en     km
en     km

ពលរដ្ឋ​ខេត្តកោះកុង​រក​អន្តរាគមន៍​ពី​រដ្ឋសភា​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​

Share

ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​នៅកំពង់ផែ​សង់​ថ្មី​មួយ​កន្លែង​របស់​ក្រុមហ៊ុនចិន យូញៀន ឌីវែលឡប់មិនត៍ គ្រុប ខូអែលធីឌី / រូបភាពតំណាង៖ RFA
ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​នៅកំពង់ផែ​សង់​ថ្មី​មួយ​កន្លែង​របស់​ក្រុមហ៊ុនចិន យូញៀន ឌីវែលឡុបមិនត៍ គ្រុប ខូអែលធីឌី / រូបភាពតំណាង៖ RFA

ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ប្រមាណ​ ៥០​ នាក់​មក​ពី​ ស្រុក​គិរី​សាគរ​ និង​ស្រុក​បុ​ទុម​សាគរ​ ខេត្តកោះកុង​ បាន​ឡើង​មក​រាជធានី​ភ្នំពេញ​ ដើម្បី​មក​ដាក់​ញត្តិ​នៅ​រដ្ឋ​សភាជាតិ​ ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ ជាមួយ​ក្រុមហ៊ុន​ ចិន​ យូ​ញៀន​ ឌី​វែ​ល​ឡុប​មិន​ត៍​ គ្រុប​ ខូ​អែ​ល​ធី​ឌី​ (Union​ Development​ Group​ Co.,​ Ltd)​  នា​ព្រឹក​ថ្ងៃ​ទី​ ១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៥​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​ បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គេ​។​

​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ប្រមាណ​ ៥០​ នាក់​មក​ពី​ភូមិ​ពយ​ជប៉ុន​ ឃុំ​កោះ​ស្តេច​ ស្រុក​គី​រី​សាគរ​ និង​ស្រុក​បុ​ទុម​សាគរ​ ខេត្តកោះកុង​ បាន​ឡើង​មក​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិ​នៅ​រដ្ឋ​សភាជាតិ​ ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ ដែល​ប្រជាពលរដ្ឋ​ចោទ​ថា​ មិន​បាន​ផ្តល់​សំណង់​សមរម្យ​ ចំពោះ​ផល​ប៉ះពាល់​ទៅ​លើ​ពួក​គេ​។​

​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ម្នាក់​គឺ​ លោក​ ជួន​ ជុំ​ មាន​អាយុ​ ៦៣​ ឆ្នាំ​ បានឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​កូន​កុក​ ប្រមាណ​ ៤២​ គ្រួសារ​ រង​ផល​ប៉ះពាល់​ដីធ្លី​ជាង​ ១០០​ ហិ​កតា​ ជាមួយ​ក្រុមហ៊ុន​ចិន​ ឈ្មោះ​ យូ​ញៀន​ ឌី​វែ​ល​ឡុប​មិន​ត៍​ គ្រុប​ ខូ​អែ​ល​ធី​ឌី​ តាំងពី​ឆ្នាំ​ ២០១០​មក​ម្ល៉េះ​។​

​លោក​ ជួន​ ជុំ​ បន្ត​ថា​ ប្រជាពលរដ្ឋ​អស់ជំនឿ​ទៅ​លើ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ ដែល​មិន​អាច​ជួយ​ ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គេ​បាន​ ទើប​ប្រជាពលរដ្ឋ​បាន​លើកគ្នា​ប្រមាណ​ ៥០​ នាក់​ មក​ ដាក់​ ញ្ញត្តិ​នៅ​ រដ្ឋសភា​ជាតិ​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​។​ លោក​និយាយ​ថា​៖​ «​បាទ​!​ តាម​ការ​ពិត​ ទៅ​ចំពោះ​ខាង​តំបន់​កូន​កុក​របស់ខ្ញុំ​ ប្រជា​សហគមន៍​ ៤២​ គ្រួសារ​ មាន​សំណូមពរ​សុំ​ឱ្យ​ក្រុមហ៊ុន​ កុំ​យក​ដី​បន្ត​ទៅ​ទៀត​ ហើយ​សល់​ដី​ប៉ុន្មាន​សុំ​វិញ​ និង​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ធ្វើ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប់ច្បាប់​ កុំឱ្យ​ក្រុមហ៊ុន​យក​តទៅ​ទៀត​»​។​

​ចំណែក​ពលរដ្ឋ​រង​គ្រោះ​ម្នាក់​ទៀត​ លោក​ ប៊ុ​ន​ នី​ម​ អាយុ​ ៥៣​ ឆ្នាំ​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ យូ​ញៀន​ ឌី​វែ​ល​ឡុបមិន​ត៍​ គ្រុប​
ខូ​អែ​ល​ធី​ឌី​ បាន​បណ្តេញ​ប្រជាពលរដ្ឋ​ទាំង​បង្ខំ​ ដោយ​ពុំ​បាន​ផ្តល់​សំណង​សមរម្យ​ឡើយ​។​ លោក​ នី​ម​ បន្ត​ថា​ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ខ្វៀល​ដី​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ ស្ថិត​នៅ​ក្នុងភូមិ​កោះ​ស្តេច​ ឃុំ​កោះ​ស្តេច​ ស្រុក​គី​រី​សាគរ​ និង​ស្រុក​បុ​ទុម​សាគរ​ ខេត្តកោះកុង​ ដើម្បី​ពួក​គាត់​អាច​បង្កបង្កើន​ផល​តទៅ​ទៀត​។​

​លោក​ ប៊ុ​ន​ នី​ ថា​៖​ «​ខ្ញុំ​សុំ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ខ្វៀល​ដី​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ ធ្វើស្រែ​ ធ្វើ​ចម្ការ​។​ មក​រស់នៅ​ដី​ថ្មី​ធ្វើ​អ្វី​បាន​?​ មក​នៅ​លើ​ភ្នំ​ ធ្វើ​ចម្ការ​បាន​តែ​ ១​ រដូវ​ទេ​ អស់ពី​ហ្នឹង​ទៅ​អត់​ [​អត់​]​មាន​អ្វី​ធ្វើ​ទេ​»​។​

​តំណាង​ប្រជាពលរដ្ឋ​រង​គ្រោះ​អ្នកស្រី​ ភួ​ តាំង​គាន​ ដែល​ចូល​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ កាល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២​ ខែវិច្ឆិកា​ បានឱ្យ​ដឹង​ថា​ សមាជិក​រដ្ឋសភា​ម្នាក់​គឺ​ អ្នកស្រី​ ឡោក​ ខេ​ង​ បាន​ទទួល​ញត្តិ​ពី​តំណាង​ពលរដ្ឋ​ ដោយ​បាន​សន្យា​ថា​ រដ្ឋសភា​នឹង​ជួយ​ជំរុញ​បន្ថែម​ទៀត​ ទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​ សាយ​ សំ​អាល់​ ឱ្យ​អង្កេត​លើ​បញ្ហា​ដីធ្លី​ ស្ថិត​នៅ​ក្នុងស្រុក​គី​រី​សាគរ​ និង​ស្រុក​បុ​ទុម​សាគរ​ ខេត្តកោះកុង​នេះ​ឱ្យ​បាន​ឆាប់ៗ​។​

​អ្នកស្រី​ តាំង​គាន​ បន្ត​ថា​ នៅ​ក្នុង​ញត្តិ​ដាក់​ជូន​រដ្ឋសភា​ព្រឹក​មិ​ញ​នេះ​គឺ​ ស្នើ​ឱ្យ​រដ្ឋសភា​ ជួយ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ និង​សាងសង់​អាគារ​របស់​ក្រុមហ៊ុន​ចិន​ យូ​ញៀន​ ឌី​វែ​ល​ឡុប​មិន​ត៍​ គ្រុប​ ខូ​អែ​ល​ធី​ឌី​ ជា​បណ្តោះអាសន្ន​សិន​។

​អ្នកស្រី​ តាំង​គាន​ និយាយ​ថា​៖​ «​សំណើ​របស់​យើង​សុំ​ឱ្យ​កាត់​ខ្វៀល​ដី​ ហើយ​ផ្អាក​ការ​ឈូស​ឆាយ​ កុំ​សាងសង់​សំណង់​លើ​ដី​របស់ខ្ញុំ​។​ ក្រុមហ៊ុន​ហ្នឹង​ពេល​ប្រជាពលរដ្ឋ​តវ៉ា​ គេ​មិន​ផ្អាក​ការ​ឈូស​ឆាយ​ទេ​ ហើយ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ ហើយ​វា​កំពុង​តែ​ដាក់​សំណង់​ ខួង​ដី​ ដើម្បី​សង់​សំណង់​លើ​ដី​របស់ខ្ញុំ​ ខ្ញុំ​អត់​ចង់​មាន​អាគារ​មាននៅ​លើ​ដី​ជម្លោះ​ទេ​»​។​

​សូម​បញ្ជាក់​ថា​ ប្រជា​ពលរ​ដរ​ង​ផល​ប៉ះពាល់​ដីធ្លី​ចំនួន​ ៣១៨​ គ្រួសារ​ នៅ​ក្នុង​ឃុំ​ចំនួន​ ៥​ មាន​ឃុំ​ព្រែក​ខ្សាច់​ ឃុំ​ព្រៃ​មាស​ ឃុំ​កោះ​ស្តេច​ ឃុំ​តា​នូ​ និង​ឃុំ​ថ្ម​ស​ ស្ថិត​នៅ​ក្នុងស្រុក​គី​រី​សាគរ​ និង​ស្រុក​បុ​ទុម​សាគរ​ ខេត្តកោះកុង​ បាន​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន​ នោះ​លើ​ផ្ទៃដី​សរុប​ជាង​ ៣​ ពាន់​ ៦​ រយ​ ហិ​កតា​ ជា​ដី​ភូមិ​ ដីស្រែ​ និង​ដីចម្ការ​ របស់​ប្រជាពលរដ្ឋ​៕

Share

ព័ត៌មានទាក់ទង

Image