ភ្នំពេញ៖ បន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសផ្តាច់ការរួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោក ដោយហៅលោកសម រង្ស៊ី ថាជាកូនជនក្បត់ជាតិ និងថា លោក សម រង្ស៊ី ជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយប្រហារខ្លាំងៗ ទៅលើលោក សម រង្ស៊ី ដោយបានហៅលោក សម រង្ស៊ី ថា អាកូនក្បត់ជាតិ និងជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ហើយបានប្រៀបធៀបថា រវាងលោក សម រង្ស៊ី និងលោកស្រី អង់សាន ស៊ូជី មិនអាចប្រៀបធៀបគ្នាបានទេ។
កាលពីយប់ពាក់កណ្តាលអាធ្រាត្រឈានចូលយប់ថ្ងៃទី ១២ ខែវិច្ឆិកា នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រលយសម្តីធ្ងន់ៗនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ឆ្លើយតបទៅកាន់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយពីប្រធានគណបក្សប្រឆាំងបានប្រៀបធៀបការបោះឆ្នោតនៅភូមាទៅនឹងកម្ពុជា ហើយថាគណបក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោតនៅឆ្នាំ២ ០១៨ ខាងមុខ និងក្រោយពេលលោក សម រង្ស៊ី លើកឡើងថា កម្ពុជាជាប្រទេសផ្តាច់ការ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរបរិហារលោក សម រង្ស៊ី ថាពូជពង់វង្សត្រកូលលោក សម រង្ស៊ី មិនអាចប្រៀបធៀបជាមួយ លោកស្រី អ៊ុងសាន ស៊ូជី បានទេ ព្រោះមួយជាអ្នកស្នេហាជាតិ មួយទៀតជាជនក្បត់ជាតិ។ លោកថា លោក សម រង្ស៊ីបានហៅលោកជាមនុស្សផ្តាច់ការកប់ៗមាត់ ថ្ងៃនេះលោកហៅ លោក សម រង្ស៊ី ថាកូនអាក្បត់ជាតិ។ លោកបន្តថា បើពុំមានការធ្វើនីតិសម្បទាណាមួយទេ លោក សម រង្ស៊ីនៅតែមានឈ្មោះថាជាកូនអាក្បត់ជាតិ។
លោក ហ៊ុន សែន បានបន្ថែមថា លោកមិនបានដៀលពូជលោក សម រង្ស៊ី ឡើយ តែលោកហៅតាមអ្នកជំនាន់មុនតែប៉ុណ្ណោះ ដែលពាក្យថាអាក្បត់ជាតិនេះ គឺរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់សម្តេចព្រះនរោត្តម សីហនុ ជាអ្នកប្រសិទ្ធនាមឱ្យឪពុកលោក សម រង្ស៊ី ។ លោកទទួលស្គាល់ថា ពាក្យនេះពិបាកស្តាប់ក្នុងសម័យថ្មី តែលោកមិនហ៊ានកែប្រវត្តិសាស្ត្រ ពីក្បត់ជាតិទៅស្នេហាជាតិ ពីអាក្បត់ជាតិទៅ ជាឯកឧត្តមក្បត់ជាតិបានទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរបន្តទៀតថា ពូជលោកអត់មានមនុស្សក្បត់ជាតិដូចលោក សម រង្ស៊ី ទេ ហើយថាលោកសម រង្ស៊ីជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ លោកនាយករដ្ឋមន្ត្រីបានសរសេរបញ្ជាក់បន្ថែមថា ការវាយប្រហាររបស់លោក សម រង្ស៊ី មកលើរូបលោកសាជាថ្មី បានបំផ្លាញសាជាថ្មីនូវវប្បធម៌សន្ទនា ដែលបាននឹងកំពុងជួសជុលបន្ទាប់ពីជំនួបរវាងលោក ស ខេង និងលោក សម រង្ស៊ី។ ក្រៅពីហៅលោក សម រង្ស៊ី ថាជាកូនជនក្បត់ជាតិនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ ទម្លាយសារសុំទោសរបស់លោក សម រង្ស៊ី ដែលបានផ្ញើមកលោកកាលពីថ្ងៃទី២៩ ខែតុលាផងដែរ។
វិទ្យុស្ត្រីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏ដូចជាលោក សម រង្ស៊ី បានទេ ប៉ុន្តែបើតាមការឆ្លើយតបក្នុងសារអេឡិចត្រូនិច ជាមួយសារព័ត៌មានក្នុងស្រុកមួយ ថាលោក សម រង្ស៊ី ថ្លែងថាលោកនឹងសុំទោស ប្រសិនបើលោកធ្វើឱ្យអ្នកណាមួយឈឺចាប់ នៅពេលណា។ លោកបន្ថែមថា ក្នុងការបំពេញតួនាទីជាអ្នកនយោបាយ ក៏ត្រូវតែមានសុជីវធម៌ផងដែរ។
អ្នកឃ្លាំមើលស្ថានការនយោបាយកម្ពុជា លោកសាស្ត្រាចារ្យ សូ ចន្ថា មានប្រសាសន៍ជាមួយវិទ្យុនៅព្រហស្បតិ៍ថ្ងៃនេះថា ការលើករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បង្ហាញថា អ្នកនយោបាយនៅកម្ពុជា នៅពុំទាន់ភាពចាស់ទុំគ្រប់គ្រាន់នៅឡើយទេ។ លោកបន្តថា អ្នកនយោបាយនៅកម្ពុជាបច្ចុប្បន្ននេះនៅតែប្រើប្រាស់មធ្យោបាយកម្ទេចគ្នាទៅវិញទៅមក។ លោកបារម្ភថា ក្រោយការប្រើប្រាស់ពាក្យក្បត់ជាតិរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន វានឹងធ្វើឱ្យស្ថានការណ៍នយោបាយនៅកម្ពុជា កាន់តែឡើងកម្តៅជាងមុន ជាពិសេសវប្បធម៌សន្ទានឹងត្រូវបានបំផ្លាញ ហើយបង្កើតមកវិញនូវវប្បធម៌សងសឹក និងគុំគួនគ្នាទៅវិញទៅ។
លោកសាស្ត្រាចារ្យ សូ ចន្ថា បានលើកឡើងទៀត ការកំណត់អ្នកណាមួយថាជាជនក្បត់ជាតិ លុះត្រាតែមានច្បាប់ចែងថា ក្បត់ជាតិដោយរបៀបណា។ លោកបន្តថា ពាក្យថាជនក្បត់ជាតិនេះ ធ្លាប់ត្រូវបានព្រះបាទនរោត្តម សីហនុ ប្រើប្រាស់ ប៉ុន្តែមិនមានស្ថាប័នណាមួយដែលស្រាវជ្រាវរកឱ្យឃើញពិតប្រាកដ ក៏អត់នោះទេ។
លោក សូ ចន្ថា បន្ថែមថា ភាសាក្បត់ជាតិនេះ ត្រូវបានអ្នកនយោបាយ ពីសម័យដើមរបស់កម្ពុជា រហូតដល់បច្ចុប្បន្ន តែងតែប្រើប្រាស់ជាវោហារសព្ទ សម្រាប់វាយប្រហារគ្នាទៅវិញទៅមក ក្នុងន័យកេងចំណេញនយោបាយ និងបំបាក់ដៃគូជំទាស់។
លោកសូ ចន្ថា មានប្រសាសន៍ថា «ការប្រើប្រាស់ពាក្យក្បត់ជាតិហ្នឹង ជាសញ្ញាណមួយនៃការបែកបាក់ជាតិហើយបាទ។ នៅក្នុងច្បាប់បានចែងទោសក្បត់ជាតិ លុះត្រាតែអ្នកហ្នឹង ទៅបម្រើឱ្យបរទេស ផ្តល់ប្រយោជន៍ឱ្យបរទេស លក់ជាតិជាដើម។ អញ្ចឹងការប្រើប្រាស់ថាពាក្យក្បត់ជាតិ មិនមានការស្រាវជ្រាវ ឬសិក្សាឱ្យច្បាស់លាស់ទេ។ អញ្ចឹងជារួមមេដឹកនាំនយោបាយនៅកម្ពុជា តែងតែប្រើពាក្យក្បត់ជាតិនេះទៅលើដៃគូជំទាស់របស់ខ្លួន នៅពេលដែលដៃគូជំទាស់ហ្នឹង មិនគាំទ្រខ្លួន ឬក៏មានទស្សនៈនយោបាយផ្ទុយពីខ្លួន»។
សូមជម្រាបថា ការប្រើប្រាស់ភាសាក្បត់ជាតិ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនហៅលោក សម រង្ស៊ី ធ្វើឡើងខណៈលោក សម រង្ស៊ី និងលោក កឹម សុខា កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដោយបានលើកឡើងពីបញ្ហានយោបាយនៅកម្ពុជា។ ក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន លោក សម រង្ស៊ី បានថ្លែងថា កម្ពុជាជាប្រទេសផ្តាច់ការ និងទាមទារឱ្យមានការផ្លាស់ប្តូរដូចប្រទេសភូមាដែរ៕