en     km
en     km

កូដករណាហ្គាវើលដ៍រំពឹងមានដំណោះស្រាយឆាប់ៗបន្ទាប់ពីដាក់ញត្តិតាមស្ថានទូតនានាព្រឹកមិញ

Share

ភ្នំពេញ៖ ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ដាក់ការរំពឹងទុកថា ស្ថានទូតបរទេសនានានឹងអាចជួយដោះស្រាយវិវាទនិងមានកិច្ចអន្តរាគមន៍ដោះលែងតំណាងរបស់ពួកគេទាំង៨នាក់ដែលកំពុងជាប់ឃុំ។ ការរំពឹងទុកនេះ បន្ទាប់ពីពក្រុមកូដករនៅព្រឹកថ្ងៃទី១៧ ខែមករាឆ្នាំ២០២២នេះ បាននាំយកញត្តិដាក់តាមស្ថានទូតបណ្តាប្រទេសមហាអំណាច និងស្ថានទូតប្រទេសលោកសេរីមួយចំនួន។ មន្រ្តីសង្គមស៊ីវិលដែលឃ្លាំមើលបញ្ហានេះមានសុទិដ្ឋិនិយមថា ការដាក់ញត្តិបែបនេះជាជម្រើសមួយល្អក្នុងការដាក់សម្ពាធដល់រដ្ឋាភិបាលដើម្បីជំរុញឱ្យមានដំណោះស្រាយមួយសមរម្យ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

នៅព្រឹកថ្ងៃទី១៧ ​ខែមករា ឆ្នាំ២០២២នេះ សមាជិកសហជីពនិងបុគ្គលិកក្រុមហ៊ុនណាហ្គាវើដល៍ប្រហែល ៥០នាក់ តំណាងឱ្យបុគ្គលិកជាងមួយពាន់នាក់ បាននាំយកស្នាមមេដៃនិងញត្តិរបស់ពួកគេប្រគល់ជូនស្ថានទូតបរទេសនានា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជំរុញឱ្យមានការដោះស្រាយវិវាទ និងការដោះលែងតំណាងរបស់ខ្លួនចំនួន ៨ នាក់មកវិញ។

សមាជិកសហជីពនិងជាបុគ្គលិកណាហ្គាវើសដ៍កញ្ញា អ៊ុក សុភ័ក្រម៉ូនីកា ប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលក្រុមកូដករ ណាហ្គាវើលដ៍ដាក់ញត្តិតាមស្ថានទូតបរទេសបែបនេះ ព្រោះការដោះស្រាយវិវាទនៅស្ថាប័នពាក់ព័ន្ធមួយចំនួនសុទ្ធតែត្រូវបរាជ័យ។ មួយទៀត ការដាក់ញត្តិនេះដើម្បីឱ្យស្ថានទូតនានាដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ជួយអន្តរាគមន៍ដោះលែងតំណាងរបស់ពួកគេទាំង ៨នាក់ និងសុំឱ្យស្ថានទូតទាំងនោះជួយចូលរួមតាមដានឃ្លាំមើលការធ្វើកូដកម្ម និងចូលសួរសុខទុកតំណាងរបស់ពួកគេក្នុងពន្ធនាគារ។

តំណាងក្រុមកូដករណាហ្គាវើលដ៍ដាក់ញត្តិនៅស្ថានទូតបារាំង។

 

មួយវិញទៀតកញ្ញា អ៊ុក សុភ័ក្រម៉ូនីកា រំពឹងថា បណ្តាស្ថានទូតនានាអាចដាក់សម្ពាធដល់រដ្ឋាភិបាលឈានទៅរកដំណោះស្រាយ ព្រោះកម្ពុជាជាសមាជិកនៃប្រទេសចុះហត្ថលេខីលើបញ្ហាសិទ្ធិមនុស្សនិងសិទ្ធិការងារ។ ដូច្នេះពេលមានបញ្ហារំលោភសិទ្ធិមនុស្ស ឬសិទ្ធិការងារ នោះរដ្ឋាភិបាលកម្ពុជាត្រូវតែជួយដោះស្រាយ។

កញ្ញា អ៊ុក សុភ័ក្រម៉ូនីកា៖«ពួកខ្ញុំសង្ឃឹមថា ស្ថានទូតទាំងអស់នឹងជួយអន្តរាគមន៍ ព្រោះថាយើងធ្វើអត់មានខុសច្បាប់អ្វីទាំងអស់ ហើយយើងធ្វើដើម្បីតែការពារតែសិទ្ធិកន្លែងការងារ។ហើយដោយមានអង្គការអន្តរជាតិILO គាត់បានផ្តលអាជ្ញារប័ណ្ណមកឱ្យយើងដែល ហើយយើងធ្វើក៏គោរពច្បាប់ជាតិ និងអន្តរជាតិ តែនៅឡើយមិនទាន់មានដំដោះស្រាយ។ ចឹងមានតែជំរុញឱ្យអង្គទូតទាំងអស់ដែលគាត់មានការសហការជាមួយគ្នា ហើយហ្នឹងគាត់មានស្តារសិទ្ធិមនុស្ស សិទ្ធិការងារ គឺគាត់ជួយជំរុញ»។

នៅពេលមិញនេះក្រុមកូដករប្រមាណ៥០ នាក់តំណាងឱ្យក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ជាងមួយពាន់នាក់បាននាំយកញត្តិនៅស្ថានទូតបារាំង ចក្រភពអង់គ្លេស កាណាដា អាឡឺម៉ង់ សិង្ហបុរី និងទូតសហគមន៍អឺរ៉ុប ដែលគម្រោងនឹងបន្តនៅថ្ងៃស្អែកទៀតឱ្យគ្រប់ចំនួន ១៤ ស្ថានទូត។ ក្នុងចំណោមស្ថានទូតទាំង៦ ខាងលើ មានតែទូតសហគមន៍អឺរ៉ុបនោះទេ ដែលអនុញ្ញាតឱ្យតំណាងក្រុមកូដករចូលជួបនឹងសួរនាំពីរឿងរ៉ាវដែលបានកើតឡើង ចំណែកទូតផ្សេងៗគ្រាន់តែទទួលយកញត្តិធម្មតាប៉ុណ្ណោះ។

កញ្ញា អ៊ុក សុភ័ក្រម៉ូនីកា បញ្ជាក់ថា ខាងទូតអឺរ៉ុបបានសួរនាំពីវិវាទមួយនេះ និងច្បាប់មួយចំនួនដែលអាចដកសហជីពបាន។ កញ្ញាម៉ូនីកា ប្រាប់បន្លែមទៀតថា ខាងទូតអឺរ៉ុបបានសន្យាជួយដោះស្រាយបញ្ហាមួយនេះឱ្យបានឆាប់រហ័ស។

កញ្ញា ម៉ូនីកា បង្ហាញញត្តិដល់អ្នកសារព័ត៌មាននៅមុខស្ថានទូតអាមេរិក។

 

ទាក់ទងក្នុងរឿងនេះដែរ លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្សរបស់អង្គការសង់ត្រាល់មានសុទិដ្ឋិនិយមថា វិវាទការងារនេះនឹងអាចដោះស្រាយបានឆាប់រហ័សបន្ទាប់ពីមានការដាក់ញត្តិទៅស្ថានទូតនានាឱ្យជួយអន្តរាគមន៍ក្នុងរឿងនេះ។ ការលើកឡើងបែបនេះ ព្រោះលោក ឃុន ថារ៉ូ យល់ថា វិវាទរបស់ក្រុមហ៊ុនណាហ្គាវើលដ៍នេះជាវិវាទមួយរំលោភលើសិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ ដូច្នេះក្នុងនាមកម្ពុជាជាហត្ថលេខីនៃអនុសញ្ញាស្តីពីការងារនិងសិទ្ធិមនុស្សនានា គឺត្រូវមានកាតព្វកិច្ចដោះស្រាយករណីនេះឱ្យបានល្អ។

លោក ឃុន ថារ៉ូ ៖«ចឹងមានន័យថា វិវាទការងាររបស់ណាហ្គានេះ វាជាវិវាទការងារមួយដែលមើលទៅជាទម្រង់វិវាទការងារដែលធំ ហើយវាឆ្លុះបញ្ចាំងអំពីការរំលោភសិទ្ធិការងារធ្ងន់ធ្ងរនៅក្នុងការលុបបំបាត់មិនឱ្យមានសហជីពនៅកន្លែងការងារ។ ហើយប្រវត្តិណាហ្គាវើលដ៍នេះ គឺធ្លាប់បានរំលោភនូវសិទ្ធិការងារពិសេស​ការរំលាយសហជីពនេះជាច្រើនលើកច្រើនសាហើយនៃចេតនាហ្នឹង។ហើយរឿងដែរថាគាត់ដាក់ញត្តិអីនេះ ជាផ្នែកមួយនៃការស្វះស្វែងនៃកិច្ចអន្តរាគមន៍ ចឹងនៅក្នុងកម្រិតដែលអាចមានសម្ពាធណាមួយដែលគាត់អាចបានតាមយន្តការអន្តរជាតិ ខ្ញុំគិតថា វានឹងអាចជួយជំរុញដល់រដ្ឋាភិបាលដើម្បីគិតគូខំប្រឹងប្រែងឱ្យដោះស្រាយវិវាទការងារនេះក្នុងពេលឆាប់ៗនេះ»។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់។រូបភាពពីហ្វេសប៊ុកលោក ឃុន ថារ៉ូ។

 

ការដាក់ញត្តិពីក្រុមកូដករណាហ្គាវើលដ៍នេះ ក៏ស្ថិតក្រោមការឃ្លាំមើលនិងពិនិត្យតាមដានពីក្រុមអង្គការមួយចំនួន និងពីសំណាក់ក្រុមសមត្ថកិច្ចជាច្រើននាក់ផងដែរ ប៉ុន្តែពុំមានបាតុភាពប៉ះទង្គិចគ្នាអ្វីកើតឡើងនោះទេ។

ជាការកត់សម្គាល់ ការដាក់ញត្តិរបស់ក្រុមកូដករណាហ្គាវើដល៍នេះ កើតឡើងបន្ទាប់ពីការដោះស្រាយវិវាទរវាងបុគ្គលិកនិងក្រុមហ៊ុនណាហ្គាវើលដ៍សុទ្ធតែត្រូវបរាជ័យ។ ដោយឡែកក្រសួងការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាលនិង នៅសាលារាជធានីភ្នំពេញក៏មិនទាន់អាចសម្របសម្រួលដោះស្រាយវិវាទមួយនេះបាននៅឡើយដែរ។ មួយវិញទៀត ការដាក់ញត្តិនេះស្របពេលដែលតំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ចំនួន ៨ នាក់ក្នុងត្រូវបានចាប់ខ្លួននិងកំពុងជាប់ឃុំឃាំងបណ្តុះអាសន្នក្រោមការចោទប្រកាន់ពីបទញុះញង់។

ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍បញ្ជាក់ជំហរថា ដើម្បីឱ្យពួកគេចូលតុចរចាលុះត្រាតែដោះលែងតំណាងរបស់ពួកគេត្រឡប់មកវិញ ពុំដូច្នោះទេ ក្រុមកូដករនឹងនៅតែបន្តចេញធ្វើកូដកម្មរាល់ថ្ងៃរហូតតតែមានដំណោះស្រាយសមសមរម្យ៕

Share

Image
Image
Image