រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់បាននិយាយថា ប្រទេសនេះនឹងត្រូវការជនអន្តោប្រវេសន៍កាន់តែច្រើនជាងមុន ដើម្បីបង្ការកង្វះកម្លាំងពលកម្មខ្លាំង ដែលអាចប៉ះពាល់ដល់ផលិតភាព និងបង្កគ្រោះថ្នាក់ដល់ការផ្លាស់ប្តូរ ថាមពលដោយជោគជ័យ។
អាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់ទ្វីបអឺរ៉ុប កំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្ត្រ។
លោក រ៉ូប៊ើត ហាបិក មេដឹកនាំគណបក្សហ្គ្រីន ដែលនិយមបរិស្ថាន បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យើងមានការងារ ៣ សែនកន្លែង បើកនៅថ្ងៃនេះ ហើយរំពឹងថានឹងកើនឡើងដល់ ១ លាន និងច្រើនជាងនេះ»។
លោក រ៉ូប៊ើត ហាបិក ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ផង បានបន្តថា៖ «ប្រសិនបើយើងមិនបិទចន្លោះប្រហោងនេះទេ យើងនឹងមានបញ្ហាផលិតភាពពិតប្រាកដ»។
វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលមានទំនាក់ទំនងជិតស្និទនឹងនិយោជក បានប៉ាន់ប្រមាណថា កម្លាំងពលកម្មនឹងថយចុះជាង ៣ សែននាក់ នៅឆ្នាំនេះ ដោយសារមានកម្មករចាស់ចូលនិវត្តន៍ច្រើនជាងមនុស្សវ័យក្មេងចូលក្នុងទីផ្សារការងារ៕
—
យោង៖ https://www.reuters.com/world/europe/germany-needs-greater-immigration-avoid-labour-shortages-minister-2022-01-11/