en     km
en     km

បទយកការណ៍៖ កូដករណាហ្គាវើលដ៍ខ្លះដាច់ចិត្តលក់ម៉ូតូ គ្រឿងអលង្ការ ​បន្តកូដកម្មតតែទទួលបានដំណោះស្រាយ

Share

ភ្នំពេញ៖ ដើម្បីភាពយុត្តិធម៌ និងដើម្បីជាគំរូក្នុងការតស៊ូមតិការពារសហជីព កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ខ្លះសុខចិត្តលក់ម៉ូតូ ខ្លះលក់គ្រឿងអលង្ការ ដើម្បីចាយវាយប្រចាំថ្ងៃនិងបន្តសកម្មភាពធ្វើកូដកម្មរបស់ខ្លួន។ កូដករណាហ្គាវើលដ៍ខ្លះត្អូញត្អែរថា ជីវភាពរបស់ពួកគេកាន់តែធ្លាក់ដុនដាបបន្ទាប់ពីបាត់បង់ការងារ គ្មានប្រាក់ចំណូល ព្រោះត្រូវចេញតវ៉ាជារៀងរាល់ថ្ងៃដើម្បីស្វែងរកដំណោះស្រាយ។

បើទោះបីជាជួបប្រទះបញ្ហាជីវភាពយ៉ាងណាក្តី តែក្រុមកូដករនៅតែរក្សាជំហរបន្តដំណើរទៅមុខទៀត ដើម្បីស្វែងរកភាពយុត្តិធម៌ជូនតំណាងរបស់ពួកគេដែលកំពុងជាប់ឃុំឃាំង។

តទៅនេះសូមនាងកញ្ញ លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ!

 

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ជាពេលវេលាមួយខែពេញដែលសមាជិកសហជីពនិងបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍បានចេញធ្វើកូដកម្មដើម្បីស្វែងដំណោះស្រាយវិវាទការងារ និងការដោះលែងតំណាងរបស់ខ្លួនចំនួន ៨ រូបដែលកំពុងជាប់ឃុំឃាំង។

ការអូសបន្លាយពេលចេញតវ៉ាកាន់តែយូរ កូដករស្រ្តីមួយចំនួនកាន់តែជួបប្រទះការលំបាកផ្នែកជីវភាព អ្នកខ្លះអស់ប្រាក់ដែលបានសន្សំទុកក៏ដាច់ចេញលក់សម្ភារៈមានតម្លៃដូចជាម៉ូតូ គ្រឿងអលង្ការ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផង និងដើម្បីបន្តសកម្មភាពចេញតវ៉ាធ្វើកូដកម្មផង។

នេះជាការលើកឡើងរបស់ក្រុមកូដករដែលបានចេញដាក់ញត្តិតាមស្ថានទូតបរទេសនានាក្នុងរាជាធានីភ្នំពេញដើម្បីស្នើដល់ខាងស្ថានទូតជួយអន្តរាគមន៍រកដំណោះស្រាយជូនពួកគេរយៈពេលពីរថ្ងៃជាប់ៗគ្នានេះ។

សកម្មភាពធ្វើកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍។

 

អ្នកស្រី សោម ចាន់លក្ខិណា បុគ្គលិកណាហ្គាវើលដ៍មួយរូបដែលទើបទទួលការវះកាត់ផងបានរាប់រៀបដោយត្អូញត្អែរពីការលំបាកនានាក្នុងផ្នែកជីវភាពបន្ទាប់ពីវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍បានផ្ទុះឡើងជាងមួយឆ្នាំ។ អ្នកស្រីត្រូវចំណាយលើថ្លៃថ្នាំ ការហូបចុចរបស់កូនចៅក្នុងបន្ទុកគ្រួសារ និងការបង់ថ្លៃទឹក ថ្លៃអគ្គិសនី និងថ្លៃបន្ទប់ជួល ខណៈការចំណាយទាំងអស់នេះ អ្នកស្រីបានពឹងផ្អែកលើចំណូលរបស់ប្តីដែលរត់កង់បីឥណ្ឌាទាំងស្រុង។

ប៉ុន្តែបើទោះបីជាត្រូវពិបាកផ្នែកជីវភាពយ៉ាងណាក្តី តែអ្នកស្រីនៅតែរក្សាជំហរចេញតវ៉ាទាមទាររហូតតតែមានដំណោះស្រាយសមរម្យ ពិសេសគឺការដោះលែងតំណាងសហជីពណាហ្គាវើលដ៍ត្រឡប់មកវិញ។

អ្នកស្រី សោម ចាន់លក្ខិណា បុគ្គលិកណាហ្គាវើលដ៍បានចូលរួមដាក់ញត្តិនៅព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២២។

 

មិនខុសពីបុគ្គលិកណាហ្គាផ្សេងទៀតនោះទេ អ្នកស្រី សុខ រតនា ដែលចូលរួមការធ្វើកូដកម្មជារៀងរាល់ថ្ងៃក៏បានលើកឡើងពីបញ្ហាជីវភាពក្នុងអំឡុងពេលបាត់បង់ការងារ ខណៈអ្នកស្រីកំពុងមានជំងឺប្រចាំកាយត្រូវចំណាយលើថ្លៃថ្នាំជារៀងរាល់ខែនិងការចំណាយផ្សេងៗទៀត។ អ្នកស្រី រតនា បន្ថែមថា ក្នុងអំឡុងពេលបាត់បង់ការងារពីកាស៊ីណូណាហ្គាវើលដ៍ និងមិនអាចបើកអាជីវកម្មរកស៊ីបានព្រោះបញ្ហាជំងឺកូវីដ១៩ ផង អ្នកស្រីបានលក់របស់របរព្រទ្យសម្បត្តិដែលមានតម្លៃដែលសន្សំបានកាលពីមុនដើម្បីដោះស្រាយការចំណាយប្រចាំថ្ងៃ។

អ្នកស្រី សុខ រតនា បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។

 

​រយៈពេលពីរថ្ងៃនេះបុគ្គលិកណាហ្គាវើលដ៍ប្រហែល ៣០ នាក់ដែលភាគច្រើនជាស្រ្តីបាននាំយកញត្តិដាក់តាមស្ថានទូតបរទេសនានានៅពេលព្រឹក ដើម្បីសុំកិច្ចអន្តរាគមន៍ក្នុងវិវាទរបស់ពួកគេ និងស្នើដល់ទូតជួយអន្តរាគមន៍ដល់រដ្ឋាភិបាលឱ្យមានការដោះលែងតំណាងរបស់ពួកគេទាំង៨នាក់ត្រឡប់មកវិញ។

ដោយឡែកនៅពេលរសៀលពួកគេមកជួបជុំគ្នាធ្វើកូដកម្មនៅក្បែរស្ថានទូតអូស្ត្រាលី ព្រោះពួកគេត្រូវបានសមត្ថកិច្ចដាក់ប៉ារ៉ាស់រារាំងមិនឱ្យទៅតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។

វិវាទការងាររវាងបុគ្គលិកនិងក្រុមហ៊ុនណាហ្គាវើលដ៍នេះបានអូសបន្លាយពេលតាំងពីខែឧសភាឆ្នាំ២០២១មកម្ល៉េះ។ ការដោះស្រាយវិវាទរវាងបុគ្គលិកនិងភាគីក្រុមហ៊ុនមិនអាចដោះស្រាយត្រូវរូវគ្នាជាច្រើនលើកព្រោះភាគីនីមួយៗសុទ្ធតែប្រកាន់ជំហររឹងត្អឹងរៀងៗខ្លួន។​ ហើយវិវាទមួយនេះក៏ត្រូវបានដោះស្រាយនៅក្រសួងការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងសាលារាជធានីភ្នំពេញផងដែរ តែសុទ្ធតែត្រូវរងបរាជ័យ។

ក្រុមកូដករដាក់ញត្តិនៅស្ថានទូតអូស្ត្រាលីនៅព្រឹកមិញនេះ។

 

ខាងកូដករបានដាក់លក្ខខ័ណ្ឌចំនួន ៩ ចំណុចដែលក្នុងនោះទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកជាង៣៦៥នាក់ចូលធ្វើការវិញ និងដោះស្រាយប្រាក់ផ្សេងសម្រាប់បុគ្គលិកដែលត្រូវកាត់ចេញពីក្រុមហ៊ុន។

លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្សរបស់អង្គការសង់ត្រាល់​ដែលបានឃ្លាំមើលវិវាទមួយនេះយល់ថា ដើម្បីអាចដោះស្រាយវិវាទមួយនេះបានតួអង្គអាជ្ញាកណ្តាលដែលចូលមកត្រូវប្រកាន់ជំហរអព្យាក្រឹត្យ កុំលម្អៀងទៅភាគីណាមួយទើបវិវាទមួយនេះអាចដោះស្រាយបាន។

សម្រាប់ក្រុមកូដករនិយាយជារួម និងសម្រាប់អ្នកស្រីរតនា និយាយដោយឡែក គឺមិនមានការរាថយនោះឡើយក្នុងការតស៊ូមតិទាមទាររកដំណោះស្រាយបន្តទៀត ព្រោះការទាមទារលើកនេះអាចជាគំរូសម្រាប់មនុស្សជំនាន់ក្រោយ ដែលបង្ហាញពីការការពារសហជីព​ ការពារផលប្រយោជន៍កម្មករ៕

 

Share

ព័ត៌មានទាក់ទង

Image