ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបំផ្លោងគ្រាប់បែកដែលគេសង្ស័យថាជាកាំជ្រួចបាលីស្ទីកអាចបញ្ជាបាន នៅប៉ុន្មានម៉ោងមុនពេលកូរ៉េខាងត្បូងបើកការដ្ឋានសង់ផ្លូវដែកដែលខ្លួនរំពឹងថាអាចតភ្ជាប់កូរ៉េទាំងពីរ។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …
ប្រទេសកូរ៉េខាងជើងបានបាញ់របស់ដែលគេសង្ស័យថាជាកាំជ្រួចផ្លោងដែលអាចបញ្ជាបាន ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃពុធ ទី ០៥ ខែមករា ឆ្នាំ ២០២២។
ការបំផ្លោងគ្រាប់បែកនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេ-អ៊ីន ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវដែកមួយ ដែលគាត់សង្ឃឹមថានឹងតភ្ជាប់ឧបទ្វីបកូរ៉េដែលបែកបាក់នេះជាយថាហេតុ។
គិតចាប់ពីខែតុលាឆ្នាំមុនមក វាជាការបាញ់បង្ហោះគ្រាប់បែកជាលើកដំបូងរបស់កូរ៉េខាងជើង។ ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់ពាក្យសន្យាសម្រាប់ឆ្នាំថ្មីរបស់លោក គីម ជុង អ៊ុន ដែលថានឹងពង្រឹងកម្លាំងយោធាដើម្បីទប់ទល់នឹងស្ថានការណ៍អន្តរជាតិមិនស្ថិតស្ថេរ ស្របពេលដែលកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាប់គាំង។
ក្រោយពីការបាញ់នោះប៉ុន្មានម៉ោង លោក មូន ចេ-អ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើទស្សនកិច្ចនៅទីក្រុងឆ្នេរ ហ្គូសឹង ក្បែរព្រំដែនកូរ៉េខាងជើង ទីដែលគាត់បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវរថភ្លើងថ្មីមួយ។ គាត់ហៅការដ្ឋាននេះថាជា «ជណ្ដើរឆ្ពោះទៅរកសន្តិភាពនិងតុល្យភាពក្នុងតំបន់»នៅលើឧបទ្វីបកូរ៉េ។
ជាការកត់សម្គាល់របស់គាត់ក្នុងពិធីនោះ លោក មូន បានទទួលស្គាល់ថា ការបំផ្លោងគ្រាប់បែកដោយកូរ៉េខាងជើង បានបង្កើនក្ដីបារម្ភអំពីភាពតានតឹង និងការខូចខាតដល់ទំនាក់ទំនងអន្តរកូរ៉េ។ ប្រធានាធិបតីកូរ៉េខាងត្បូងបានអំពាវនាវឱ្យកូរ៉េខាងជើងធ្វើការប្រឹងប្រែងដោយស្មោះត្រង់ដើម្បីឱ្យមានការសន្ទនាគ្នា។
គាត់បាននិយាយថា៖ «យើងមិនគួរបោះបង់ចោលក្តីសង្ឃឹមថានឹងមានកិច្ចសន្ទនាដើម្បីជម្នះស្ថានភាពរកាំរកូសនេះជាចាំបាច់ទេ»។
«ប្រសិនបើកូរ៉េទាំងពីរធ្វើការរួមគ្នា និងកសាងទំនុកចិត្ត សន្តិភាពនឹងសម្រេចបាននៅថ្ងៃណាមួយ»។ លោក ម៉ូន បានថ្លែងបន្តដូច្នេះ។
ការបំផ្លោងគ្រាប់ស្រដៀងកាំជ្រួចបាលីស្ទីកដោយកូរ៉េខាងជើង ដែលជាប្រទេសមានអាវុធអាវុធបរមាណូ បានគូសបញ្ជាក់ពីបញ្ហាដែលប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេ-អ៊ីន កំពុងប្រឈមមុខនៅក្នុងការជំរុញរបស់គាត់ ដើម្បីសម្រេចឱ្យបាននូវទំនាក់ទំនងការទូតឡើងវិញជាមួយកូរ៉េខាងជើង មុនពេលអាណត្តិ ៥ ឆ្នាំរបស់ប្រធានាធិបតីរូបនេះត្រូវបញ្ចប់នៅក្នុងខែឧសភា។
ការតភ្ជាប់កូរ៉េទាំងពីរឡើងវិញតាមផ្លូវដែក គឺជាចំណុចស្នូលនៃកិច្ចប្រជុំនានា រវាងលោក គីម និងលោក មូន ក្នុងឆ្នាំ ២០១៨ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងនោះមិនបានហុចផលអ្វីទេ ខណៈដែលកិច្ចពិភាក្សាក្នុងគោលបំណងបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យបោះបង់អាវុធបរមាណូររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិ បានជួបបរាជ័យក្នុងឆ្នាំ ២០១៩៕
—
យោង៖ https://www.reuters.com/world/asia-pacific/north-korea-fired-what-could-be-ballistic-missile-japan-coast-guard-2022-01-04/