en     km
en     km

កីឡាការិនីជើងឯកពិភពលោក អ៊ុក ស្រីមុំ ទទួលរង្វាន់ពីនាយករដ្ឋមន្ត្រី

Share

កីឡាការិនី អ៊ុក ស្រីមុំ ដែលជាជើងឯកពិភពលោកផ្នែកកីឡាប៉េតង់ និងគ្រូបង្វិក នៅព្រឹកថ្ងៃពុធនេះ បានទទួលរង្វាន់លើកទឹកចិត្តបន្ថែម ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព។

កញ្ញា គុជ ស៊ីកុល ជូនសេចក្ដីរាយការណ៍ …

 

 

កីឡាការិនី អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសពិភពលោក ក្នុងការប្រកួតកីឡាប៉េតង់នៅទីក្រុង
សាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលរង្វាន់លើកទឹកចិត្តបន្ថែមពី
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធ ទី ០៥ ខែមករា ឆ្នាំ ២០២២ នេះ។

រង្វាន់ដែលនាយករដ្ឋមន្ត្រីបានប្រគល់ជូនជើងឯកពិភពលោក កីឡាការិនី អ៊ុក ស្រីមុំ ក្នុងពិធីមួយនៅវិមានសន្តិភាព រួមមានថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៤០ លានរៀល និងថវិការបស់សម្តេចផ្ទាល់ រួមជាមួយសម្តេច ប៊ុន រ៉ានី ជាភរិយា ចំនួន ១ ម៉ឺនដុល្លារទៀត។

ក្នុងឱកាសនោះដែរ គ្រូបង្វឹកទទួលបានប្រាក់រង្វាន់ពីក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៤០ លានរៀល ព្រមទាំងថវិការបស់សម្ដេចនាយករដ្ឋមន្ត្រី និងភរិយា ចំនួន ៥ ពាន់ដុល្លារ។

ក្រៅពីការផ្ដល់រង្វាន់លើកទឹកចិត្តបន្ថែម ប្រមុខរាជរដ្ឋាភិបាលបានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះការប្រឹងប្រែងរបស់កីឡាករ កីឡាការិនីម្នាក់ៗ, ក្រសួងអប់រំ យុវជន និងកីឡា, សហព័ន្ធកីឡា, គ្រូបង្វឹកទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជំរុញវិស័យកីឡាជាតិអោយកាន់តែរីកចម្រើន។

សម្ដេច ហ៊ុន សែន បានចាត់ទុកការដណ្តើមបានមេដាយមាសពិភពលោកដោយកីឡាការិនី អ៊ុក ស្រីមុំ ក៏ដូចជាកីឡាករ កីឡាការិនីដទៃៗទៀត ថាជាកិត្តិយសរបស់ជាតិទាំងមូល ហើយថាការចេញទៅប្រកួតរបស់កីឡាករ កីឡាការិនី គឺជាការតំណាងឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបើតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី ទាមទារឱ្យកីឡាករ កីឡាការិនី រក្សាភាពថ្លៃថ្នូរ និងគោរទៅតាមលក្ខន្តិកៈនៃការប្រកួត៕

Share

Image
Image
Image