en     km
en     km

សប្ដាហ៍ក្រោយពុំមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជាទេ

Share

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅខេត្តសៀមរាប ក្រោមការដឹកនាំរបស់កម្ពុជា នៅសប្ដាហ៍ក្រោយ នឹងពុំកើតឡើងទេ ព្រោះប្រទេសសមាជិកអាស៊ានមួយចំនួននិយាយថាពួកខ្លួនរវល់នឹងកិច្ចការក្នុងស្រុក។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …

 

 

កិច្ចប្រជុំទល់មុខគ្នារបស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងធ្វើនៅថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្រោមការដឹកនាំរបស់កម្ពុជា ត្រូវបានលើកទៅពេលក្រោយវិញ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុន កាលពីថ្ងៃពុធម្សិលមិញ។

អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ គឺឯកឧត្ដម កុយ គួង បានប្រាប់ AKP ពីមូលហេតុនៃការលើកពេលកិច្ចប្រជុំចង្អៀតរយៈពេល២ថ្ងៃនោះថា៖ «រដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប ដែលនឹងត្រូវចូលរួមកិច្ចប្រជុំនេះ មានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំនៅខេត្តសៀមរាបនេះ»។

ការពន្យាពេលរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងប្រទេសកម្ពុជា ត្រូវបានទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនរាយការណ៍ថា«ពុំមានកាលបរិច្ឆេទថ្មីទេ» ហើយថានេះជា«ការវិវឌ្ឍស្ថានការណ៍ដែលអាចរងឥទ្ធិពលពីការឆ្លើយតបរបស់សមាគមអាស៊ានចំពោះប្រទេសមីយ៉ាន់ម៉ាក្រោមរបបយោធា»។

កន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ដែលជាប្រធានប្ដូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ២០២២ បានបង្ហាញយ៉ាងច្បាស់នូវបំណងនាំយកមេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានវិញ និងបានធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដោយសម្ដែងភាពស្និទ្ធស្នាលជាមួយមេដឹកនាំរដ្ឋប្រហារយោធា មីន អោង ឡាំង ទៀតផង។

សមាគមអាស៊ាន ពេលស្ថិតក្រោមការដឹកនាំរបស់ប្រទេសប៊ុយណេ មិនអនុញ្ញាតឱ្យមេដឹកនាំកម្រិតនយោបាយនៃប្រទេសភូមាចូលរួមកិច្ចប្រជុំរបស់ខ្លួននៅក្នុងខែតុលា ឆ្នាំមុនទេ បន្ទាប់ពីមេដឹកនាំយោធាភូមា មីន អោង ឡាំង ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅខែកុម្ភៈមុន មិនអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន៥ចំណុច ដែលសម្រេចបានក្នុងខែមេសា។

ប្រទេសឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ី ចង់ឱ្យមានកិច្ចប្រជុំដោយប្រយោលតាមប្រព័ន្ធទូរសោតទស្សន៍វិញ ព្រោះប្រទេសទាំងនេះអះអាងថាមានកិច្ចការនៅក្នុងស្រុក រីឯប្រទេសប៊ុយណេវិញថាជាប់រវល់នឹងការត្រៀមរៀបចំពិធីអាពាហ៍ពិពាហ៍រាជវង្សនាពេលខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ ដែលផ្អែកតាមប្រភពស្និទ្ធនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៕

យោង៖

១) http://www.akp.gov.kh/kh/post/detail/246154

២) https://english.kyodonews.net/news/2022/01/c1444b65cbf2-urgent-asean-foreign-ministers-meeting-scheduled-for-next-week-postponed.html

Share

Image
Image
Image