រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានសម្រេចដាក់ទណ្ឌកម្មជាលើកដំបូងលើកម្មវិធីអាវុធរបស់កូរ៉េខាងជើង បន្ទាប់ពីប្រទេសអាស៊ីនេះបានបាញ់កាំជ្រួច៦ដង គិតចាប់ពីខែកញ្ញា ឆ្នាំមុនមក។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …
រដ្ឋបាលរបស់លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានដាក់ទណ្ឌកម្មលើកដំបូងរបស់ខ្លួនលើកម្មវិធីអាវុធរបស់កូរ៉េខាងជើង ក្រោយពីមានការបាញ់កាំជ្រួចជាបន្តបន្ទាប់ដោយប្រទេសអាស៊ីមួយនេះ រួមទាំងការបាញ់សាកល្បង២ដងចុងក្រោយចាប់ពីសប្តាហ៍មុនផង។
ទណ្ឌកម្មនេះបានដាក់ទៅលើជនជាតិកូរ៉េខាងជើងចំនួន៦នាក់ ជនជាតិរុស្ស៊ីម្នាក់ និងក្រុមហ៊ុនរុស្ស៊ីមួយ ដែលរដ្ឋាភិបាលអាមេរិកនិយាយថាជាអ្នកទទួលខុសត្រូវក្នុងការធ្វើលទ្ធកម្មទិញទំនិញពីប្រទេសរុស្ស៊ី និងពីប្រទេសចិន បម្រើឱ្យកម្មវិធីអាវុធកូរ៉េខាងជើង ។
រតនាគារសហរដ្ឋអាមេរិកបាននិយាយថា ជំហាននេះមានគោលបំណងរារាំងការរីកចំរើននៃកម្មវិធីអាវុធរបស់កូរ៉េខាងជើងផង និងរារាំងការប៉ុនប៉ងរបស់ប្រទេសនេះក្នុងការសាបព្រោះបច្ចេកវិទ្យាអាវុធផង។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ការដាក់ទណ្ឌកម្មនេះបានធ្វើឡើង បន្ទាប់ពីមានការបាញ់កាំជ្រួចផ្លោងរបស់កូរ៉េខាងជើងចំនួន៦ដង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១មក ហើយថាការបាញ់ម្ដងៗសុទ្ធតែបានបំពានលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ចាប់តាំងពីពេលចូលកាន់តំណែងនៅខែមករា ឆ្នាំមុនមក បានព្យាយាមនាំរដ្ឋាភិបាលកូរ៉េខាងជើងមកចូលរួមក្នុងកិច្ចចរចា ដើម្បីបញ្ចុះបញ្ចូលប្រទេសនេះឱ្យបោះបង់គ្រាប់បែកបរមាណូនិងកាំជ្រួចរបស់ខ្លួន ប៉ុន្តែការព្យាយាមនេះមិនទាន់បានជោគជ័យទេ៕
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណិដ ប៉្រាយស៍ បាននិយាយថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាបន្តការងារទូតជាមួយប្រទេសកូរ៉េខាងជើង៕
—
យោង៖ https://www.reuters.com/world/asia-pacific/us-imposes-sanctions-north-koreans-russian-after-missile-tests-2022-01-12/