en     km
en     km

បទយកការណ៍៖កូដករណាហ្គាវើលដ៍បង្ខំចិត្តបន្ទោបង់តាមមាត់លូខណៈបង្គន់ធ្លាប់ប្រើត្រូវបិទ

Share

ភ្នំពេញ៖ រយៈបីបួនថ្ងៃជាប់គ្នានេះ កូដករក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបង្ខំចិត្តបន្ទោបង់នៅតាមមាត់លូក្បែរនៅហ្នឹងកន្លែងធ្វើកូដកម្មតែម្តង បន្ទាប់ពីបង្គន់ក្នុងផ្សារឯកជនមួយដែលពួកគេធ្លាប់ប្រើប្រាស់ត្រូវបានបិទហាមមិនឱ្យក្រុមកូដករប្រើប្រាស់ដូចមុន។ ក្រុមកូដករដាក់ការសង្ស័យថា នេះជារបៀបធ្វើទុក្ខបុកម្នេញមួយបែបទៀត បង្ខំឱ្យកូដករបញ្ឈប់ការធ្វើកូដកម្ម។ បើទោះបីជាក្រុមកូដករត្រូវរងសម្ពាធគ្រប់បែបយ៉ាងណាក៏ដោយ តែពួកគេនៅតែរក្សាជំហរតវ៉ាទាមទាររហូតដល់មានដំណោះស្រាយនិងមានការដោះលែងតំណាងរបស់ពួកគេមកវិញ។ ជុំវិញរឿងនេះ បុគ្គលិកផ្នែកអនាម័យក្នុងផ្សារឯកជននោះបញ្ជាក់ថា ការហាមក្រុមកូដករមិនឱ្យប្រើបង្គន់ ព្រោះបង្គន់ខូចត្រូវការជួសជុល មិនមែនមានចេតនាធ្វើទុក្ខបុកម្នេញលើកូដកដែលជាខ្មែរដូចគ្នានោះទេ។

តទៅនេះសូមនាងកញ្ញាលោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលលោក កែវ សុខា ចងក្រងដូចតទៅ!

 

នៅវេលារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅក្បែរស្ថានទូតអូស្រ្តាលីនិងក្បែរស្ថានទូតរស្ស៊ីផងដែរ ក្រុមកូដករនៃក្រុមហ៊ុន ណាហ្គាវើលដ៍រាប់រយនាក់បានមកជួបជុំគ្នានៅម្ខាងផ្លូវ។ ចំណែកម្ខាងផ្លូវទៀតត្រូវបានបង្ខាំងដោយរបងដែកនិងមានសមត្ថ កិច្ចជាច្រើនឈរយាមកាមនៅទីនោះដើម្បីឃាឃាំងក្រុមកូដករមិនឱ្យទៅមុខ។

ក្រុមកូដករណាហ្គាវើលដ៍ដែលតែងអះអាងថាការធ្វើកូដកម្មរបស់ពួកគេ ជាការធ្វើដោយអហិង្សានោះ ពួកគេបានឈរតម្រូងជាជួរៗដោយរក្សាគម្លាតបានល្អ។ កូដករខ្លះកាន់ប៉ាដាដោយមានសរសេរអក្សរទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ទទួលយកលក្ខខ័ណ្ឌរបស់ពួកគេ។ ចំណែកកូដករខ្លះទៀត ប្រើត្រែជ័រផ្លុំបំពងសំឡេងបន្ទោរតាមសំឡេងឃោសនស័ព្ទរបស់មេក្រុមដែលស្រែកទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍គោរពច្បាប់ និងសិទ្ធិបុគ្គលិកខ្លួន ជាមួយការអំពាវនាវឱ្យដោះលែងតំណាងរបស់ពួកគេចំនួន ៨ នាក់មកវិញ។

ចំណែកខាងកងកម្លាំងសមត្ថកិច្ចវិញមិនសូវមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ឡើយ ក្រៅពីចាក់ផ្សាយសំឡេងសាចុះសាឡើងតាមឧបករណ៍បំពងសំឡេងមេក្រូផ្កាត្រកួន ដោយដាស់តឿនឱ្យក្រុមកូដករបញ្ឈប់សកម្មភាពកូដកម្មនិងត្រូវទទួលយកការសម្របសម្រួលដោះស្រាយដោយក្រសួងការងារ។

ក្បួនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ឈរតវ៉ាទាមទាររកដំណោះស្រាយ។

 

សម្រែកលាន់លឺខ្ទ័រខ្ទារចេញពីឃោសនស័ព្ទរបស់ក្រុមកូដករផង និងពីឃោសនស័ព្ទរបស់សមត្ថកិច្ចផងបានកងរំពងក្លាយជាបដិវាទកម្មមួយបិទកំណាត់ផ្លូវពីមុខស្ថានទូតអូស្ត្រាលីជាច្រើនថ្ងៃ។

កូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានអូសបន្លាយពេលជាច្រើនថ្ងៃ ហេតុការណ៍ជាច្រើនបានកើតឡើងជាបន្តបន្ទាប់លើក្រុមកូដករ។​ នៅថ្ងៃឆ្លងឆ្នាំ២០២១ឈានចូលឆ្នាំ២០២២ សមត្ថកិច្ចបានឃាត់ខ្លួនតំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍មួយចំនួននិងបន្តបន្ទាប់មកតំណាងសហជីពលេចធ្លោកញ្ញា ឈឹម ស៊ីថរ ក៏ត្រូវបានឃាត់ខ្លួនផងដែរ។

ការចាប់ខ្លួនតំណាងសហជីព ការបញ្ចុះបញ្ចូលឱ្យពួកគេទៅទទួលយកការចរចា និងៗថ្មីនេះគឺការបិទបង្គន់ក្នុងផ្សារឯកជនមួយដែលពួកគេធ្លាប់ប្រើ សម្រាប់កូដករវាជារូបភាពមួយបង្ហាញពីការធ្វើទុក្ខបុកម្នេញ និងដាក់សម្ពាធឱ្យក្រុមកូដករព្រមទទួល យកការសម្របសម្រួល និងជាការព្យាយាមធ្វើឱ្យពួកគេទន់ខ្សោយ។

ក្រុមកូដករលើកប៉ាដារូបតំណាងរ​បស់ពួកគេគឺកញ្ញា ឈឹម ស៊ីថរ ដើម្បីឱ្យមានការដោះលែងមកវិញ។

 

អ្នកស្រី អ៊ុក សុភ័ក្រម៉ូនីកា សមាជិកសហជីពនិងជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍និយាយថា រយៈពេលពីរបីថ្ងៃជាប់គ្នានេះក្រុមកូដករមិនអាចចូលទៅបន្ទោបង់នៅក្នុងបង្គន់ក្នុងផ្សារក្បែរនេះបានទេ ព្រោះបង្គន់ត្រូវបានបិទហើយបុគ្គលិកក្នុងផ្សារក៏លែងឱ្យបត់ដៃបត់ជើងនៅទីនោះដែរ។ជាដំណោះស្រាយលើបញ្ហានេះ អ្នកស្រីប្រាប់ថា ពួកគេគ្មានជម្រើសអ្វីក្រៅពីបន្ទោបង់ដាក់ចូលក្នុងលូនៅក្បែរក្បួនកូដកម្មនោះទេ។

អ្នកស្រី អ៊ុក សុភ័ក្រម៉ូនីកា ​បន្ថែមទៀតថា ការបិទបង្គន់ហាមមិនឱ្យក្រុមកូដករចូលបន្ទោបង់ក្នុងផ្សារដូច្នេះ គឺជាការបន្ថែមរូបភាពធ្វើទុក្ខបុកម្នេញមួយទៀតដែលជាការព្យាយាមធ្វើឱ្យក្រុមកូដករជួបការលំបាកក្នុងការធ្វើកូដកម្ម។

អ្នកស្រី អ៊ុក សុភ័ក្រម៉ូនីកា សមាជិកសហជីពនិងជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។

 

ដោយឡែកកូដករមួយរូបទៀតគឺអ្នកស្រី លន់ លក្ខណា កំពុងមានផ្ទៃពោះចំនួន៤ខែផងរៀបរាប់ដោយត្អូញត្អែរថា នៅពេលគ្មានបង្គន់ប្រើហើយត្រូវបន្ទោបង់ដាក់លូបែបនេះ អ្នកស្រីជួបការលំបាកយ៉ាងខ្លាំង និងខ្លាចប៉ះពាល់កូនក្នុងផ្ទៃ។ ចំណែកបញ្ហាជីវភាពវិញ អ្នកស្រីកាន់តែរងផលប៉ះពាល់ព្រោះបាត់បង់ការងារជាច្រើនខែហើយប្រាក់ខែក៏មិនទាន់បានបើកព្រោះវិវាទពុំទាន់ដោះស្រាយនៅឡើយ។

អ្នកស្រី លន់ លក្ខណា បុគ្គលិកណាហ្គាវើលដ៍។

 

​ទាក់ទងបញ្ហាហាមមិនឱ្យកូដករចូលបន្ទោបង់ក្នុងបង្គន់ក្នុងផ្សារនេះ បុគ្គលិកផ្នែកសំអាតក្នុងផ្សារនោះបញ្ជាក់ថា ការហាមនេះដោយសារបង្គន់ខូចនឹងត្រូវការជួសជុលទើបបិទបណ្តុះអាសន្នមួយរយៈ។ ចំណែកបង្គន់មួយទៀតនៅក្បែរបង្គន់ដែលខូចនោះ គឺសម្រាប់តែថៅកែផ្សារនិងភ្ញៀវពិសេសៗរបស់ថៅកែផ្សារតែប៉ុណ្ណោះ ដូច្នេះទើបហាមមិនឱ្យក្រុមកូដករប្រើ។ បុគ្គលិកផ្នែកសំអាតដែលសុំមិនបញ្ចេញឈ្មោះរូបនោះបន្តថា ការហាមឃាត់មិនឱ្យកូដករប្រើបង្គន់ក្នុងផ្សារមិនមែនមានចេតនារើសអើង​ឬចង់សហការជាមួយអាជ្ញាធរធ្វើទុក្ខបុកម្នេញកូដករនោះទេ ព្រោះសុទ្ធសឹងជាខ្មែរដូចគ្នា។ យ៉ាងណាបុគ្គលិកផ្នែកសំអាតរូបនេះបញ្ជាក់ថា បង្គន់នឹងបើកធម្មតាវិញពេលជួសជុលរួច តែក្រុមកូដករក៏អាចប្រើបង្គន់ផ្សេងនៅជាន់ទី ២ នៃផ្សារនេះបានផងដែរ។

វិវាទការងាររវាងបុគ្គលិកនិងថៅកែនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាកាស៊ីណូល្បែងស៊ីសងធំជាងគេមួយនៅកណ្តាលរាជធានីភ្នំពេញក្បែរវិមានរដ្ឋសភាជាតិ បានអូសបន្លាយពេលជាច្រើនខែ ហើយការដោះស្រាយក៏ត្រូវបរាជ័យជាលើក។ ការដោះស្រាយវិវាទមួយនេះ នៅក្រសួងការងារ នៅសាលារាជធានីភ្នំពេញ និងនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលសុទ្ធតែត្រូវបរាជ័យ ព្រោះភាគីនីមួយៗប្រកាន់ជំហររឹងត្អឹងរៀងៗខ្លួន។​ រហូតមកដល់ខែធ្នូឆ្នាំ ២០២១ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាងមួយពាន់នាក់បានសម្រេចបោះឆ្នោតចេញធ្វើកូដកម្មតែម្តងដើម្បីទាមទារលក្ខខ័ណ្ឌចំនួន ៩ ចំណុច។

តែការធ្វើកូដកម្មនោះ កូដករជាច្រើននាក់ត្រូវរងការឃាត់ខ្លួនជាបន្តបន្ទាប់ជាង ៣០នាក់ តែពួកគេខ្លះត្រូវដោះលែងមកវិញ ក្រោយពីធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចបញ្ឈប់ការចេញធ្វើកូដកម្ម។ តែមកទល់ពេលនេះ នៅមានតំណាងសហជីពនិងបុគ្គលិកចំនួន​ ៨ នាក់កំពុងជាប់ឃុំឃាំងនៅឡើយ ព្រោះពួកគេត្រូវរងការចោទប្រកាន់ពីបទញុះញង់។

ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ឈរជាជួរតវ៉ាទាមទាររកដំណោះស្រាយក្បែរទូតអូស្រ្តាលី។

 

ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិបានថ្កោលទោសការចាប់ខ្លួនតំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ថាជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិកម្មករសហជីព។

អ្នកស្រី មាស បុប្ផា បុគ្គលិកណាហ្គាវើលដ៍មួយរូបទៀតប្រាប់ថា ក្រុមកូដករមិនមានការខ្លាចញញើតនោះទេ ហើយនៅតែរក្សាជំហរចេញតវ៉ាបន្តទៀតរហូតតតែមានដំណោះស្រាយសមរម្យ។ អ្នកស្រីបញ្ជាក់ថា បើចង់ឱ្យក្រុមកូដករចូលតុចរចាលុះត្រាតែដោះលែងតំណាងរបស់ពួកគេទាំង ៨ នាក់មកវិញ។

អ្នកស្រី មាស បុប្ផា បុគ្គលិកណាហ្គាវើលដ៍។

 

 

Share

Image
Image
Image