en     km
en     km

អគ្គលេខាធិការ អ.ស.ប ស្នើឲ្យឈប់បង្កករូបិយវត្ថុនៅអាហ្វហ្កានីស្ថាន

Share

លោក អង់តូនីញ៉ូ ហ្គុតទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្នើឱ្យបញ្ឈប់ការបង្កករូបិយវត្ថុនៅអាហ្វហ្គានីស្ថាន ដើម្បីសង្គ្រោះជីវិតនិងសេដ្ឋកិច្ច ក៏ដូចជាដើម្បីបើកប្រាក់ខែឱ្យបុគ្គលិករដ្ឋ។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុតទែរ៉េស បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ឱ្យផ្អាកវិធានការដែលរារាំងការប្រើប្រាស់រូបិយវត្ថុនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

សំណើរបស់លោក ហ្គុតទែរ៉េស ធ្វើឡើងក្នុងគោលបំណងសង្គ្រោះជីវិតប្រជាជននិងសេដ្ឋកិច្ច ព្រមទាំងសម្រាប់បើកផ្លូវអនុញ្ញត​ឱ្យប្រើប្រាស់ដោយមានលក្ខខណ្ឌ នូវរូបិយវត្ថុបម្រុងតម្កល់នៅបរទេសរបស់ប្រទេសអាហ្វហ្គានីស្ថាន។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងញូវយកដែរថា៖ «ការផ្តល់មូលនិធិពីអន្តរជាតិគួរតែត្រូវបានអនុញ្ញាតឱ្យធ្វើ ដើម្បីបើកប្រាក់បៀវត្សរ៍ឱ្យបុគ្គលរដ្ឋ និងដើម្បីជួយស្ថាប័ននានារបស់អាហ្វហ្គានីស្ថានឱ្យអាចផ្តល់សេវាសុខភាព អប់រំ និងសេវាកម្មចាំបាច់នានាទៀត»។

រូបិយវត្ថុបម្រុងរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន តម្លៃ៩,៥ពាន់លានដុល្លារ នៅតែជាប់ក្នុងបម្រាមនៅឯក្រៅប្រទេស ភាគច្រើននៅក្នុងសហរដ្ឋអាមេរិក ហើយជំនួយអន្តរជាតិ ដែលសន្យាផ្តល់ឱ្យរដ្ឋាភិបាលមុន បានដាច់អស់ ចាប់តាំងពីពួកតាលីបង់បានដណ្តើមអំណាចកាលពីខែសីហាឆ្នាំមុន។

ប្រធានផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ លោក ម៉ាទីន ហ្គ្រីហ្វហ្វីត ត្រូវជួបប្រជុំដោយប្រយោល ជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនថូនី ប្លីងឃិន នៅថ្ងៃសុក្រ ទី១៤ ខែមករានេះ។

លោក ហ្គុតទែរ៉េស បាននិយាយថា ភាគីទាំងពីរនឹងពិភាក្សាអំពីការបង្កើតយន្តការដើម្បី«អនុញ្ញាតឱ្យមានការចាក់បញ្ចូលមូលនិធិប្រកបដោយប្រសិទ្ធភាព ទៅក្នុងសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន» ដែលនឹង«បង្កើតលក្ខខណ្ឌសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុក្នុងប្រទេសអាហ្វហ្គានីស្ថាន ឱ្យប្រព្រឹត្តទៅជារូបិយប័ណ្ណក្នុងស្រុក»។

កាលពីខែធ្នូ ឆ្នាំមុន ម្ចាស់ជំនួយនានា នៃមូលនិធិស្ដារប្រទេសអាហ្វហ្កានីស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារពិភពលោក និងដែលត្រូវបានបង្កក បានយល់ព្រមផ្ទេរប្រាក់ចំនួន២៨០លានដុល្លារ ទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការយូនីសេហ្វ ដើម្បីទ្រទ្រង់អាហារូបត្ថម្ភនិងសុខភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន។

កាលពីថ្ងៃអង្គារ អង្គការសហប្រជាជាតិបានអំពាវនាវរកជំនួយមនុស្សធម៌តម្លៃ៤,៤ពាន់លានដុល្លារសម្រាប់អាហ្វហ្គានីស្ថានក្នុងឆ្នាំ២០២២ ដោយហៅជំនួយនេះថាជា «ជំនួយបណ្ដោះអាសន្នដ៏ចាំបាច់» ដើម្បីធានាអនាគតរបស់ប្រទេសនេះ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គុតទែរ៉េស ​បាន​ព្រមាន​ថា បើ​គ្មាន​កិច្ច​ខិតខំ​ប្រឹងប្រែងជា​អន្តរជាតិ​បន្ថែម​ទៀតទេ «រាល់​បុរស ស្ត្រី និង​កុមារ​នៅ​អាហ្វហ្គានីស្ថាន ប្រហែលជា​ប្រឈមមុខ​ដោយប្រយោល នឹង​ភាព​ក្រីក្រដ៏ស្រួចស្រាល់»៕

យោង៖ https://www.reuters.com/world/asia-pacific/un-chief-appeals-release-money-save-afghan-lives-2022-01-13/

Share

ព័ត៌មានទាក់ទង

Image