេន៖«នេះជាជម្លោះអ្នកនយោបាយ ហើយបើឱ្យអ្នកបច្ចេកដោះស្រាយហ្នឹងគឺពិបាកដោះមិនចេញទេ! ចឹងរឿងនេះត្រូវដោះស្រាយតាមផ្លូវនយោបាយ។ហើយបងប្អូនសួរថាមានសង្ឃឹមទេបើដោះស្រាយតាមបែបនយោបាយ យើងពិតជាមានសង្ឃឹម។ បើយើងបកក្រោយវិញ យើងឃើញហើយខ្មែរមានជម្លោះប្រដាប់អាវុធបាញ់គ្នាបង្ហូរឈាមខ្មែរនឹងខ្មែរ ប៉ុន្តែខ្មែរនៅតែអាចចូលតុចរចាជជែកគ្នាដោះស្រាយបញ្ចប់បញ្ហាបាន»។

លោក ចាន់ ចេន សហមេធាវីមួយរូបទៀតរបស់លោក កឹម សុខា ។

 

សវនាការលោក កឹម សុខា នៅព្រឹកមិញនេះមានការឃ្លាំមើលជាច្រើនពីសំណាក់សកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនបរិស្ថាន មន្រ្តីសិទ្ធិមនុស្សជាតិនិងអន្តរជាតិ និងអ្នកសារព័ត៌មានផងដែរ។ ដោយឡែកគេសង្កេតឃើញថា មានកងកម្លាំងសមត្ថកិច្ចជាច្រើននាក់ខ្លះឈរ ខ្លះអង្គុយដើម្បីត្រៀមរក្សាសន្តិសុខ ខណៈសមត្ថកិច្ចខ្លះបានជួយសម្រួលចរាចរផងដែរ។

លោក រ៉ុង ឈុន មេសហជីពល្បីល្បាញមួយរូបដែលបានមកឃ្លាំមើលសវនាការនាព្រឹកនេះយល់ថា លោក កឹម សុខា អាចទទួលបានការបន្ថូរបន្ថយទោស ឬកាត់តម្រឹមទោសខ្លះ ខណៈកម្ពុជានឹងក្លាយជាប្រធានប្តូរវេនអាស៊ាននានាពេលឆាប់ៗនេះ។ លោកដាក់ការសន្និដ្ឋានថា តុលាការទំនងមិនទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងនោះទេ ហើយអាចដាក់លោក កឹម សុខា នៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ ការយល់បែបនេះ ព្រោះហេតុថា លោក កឹម សុខា ជាដៃគូប្រកួតប្រជែងដ៏មានសក្តានុពលជាមួយបក្សកាន់អំណាច ដូច្នេះមិនអាចប្រលែងឱ្យលោក កឹម សុខា អាចធ្វើនយោបាយបានដោយងាយនោះទេ។  

លោក រ៉ុង ឈុន៖«ហើយគេមិនព្រលែងសេរីភាពឱ្យបង កឹម សុខា បានមួយរយភាគរយទេ ព្រោះវាជាហានិភ័យនៅពេលដែលគាត់ទៅបូកជាមួយបក្សដែលមានសក្តានុពលដែលអាចប្រកួតជាមួយគណបក្សប្រជាជនបាន នោះធ្វើឱ្យកម្លាំងមានទ្វេដងតែម្តង។ហើយបើខ្ញុំមើលឃើញគេមិនអាចឱ្យគាត់មានសេរីភាពពេញលេញត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យណាមួយ»។

លោក រ៉ុង ឈុន មេសហជីពល្បីល្បាញមួយរូប។

 

​សូមរំលឹកថា លោក កឹម សុខា ត្រូវ​បានចាប់​ខ្លួន​ទាំង​កម្រោល នៅ​រំលង​អាធ្រាត្រ​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ ២០១៧។ លោក​ត្រូវ​តុលាការ​ចោទ​ពី​បទ​សន្និដ្ឋិភាពជាមួយបរទេសឬទោសក្បត់ជាតិដែលត្រូវរ៉ូវគ្នា​ជា មួយ​បរទេស​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល តាមរយៈវីដេអូដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលីក្នុងជំនួបជាមួយអ្នកគាំទ្រ។ សម្រាប់មេធាវីការពារក្តីលោក កឹម សុខា វីដេអូរយៈពេលជាងមួយម៉ោងនេះ ជាភស្តុតាងដោះបន្ទុកកូនក្តីមួយយ៉ាងសំខាន់ ព្រោះកន្លងមក វីដេអូមួយនេះត្រូវបានកាត់ជាចំណែកៗយកមកធ្វើជាមូលដ្ឋាននៃការចោទប្រកាន់លោក កឹម សុខា ដែលមិនបានឆ្លុះបញ្ចាំងពីខ្លឹមសារពិតនៃការថ្លែងនោះ។

​លោក កឹម សុខា ដែលបន្ទាប់មកត្រូវតុលាការចោទប្រកាន់លោកត្រូវ​បាន​ឃុំ​ខ្លួននៅ​គុក​ត្រពាំង​ផ្លុងជាប់​ព្រំដែន​វៀតណាមជាង​មួយ​ឆ្នាំ។ ហើយក្រោយ​មក លោកត្រូវបាន​​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ជាង​មួយ​ឆ្នាំ​ទៀត  ដោយតុលាការ ហាម​លោកមិនឪ្យធ្វើ​សកម្មភាព​នយោបាយ និងទៅ​ក្រៅ​ប្រទេសនោះទេ៕

Share

Image
Image
Image