ភ្នំពេញ៖ ស្ថានទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា និងសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសអូស្ដ្រាលី (AAA-C) រួមទាំងសាកលវិទ្យាល័យលំដាប់កំពូលនៅអូស្ដ្រាលីមួយចំនួន បានសហការគ្នារៀបចំ ឱ្យមានពិធីជួបជុំ និងប្រគល់រង្វាន់ជូនដល់អតីតនិស្សិតកម្ពុជា សិក្សានៅប្រទេសស្ដ្រាលី។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា បានឱ្យដឹងថា អតីតនិស្សិតឆ្នើមកម្ពុជាដែលធ្លាប់ទៅសិក្សានៅប្រទេសអូស្ដ្រាលី រួមមាន ធុរជន មន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល បញ្ញាវ័ន្ដ និងថ្នាក់ដឹកនាំនៃអង្គការសង្គម
ស៊ីវិលមួយចំនួន នឹងជួបជុំគ្នាក្នុងពិធីជួបជុំអតីតនិស្សិតកម្ពុជា ដែលធ្លាប់សិក្សានៅប្រទេសអូស្ដ្រាលី នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅឯសណ្ឋាគារ សូហ្វ៊ីតែល ភ្នំពេញ ក្នុងបំណងឆ្លុះបញ្ចាំងពី ការចូលរួមរបស់អតីត និស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សាពីអូស្ដ្រាលីទាំងអស់ ក្នុងការរួមចំណែកអភិវឌ្ឍនៅប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែលនោះបានឱ្យដឹងថា កម្មវិធីជួបជុំគ្នានេះ នឹងផ្ដល់ឱកាសឱ្យដល់អតីតនិស្សិតកម្ពុជាមកពីអូស្ដ្រាលី ទាំងអស់ចែករំលែកនូវអនុស្សាវរីយ អបអរសាទរសមិទ្ធិផលរបស់ខ្លួន រំឭកមិត្តភាពចាស់ៗ ព្រមទាំងកសាងទំនាក់ទំនងថ្មីៗ ជាមួយបុគ្គលឆ្នើមនានា ដែលជោគជ័យក្នុងអាជីពនៅកម្ពុជា។
នៅក្នុងពិធីជួបជុំគ្នានេះផងដែរ AAA-C នឹងប្រគល់រង្វាន់ជូនអតីតនិស្សិតឆ្នើមកម្ពុជា ដែលបានបញ្ចប់ការសិក្សាពីអូស្ដ្រាលីមួយរូប ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅកម្ពុជាផងដែរ។
កម្មវិជីជួបជុំរបស់អតីតនិស្សិតអូស្ដ្រាលីនេះ ទទួលការឧបត្ថម្ភពីសំណាក់សកលវិទ្យាល័យលំដាប់កំពូលនៅអូស្ដ្រាលីរួមមាន Monash Universith, University of Technology Sydney: Insearch, University of New South Wales, និង La Trobe University ។
សូមជម្រាបដែរថា កម្មវិធីអាហារូបករណ៍ប្រទេសអូស្ដ្រាលី ចាប់ផ្ដើមនៅឆ្នាំ១៩៩៤ មកដល់ពេលនេះ មាននិស្សិតឆ្នើមកម្ពុជាច្រើនជាង ៦០០ នាក់ បានទទួលអាហារូបករណ៍នេះ ទៅ សិក្សានៅប្រទេសអូស្ដ្រាលី។ ក្រៅពីនេះក៏មានសិស្សនិស្សិតកម្ពុជាផ្សេងទៀត ដែលមានចំនួន ច្រើនជាងនេះ បានទៅសិក្សានៅប្រទេសអូស្ដ្រាលី ជាលក្ខណៈឯកជន ឬតាមរយៈកម្មវិធី អាហារូបករណ៍ដទៃទៀត។
ការសិក្សានៅប្រទេសអូស្ដ្រាលី គឺជារបត់នៃការផ្លាស់ប្ដូរបទពិសោធក្នុងជីវិតរបស់និស្សិត កម្ពុជា។ អូស្ដ្រាលី ក៏កំពុងតែក្លាយជាគោលដៅសិក្សាដ៏ពេញនិយមសម្រាប់និស្សិតកម្ពុជា ផងដែរ។ ចំនួននិស្សិតកម្ពុជាដែលបានទៅសិក្សានៅប្រទេសអូស្ដ្រាលី បានកើនពី ៥០០ នាក់ ក្នុងមួយឆ្នាំ នាឆ្នាំ ២០០២ ដល់ប្រមាណជា ២ពាន់នាក់ ក្នុងមួយឆ្នាំ នាឆ្នាំ២០១៤៕