en     km
en     km

កុមារ៦៥នាក់នៅអាល្លឺម៉ង់ត្រូវបានរំដោះពីក្រញ៉ាំដៃអ្នករំលោភបំពាន

Share

អាជ្ញាធរអាល្លឺម៉ង់បានសង្គ្រោះកុមារ៦៥នាក់ ពីក្រញ៉ាំដៃអ្នករំលោភបំពានផ្លូវភេទ ក្នុងរយៈពេល២ឆ្នាំចុងក្រោយ។ វាជាផ្នែកមួយនៃការរឹតបន្តឹងច្បាប់ប្រឆាំងនឹងការរំលោភបំពានផ្លូវភេទកុមារនៅក្នុងប្រទេសនេះ។

កញ្ញា មាស គឹមធួន ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានអេភី និងទីភ្នាក់ងារសារព័ត៌មាន ឌីដាប់ប៊ែលយូ …

 

 

អាជ្ញាធរ​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា ​ពួកគេ​បាន​សង្គ្រោះ​កុមារ​៦៥នាក់ ​ពី​ក្រញ៉ាំដៃនៃអ្នក​រំលោភបំពាន​ ​ក្នុង​រយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ។ ការសង្គ្រោះកុមារទាំងនោះជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​លើ​បណ្តាញ​រំលោភបំពាន​ផ្លូវភេទ​ដ៏​ធំមួយ។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធម្សិលមិញ នគរបាលនៅទីក្រុងកូឡូញបាននិយាយថា ជនរងគ្រោះមានអាយុចាប់ពី៣ខែ ដល់១៧ឆ្នាំ។

ក្រុមអ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណកុមារទាំងនោះ អំឡុងការស្រាវជ្រាវរបស់ពួកគេនៅក្នុងកន្លែងផ្ទុកទិន្នន័យរូបថតនិងវីដេអូបែបរំលោភបំពានដ៏ធំមួយ ដែលត្រូវបានរកឃើញកាលពីឆ្នាំ២០១៩ នៅភាគខាងលិចនៃទីក្រុង ប៊ើហ្គីស គ្លែដបែស្ស។

អាជ្ញាធរបាននិយាយថា ឈ្មោះក្លែងក្លាយជាង៣ម៉ឺន ត្រូវបានប្រើប្រាស់ដោយមនុស្សនៅក្នុងបណ្តាញរំលោភបំពានផ្លូវភេទនោះ ប៉ុន្តែភាគច្រើននៃឈ្មោះប្រឌិតមិនអនុញ្ញាតឱ្យអ្នកស៊ើបអង្កេតរកឃើញមនុស្សពិតប្រាកដទេ។

រហូតមកដល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតអាចកំណត់អត្តសញ្ញាណជនសង្ស័យបានចំនួន៤៣៩នាក់ និងប្រាកដថាមនុស្សជាច្រើននាក់នឹងត្រូវផ្តន្ទាទោស រួមទាំងបុរសដែលនៅក្នុងបរិវេណផ្ទុកវត្ថុតាងពីដំបូងនោះផង។

រដ្ឋាភិបាលអាល្លឺម៉ង់បានរឹតបន្តឹងច្បាប់ប្រឆាំងនឹងការរំលោភបំពានផ្លូវភេទកុមារ និងប្រឆាំងអ្នកដែលបង្កើតឬចែកចាយរូបភាពរំលោភបំពានលើកុមារ ដែលជាលទ្ធផលនៃការរឹតបន្តឹងច្បាប់នោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ឌីដាប់ប៊ែលយូ (DW) របស់អាល្លឺម៉ង់ ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងរូបភាពបែបរំលោភបំពានផ្លូវភេទកុមារស្ទើរតែកើនឡើងទ្វេដងក្នុងឆមាសទី១នៃឆ្នាំ២០២១។ ប្រធានប៉ូលីសព្រហ្មទណ្ឌសហព័ន្ធអាល្លឺម៉ង់បានព្រមានថា ការកើនឡើងដ៏ច្រើននៃបទល្មើសប្រភេទនេះកំពុងទៅហួសពីលទ្ធភាពផ្នែកធនធានរបស់នគរបាល។ សង្ឃ​កាតូលិកក៏មានពាក់ព័ន្ធនៅក្នុង​ការ​រំលោភបំពាន​ផ្លូវ​ភេទ​លើ​កុមារតាមរូបភាពដែរ៕

យោង៖

១) https://apnews.com/article/europe-germany-sexual-abuse-cologne-e8d6a5a777fabaa85923ba663e78c61a

២) https://www.dw.com/en/germany-crimes-involving-child-sexual-abuse-images-almost-double/a-59747731

Share

Image
Image
Image