en     km
en     km

កុបកម្មនៅកាហ្សាក់ស្ថានធ្វើឱ្យបាតុករនិងនគរបាលរាប់សិបនាក់ស្លាប់

Share

ក្រុមបាតុកររាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសកាហ្សាក់ស្ថាន អំឡុងពេលដែលពួកគេវាយប្រហារអាគាររដ្ឋាភិបាល ហើយយ៉ាងហោចណាស់ក៏មាននគរបាលជាង១០នាក់ដែរបានស្លាប់ រួមទាំងនគរបាលម្នាក់ដែលគេឃើញដាច់ក្បាលផង។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

អាជ្ញាធរបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ក្រុមបាតុកររាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសកាហ្សាក់ស្ថាន អំឡុងពេលដែលពួកគេវាយប្រហារអាគាររដ្ឋាភិបាល ហើយថាយ៉ាងហោចណាស់ក៏មាននគរបាលជាង១០នាក់ដែរបានស្លាប់ រួមទាំងនគរបាលម្នាក់ដែលគេឃើញដាច់ក្បាលផង។

អ្នកនាំពាក្យនគរបាលកាហ្សាក់ស្ថាន គឺលោកស្រី សាល់តាណា អាហ៊្សៀបិក បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋថា មានការប៉ុនប៉ងចូលលុកអាគារនានាអំឡុងពេលយប់នៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសនេះ គឺទីក្រុង អាល់ម៉ាទី ហើយ«អ្នកវាយប្រហាររាប់សិបនាក់ត្រូវបានសម្លាប់ចោល»។ សេចក្តីរាយការណ៍ពីការប៉ុនប៉ងចូលលុកអគារនានាបានកើតឡើង ក្រោយពីភាពចលាចលរីករាលដាលនៅក្នុងទីក្រុង អាល់ម៉ាទី កាលពីថ្ងៃពុធ, រួមទាំងការចូលកាន់កាប់អគាររបស់អភិបាលក្រុង ដែលត្រូវបានដុតបំផ្លាញដែរ។

បណ្តាញព័ត៌មានរដ្ឋ ឈ្មោះ ខាបា-២៤ បានដកស្រង់សេចក្ដីថ្លែងការណ៍ពីការិយាល័យរបស់មេបញ្ជាការនគរបាលក្រុង អាលម៉ាទី ដែលបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា មន្ត្រីអនុវត្តច្បាប់ចំនួន ៣៥៣ នាក់ផ្សេងទៀតបានរងរបួស បន្ថែមពីលើអ្នកស្លាប់ចំនួន ១២ នាក់នោះ។

ប្រទេសកាហ្សាក់ស្ថានកំពុងជួបប្រទះបាតុកម្មតាមផ្លូវដ៏អាក្រក់បំផុត ដែលប្រទេសនេះមិនធ្លាប់បានឃើញចាប់តាំងពីទទួលបានឯករាជ្យពីសហភាពសូវៀតកាលពី៣ទសវត្សរ៍មុន។

សម្ព័ន្ធមិត្តយោធាដឹកនាំដោយរុស្ស៊ី អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព បាននិយាយកាលពីព្រលឹមថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបញ្ជូនទាហានរក្សាសន្តិភាពទៅកាន់ប្រទេសកាហ្សាក់ស្ថាន តាមសំណើរបស់ប្រធានាធិបតី កាស្ស៊ីម ហ្សូម៉ា តូកាយ៉េវ។

ប្រទេសកាហ្សាក់ស្ថានត្រូវបានអង្រួនដោយការតវ៉ាដែលកាន់តែរន្ថើនឡើង និងដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ជុំវិញការកើនឡើងយ៉ាងខ្លាំងនៃតម្លៃហ្គាស អិលភីជី។ ការ​តវ៉ា​បានកើតដំបូង​នៅ​ភាគ​ខាង​លិច​ប្រទេស ប៉ុន្តែ​បាន​រីក​រាល​ដាល​ដល់​ទីក្រុង អាល់ម៉ាទី និងដល់​រដ្ឋធានី នួរ ស៊ុលតង់ រហូតធ្វើឱ្យលោកប្រធានាធិបតី តូកាយ៉េវ ទទួលយកការលាលែងពីតំណែងរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ៕

Share

Image
Image
Image