en     km
en     km

ជប៉ុនសរសើរលទ្ធផលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅមីយ៉ាន់ម៉ា

Share

រដ្ឋមន្ត្រីការបរទេសជប៉ុនបានថ្លែងសរសើរលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសភូមាកាលពីចុងសប្ដាហ៍មុន ជាពិសេសលើចំណុចបន្លាយពេលនៃបទឈប់បាញ់និងជំនួយមនុស្សធម៌។

កញ្ញា គុជ ស៊ីកុល ធ្វើសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ …

 

 

រដ្ឋាភិបាលជប៉ុនបាននិយាយថា កាលពីថ្ងៃអង្គារ លោក យ៉ូស្ស៊ិម៉ាស្សា ហាយ៉ាស្ស៊ិ  រដ្ឋមន្ត្រីការបរទេសជប៉ុន បានសរសើរលទ្ធផលវិជ្ជមាន ដែលកើតចេញពីទស្សនកិច្ចនាពេលថ្មីៗ របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ាឬភូមា ដែលស្ថិតក្រោមរបបយោធា។

ប្រភពដដែលបន្តថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន បានកើតឡើងស្របពេលដែលមានការខិតខំប្រឹងប្រែង ដើម្បីស្វែងរកការទម្លាយភាពចលាចលផ្នែកនយោបាយ នៅក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំមុន ក្នុងប្រទេសមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេសជប៉ុន ហាយ៉ាស្ស៊ិ បាននិយាយថា ដំណើរទស្សនកិច្ចនោះ បាននាំឱ្យមានការប្រកាសអំពីការបន្លាយពេលបទឈប់បាញ់ រវាងរបបយោធានិងក្រុមជនជាតិភាគតិច ព្រមទាំងបានធ្វើឱ្យមានវឌ្ឍនភាពផ្នែកជំនួយមនុស្សធម៌។ នេះបើយោងតាមក្រសួងការបរទេសជប៉ុនដែលបញ្ជាក់ថា សម្ដីរបស់លោក ហាយ៉ាស្ស៊ិ ធ្វើឡើងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។

កាលពីថ្ងៃសុក្រសប្តាហ៍មុន នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបប្រមុខរបបយោធា គឺឧត្ដមសេនីយ៍ មីន អោង ឡាំង អំឡុងពេលទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១ និងបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់មេដឹកនាំស៊ីវិលលោកស្រី អោង សាន ស៊ូ ជី ចេញពីតំណែង។

តាមរយៈទស្សកិច្ចតាមការអញ្ជើញរបស់លោក មីន អោង ឡាំង, សម្ដេច ហ៊ុន សែន របស់កម្ពុជា បានក្លាយជាប្រមុខរដ្ឋាភិបាលបរទេសដំបូងគេ ដែលបានធ្វើដំណើរទៅចាប់ដៃជាមួយមេដឹកនាំរដ្ឋប្រហារយោធារូបនោះ។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយនៅពេលក្រោយមក, លោក មីន អោង ឡាំង បាននិយាយថា លោកបានបន្លាយពេលបទឈប់បាញ់ជាមួយក្រុមជនជាតិភាគតិចប្រដាប់អាវុធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា រហូតដល់ចុងឆ្នាំ ២០២២ នេះ។ ដើមឡើយ បទឈប់បាញ់រវាងភាគីជម្លោះក្នុងប្រទេសភូមា គ្រោងផុតកំណត់នៅចុងខែកុម្ភៈខាងមុខ។

ក្រសួងការបរទេសជប៉ុនបាននិយាយថា លោក ហាយ៉ាស្ស៊ិ ក៏បានសម្តែងការព្រួយបារម្ភចំពោះអំពើហិង្សាដែលកំពុងតែនៅបន្តមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានយល់ព្រមសហការគ្នាយ៉ាងជិតស្និទ្ធជាមួយឯកឧត្ដម ប្រាក់ សុខុន ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

សម្រាប់​ឆ្នាំ ២០២២ ​នេះ កម្ពុជា​កាន់​តំណែង​ជា​ប្រធាន​ប្ដូរវេន​នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែល​មានសមាជិកចំនួន ១០ ប្រទេស ក្នុងនោះ​មាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។

យោងតាមក្រសួងការបរទេសជប៉ុនដដែល បន្ទាប់ពីបានសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាហើយ លោក ហាយ៉ាស្ស៊ិ ក៏បានពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសឡាវ គឺលោក សាលឺមសៃ កុម្ម៉ាសិទ្ធ ដែរ ហើយអំឡុងពេលនោះ ភាគីទាំងពីរបានប្តេជ្ញាថា នឹងធ្វើការជាមួយគ្នាលើបញ្ហាមីយ៉ាន់ម៉ា៕

យោង៖ https://english.kyodonews.net/news/2022/01/3aa71d871535-japan-foreign-minister-praises-cambodian-pms-myanmar-trip-outcome.html

Share

Image
Image
Image