ភ្នំពេញ៖ ការប្រើប្រាស់មធ្យោបាយចាប់ចងពុំមែនជាដំណោះស្រាយល្អនោះទេ ក្នុងការបញ្ចប់វិវាទបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលកំពុងធ្វើកូដកម្មទាមទារដំណោះស្រាយ។ ផ្ទុយទៅវិញ ការប្រើយុទ្ធសាស្រ្ត ឈ្នះ–ឈ្នះ ពោលគឺការប្រើប្រាស់មធ្យោបាយអហិង្សា និងសន្តិវិធី ក្នុងការដោះស្រាយទៅវិញនោះទេ ទើបជាវិធីសាស្រ្តល្អបំផុតដើម្បីបញ្ចប់វិវាទមួយនេះ។ មួយវិញទៀត បើសិនជាវិវាទមួយនេះ ត្រូវបាននាយករដ្ឋមន្រ្តីលូកដៃអន្តរាគមន៍នោះ នោះគេជឿជាក់ថានឹងមានដំណោះស្រាយឆាប់រហ័ស ស្របពេលកម្ពុជានឹងក្លាយជាប្រធានអាស៊ានផងនាពេលខាងមុខនេះ។
តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ!
វិវាទរវាងសមាជិកសហជីពបុគ្គលិកនិងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាកាស៊ីណូល្បែងស៊ីសងធំជាងគេនៅកណ្តាលរាជធានីភ្នំពេញបានអូសបន្លាយពេលជាច្រើនខែ ហើយវិវាទមួយនេះបានដរឡើងក្លាយជាចលនាបាតុកម្មនិងកូដកម្ម។ រហូតមកដល់ថ្ងៃឆ្លងឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមកូដករមួយចំនួន ហើយការឃាត់តំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ក៏ចាប់ផ្តើមមានជាបន្តបន្ទាប់។
គិតមកដល់ពេលបច្ចុប្បន្ននេះ មានយ៉ាងហោចណាស់ថ្នាក់ដឹកនាំ តំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ជាង ៣០នាក់ហើយត្រូវបានឃាត់ខ្លួន។ ប៉ុន្តែក្នុងចំណោមអ្នកត្រូវបានឃាត់ខ្លួនជាង ៣០នាក់មាន ២២ នាក់ត្រូវបានដោះលែងមកវិញក្រោយសមត្ថកិច្ចធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការចេញធ្វើបាតុកម្ម។
ដើមចមដំបូងដែលនាំឱ្យមានការធ្វើកូដកម្មនេះ ព្រោះការចរចាផ្ទៃក្នុងនិងកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធក្នុងនោះមានក្រសួងការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងសាលារាជធានីភ្នំពេញ សុទ្ធតែត្រូវបរាជ័យទាំងអស់។
ក្រុមសហជីពបុគ្គលិកណាហ្គាវើលដ៍បានទាមទារនូវលក្ខខណ្ឌចំនួន ៩ ចំណុចក្នុងនោះរួមមានទាមទារឱ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព សមាជិកប្រតិភូបុគ្គលិក និងកម្មករនិយោជិតចំនួន៣៦៥នាក់ ចូលបម្រើការងារឡើងវិញ។ លើសពីនេះ ទាម ទារឱ្យក្រុមហ៊ុន គិតប្រាក់ដំណាច់បញ្ចប់កិច្ចសន្យាការងារបង្គ្រប់បន្ថែមឱ្យបានត្រឹមត្រូវ សម្រាប់កម្មករនិយោជិតដែលត្រូវបានកាត់ចេញតាមគម្រោងកាត់បន្ថយបុគ្គលិក។ និងមួយទៀតទាមទារឱ្យក្រុមហ៊ុនអនុវត្តសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចទី៣ ដោយគិតប្រាក់បញ្ចប់កិច្ចសន្យាការងារបង្គ្រប់បន្ថែមឱ្យបានត្រឹមត្រូវ។
លក្ខខណ្ឌទាំង ៩ ចំណុចនេះ ត្រូវបានភាគីខាងកម្មករទាមទាររាល់ជំនួបកិច្ចប្រជុំរកដំណោះស្រាយរាល់លើក តែភាគីខាងក្រុមហ៊ុនមិនទាន់យល់ព្រម។
ការបរាជ័យនៃការចរចាពីស្ថាប័នពាក់ព័ន្ធនេះ បានជំរុញឱ្យក្រុមបុគ្គលិកសម្រេចចិត្តបោះឆ្នោតព្រមព្រៀងធ្វើកូដកម្មឡើង។
បើនិយាយតាមផ្លូវច្បាប់ បុគ្គលិកណាហ្គាវើលដ៍អាចមានជម្រើសពីរប្រសិនបើពួកគេមិនយល់ព្រមតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ជម្រើសទី១ គឺពួកគេអាចប្តឹងករណីវិវាទនិងការទាមទារសំណងនេះទៅតុលាការ។ និងជម្រើសទី២ គឺការធ្វើកូដកម្មស្វែងរកដំណោះស្រាយ។
បើផ្អែកតាមជម្រើសទី ២ នេះសិទ្ធិក្នុងការធ្វើកូដកម្មគឺត្រូវបានធានាដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
ច្បាប់ជាតិមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់រដ្ឋត្រង់មាត្រា ៤១ ចែងថា«ប្រជាពលរដ្ឋខ្មែរមាន សេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណ: និងដល់សន្តិសុខជាតិ។»
ចំណែកច្បាប់អន្តរជាតិវិញ គឺអនុសញ្ញាអង្គការពលកម្មអន្តរជាតិលេខ៨៧ និង៩៨ បានបញ្ញាតិការពារសិទ្ធិក្នុងការធ្វើកូដកម្មដើម្បីស្វែងរកដំណោះស្រាយរវាងថៅកែនិងកម្មករនិយោជិតផងដែរ។
ក្រៅពីផ្អែកលើទិដ្ឋភាពច្បាប់ យើងក្រឡេកមកមើលទិដ្ឋភាពជាក់ស្តែងនៃការធ្វើកូដកម្មរបស់បុគ្គលិកកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍វិញ យើងឃើញថា កូដកម្មប្រព្រឹត្តឡើងក្នុងទម្រង់អហិង្សា។
ជាកូដកម្មអហិង្សា ក៏ព្រោះថា ក្រុមកូដករដែលភាគច្រើនជាស្រ្តី និងខ្លះមានផ្ទៃពោះផង ពួកគេធ្វើសកម្មភាពត្រឹមតែលើក តែបដា និងប្រើឃោសនស័ព្ទស្រែកទាមទារតែប៉ុណ្ណោះ គ្មានរូបភាពខុសប្រក្រតីណាដែលបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុន ឬទ្រព្យសម្បត្តិសាធារណៈឡើយ។
មកដល់ត្រឹមនេះ បើយើងពិនិត្យមកមើលសកម្មភាពរបស់សមត្ថកិច្ចឃាត់ខ្លួនក្រុមកូដករដោយចោទថា ពួកគេបានបង្កការអុកឡុក ញុះញង់ បំពានលើសេចក្តីជូនដំណឹងរបស់សាលារាជធានីនិងច្បាប់នោះហាក់មិនសមហេតុផលឡើយ បើផ្អែកតាមការប្រើប្រាស់សិទ្ធិស្របច្បាប់នេះ។
ការប្រើប្រាស់អំណាចនិងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍បញ្ជូនទៅតុលាការនេះ រាប់ថាជាវិធីសាស្រ្តមួយសម្រាប់បំបាក់ស្មារតីកូដករផ្សេងៗទៀតឱ្យខ្លបខ្លាច លែងហ៊ានតវ៉ាហើយឈានទៅទទួលយកការជួសជុលសំណងរបស់ក្រុមហ៊ុន។
ក៏ប៉ុន្តែរូបភាពនៃការឃាត់ខ្លួននិងចោទប្រកាន់តាមផ្លូវតុលាការបែបនេះ មិនមែនជាជម្រើសប្រសើរក្នុងការដោះស្រាយវិវាទនោះទេ ហើយវារឹតតែបង្ហាញឱ្យឃើញរូបភាពនៃការប្រើប្រាស់អំណាចជ្រុលហួសហេតុ ការរំលោភសិទ្ធិមនុស្ស សិទ្ធិកម្មករ ការបំភិតបំភ័យ និងការគម្រាមកំហែងទៅវិញ។
វាអាចជារឿងលំបាកក្នុងការដោះស្រាយវិវាទនីមួយៗ ដែលត្រូវការពេលវេលា និងភាពអត់ធ្មត់របស់គូភាគី និងការយោគយល់សម្បទានដល់គ្នាទៅវិញទៅមក។
ដូច្នេះការប្រើប្រាស់មធ្យោបាយអហិង្សា និងសន្តិវិធី ក្នុងការដោះស្រាយគឺជាវិធីសាស្រ្តល្អបំផុតដើម្បីបញ្ចប់វិវាទមួយនេះ ដែលជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ពោលគឺឈ្នះទាំងកូដករ ថៅកែ និងរដ្ឋ។
តាមរយៈយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ នេះ សមត្ថកិច្ចមិនត្រូវបន្តឃាត់ខ្លួនក្រុមកូដករបន្តទៀតទេ ហើយតុលាការត្រូវលើកលែងការចោទប្រកាន់ទៅលើតំណាងសហជីពនិងដោះលែងឱ្យពួកគេមានសេរីភាពឡើងវិញ។ ការធ្វើបែបនេះ គឺដើម្បីសម្រួលឲ្យមានការចរចាឡើងវិញ និងកុំឲ្យមានសម្ពាធទៅលើភាគីទាំងសងខាង។ ហើយបើធ្វើបែបនេះបាន នោះវានឹងជាក្លាយជាកត្តាលីករមួយជួយជំរុញឲ្យកូដករផ្អាកការធ្វើកូដកម្ម និង បាតុកម្មនៅរយ:ពេលនៃការចរចាជាវិជ្ជមាននោះ។
ចំណែកឯក្រុមសមាជិកសហជីពបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍វិញ ក៏ត្រូវមានភាពអត់ធ្មត់ ស្វែងយល់ពីផលលំបាករបស់ថៅកែក្រុមហ៊ុន ពិសេស គឺឈរលើគោលជំហរសុភវិនិច្ឆ័យរបស់ខ្លួនឯង ថាអ្វីជាការញុះញង់ និងអ្វីជាដំណោះស្រាយពិតប្រាកដ។
មួយទៀតដែរ ចំពោះវិវាទមួយនេះ បើសិនជាមានកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីលូកដៃចូលអន្តរាគមន៍ នោះនឹងមានដំណោះស្រាយឆាប់រហ័ស។
ដូចដែលយើងធ្លាប់បានដឹង តាមរយៈកិច្ចអន្តរាគមន៍របស់សម្តេចនាយករដ្ឋមន្រ្តីជាច្រើនករណី គេសង្កេតឃើញថា មន្រ្តីថ្នាក់ក្រោម ឬអ្នកពាក់ព័ន្ធនឹងអនុវត្តតាមដោយប្រសិទ្ធភាពបំផុត។
តួយ៉ាងករណី រឿងកូនតោរបស់ជនជាតិចិនមួយរូប ដែលទទួលបានដំណោះស្រាយយ៉ាងពេញចិត្តដល់ម្ចាស់តោរូបនោះ ថ្វីបើផ្ទុយពីច្បាប់មែនតែការលូកដៃនេះធ្វើឱ្យសាធារណជនយល់ថាល្អ និងសមស្រប។ នៅរឿងមួយចំនួនទៀត ដូចជាករណីនាយករដ្ឋមន្រ្តីបញ្ចេញសាច់ប្រាក់ទិញស្រូវដែលពលរដ្ឋចាកចោលនៅខេត្តបាត់ដំបូង និងការទិញផ្លែមានដែលធ្លាក់ថ្លៃកន្លងមក គឺសុទ្ធតែជាកិច្ចអន្តរាគមន៍គួរឱ្យកោតសរសើរ។
តាមរយៈនេះ បើសិនសម្តេចនាយករដ្ឋមន្ត្រីលូកដៃអន្តរាគមន៍ក្នុងរឿងវិវាទណាហ្គាវើលដ៍នេះ នោះនឹងឆាប់មានដំណោះស្រាយហើយអាចឆក់បេះដូងប្រជាពលរដ្ឋដែលជាម្ចាស់សំឡេងឆ្នោតផងដែរ។
បើសិនជានាយករដ្ឋមន្រ្តីអាចបញ្ចប់ករណីវិវាទណាហ្គាវើលដ៍នេះបាន នោះពិតជាសាកសមដែលកម្ពុជាត្រូវក្លាយជាប្រធានប្តូរវេនអាស៊ាននៅពេលខាងមុខនេះ។ មួយវិញទៀត បើសិននាយករដ្ឋមន្រ្តីដោះស្រាយបញ្ហាតូចៗក្នុងប្រទេសបានល្អប្រសើរ នោះទោះបីជាបរាជ័យក្នុងការដោះស្រាយបញ្ហានៅភូមានាពេលខាងមុខ ក៏កម្ពុជាមិនសូវរងការអាម៉ាស់ធ្ងន់ធ្ងរនោះដែរ៕