អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា ចិត្រូ (JETRO) បានប្រាប់ថា ប្រហែល ៧០ ភាគរយ នៃសហគ្រាសពាណិជ្ជកម្មជប៉ុននៅភូមា បន្តឬពង្រីកប្រតិបត្តិការខ្លួននៅទីនោះ ប៉ុន្តែព្រមានដកខ្លួនចេញ ឬប្ដូរទៅប្រទេសទីបី ប្រសិនជាបរិយាកាសធុរកិច្ចក្រោយរដ្ឋប្រហារកាន់តែអាក្រក់។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមសារព័ត៌មានក្យូដូ …
ប្រហែល ៧០ ភាគរយ នៃក្រុមហ៊ុនជប៉ុន ដែលវិនិយោគក្នុងប្រទេសមីយ៉ាន់ម៉ាឬភូមា នឹងនៅរក្សា ឬពង្រីកប្រតិបត្តិការរបស់ពួកគេនៅទីនោះ ក្នុង ១ ឆ្នាំឬ ២ ឆ្នាំខាងមុខទៀត ទោះបីជាសេដ្ឋកិច្ចប្រទេសនេះរងផលប៉ះពាល់ខ្លាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន និងការរាតត្បាតនៃជំងឺឆ្លងសកលក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា ចិត្រូ (JETRO)។
របាយការណ៍នេះបានផ្អែកតាមការស្ទង់មតិមួយរបស់អង្គការ ចិត្រូ ដែលនិយាយថា មានលើសពីពាក់កណ្ដាលនៃក្រុមហ៊ុនជប៉ុន នឹងរក្សាកម្រិតប្រតិបត្តិការបច្ចុប្បន្នក្នុងប្រទេសភូមា ហើយពួកគេចំនួន ១៣,៥ ភាគរយ នឹងពង្រីកប្រតិបត្តិការរបស់ខ្លួន។
របាយការណ៍ដដែលប្រាប់បន្តថា សហគ្រាសពាណិជ្ជកម្មជប៉ុន ជិត ១ ភាគ ៣ នឹងកាត់បន្ថយអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសអាស៊ីភាគអាគ្នេយ៍មួយនេះ ហើយ តិចជាង ១ ភាគ ១០ នឹងដកខ្លួនចេញពីប្រទេសភូមា ឬផ្លាស់ប្តូរប្រតិបត្តិការរបស់ពួកគេទៅប្រទេសទីបី។
របាយការណ៍ដែលចុះកាលបរិច្ឆេទតាំងពីថ្ងៃទី ៩ ខែធ្នូ បាននិយាយថា ប្រសិនបើបរិយាកាសធុរកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្តធ្លាក់ចុះ អ្នកវិនិយោគជប៉ុនកាន់តែច្រើនប្រហែលជាគ្មានជម្រើសអ្វីក្រៅពីកាត់បន្ថយប្រតិបត្តិការរបស់ពួកគេ ឬដកខ្លួនចេញពីទីនោះទេ៕
—
យោង៖ https://english.kyodonews.net/news/2022/01/7e3de89004f5-70-of-japan-firms-keep-expand-business-in-myanmar-even-after-coup.html