en     km
en     km

រដ្ឋាភិបាលកាហ្សាក់ស្ថានលាលែងពីតំណែង ខណៈការតវ៉ាផ្ទុះឡើង

Share

ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាស្ស៊ីម ហ្ស៊ូម៉ា តូកាយ៉េវ បានទទួលយកការលាលែងពីតំណែងរបស់រដ្ឋាភិបាលប្រទេសនេះ នៅថ្ងៃពុធ ទី ០៥ ខែមករា ឆ្នាំ ២០២២ បន្ទាប់ពីផ្ទុះការតវ៉ារបស់ពលរដ្ឋ។

 

 

ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាស្ស៊ីម ហ្ស៊ូម៉ា តូកាយ៉េវ បានទទួលយកការលាលែងពីតំណែងរបស់រដ្ឋាភិបាលប្រទេសនេះ នៅថ្ងៃពុធ ទី ០៥ ខែមករា ឆ្នាំ ២០២២។​

ការលាលែងរបស់គណៈរដ្ឋមន្ត្រីការហ្សាក់ស្ថានកើតឡើង បន្ទាប់ពីការដំឡើងថ្លៃឥន្ធនៈក្នុងប្រទេសផលិតប្រេងនៅអាស៊ីកណ្តាលមួយនេះ បានបញ្ឆេះការតវ៉ានានា ដែលធ្វើឱ្យនគរបាលជិត ១០០ នាក់រងរបួស។

នគរបាលបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកធ្វើឱ្យស្រវាំងភ្នែកកាលពីល្ងាចថ្ងៃអង្គារ ដើម្បីបណ្តេញបាតុកររាប់រយនាក់ចេញពីទីលានសំខាន់ក្នុងទីក្រុង អាល់ម៉ាទី ដែលជាទីក្រុងធំបំផុតរបស់អតីតប្រទេសសាធារណរដ្ឋនៅក្នុងសហភាពសូវៀតមួយនេះ។

ការប៉ះទង្គិចគ្នាបានបន្តនៅថ្ងៃពុធ បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានលាលែងពីតំណែង។ អ្នកឆ្លើយឆ្លងព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានរើយធើ បានឃើញបាតុកររាប់ពាន់នាក់ដែលធ្វើដំណើរប្រញាប់ប្រញាល់ឆ្ពោះទៅកណ្តាលទីក្រុង អាលម៉ាទី ដោយពួកគេខ្លះជិះឡានធំ បន្ទាប់ពីកងកម្លាំងសន្តិសុខមិនអាចបំបែកពួកគេដោយឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់បែកធ្វើឱ្យស្រវាំងភ្នែកបាន។

សម្ព័ន្ធក្រុមហ៊ុន អាតាម៉េគែន ដែលជាអ្នកចរចាបញ្ចុះបញ្ចូលផ្នែកពាណិជ្ជកម្មរបស់ប្រទេសកាហ្សាក់ស្ថាន បាននិយាយថា សមាជិករបស់ខ្លួនបានរាយការណ៍អំពីករណីនៃការវាយប្រហារលើធនាគារ អាគារលក់ទំនិញធំៗ និងភោជនីយដ្ឋាននានា។

កាហ្សាក់ស្ថានគឺជាប្រទេសមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងមួយ ដែលព្យាយាមធ្វើឱ្យគេឃើញរូបភាពនៃស្ថិរភាពនយោបាយ ដើម្បីជួយឱ្យប្រទេសនេះទាក់ទាញការវិនិយោគបរទេសរាប់រយពាន់លានដុល្លារក្នុងឧស្សាហកម្មប្រេងនិងលោហធាតុរបស់ខ្លួន អស់រយៈពេល ៣ ទសវត្សរ៍ បន្ទាប់ពីបានឯករាជ្យពីសហភាពសូវៀត។

អាជ្ញាធរ​ក្រុង​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់នៅ​ផ្ទះ ដោយ​ថាប្រតិបត្តិការ​អនុវត្ត​ច្បាប់​កំពុង​បន្ត។

ការ​តវ៉ា​បាន​ចាប់​ផ្តើម ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដក​ចេញនូវការ​គ្រប់​គ្រង​តម្លៃហ្គាសអិលភីជី​នៅ​ដើម​ឆ្នាំថ្មីនេះ ជាហេតុនាំឱ្យឥន្ធនៈប្រភេទនេះឡើងថ្លៃ។ កន្លងទៅ ពលរដ្ឋកាហ្សាក់ស្ថានជាច្រើននាក់បានបំប្លែងប្រព័ន្ធឥន្ធនៈរថយន្តរបស់ពួកគេឱ្យដើរដោយឧស្ម័ន អិលភីជី ដោយសារតែតម្លៃរបស់វាទាប។

ថ្លែងទៅកាន់សមាជិកគណៈរដ្ឋមន្ត្រីស្តីទី លោក តូកាយ៉េវ បានបញ្ជាឱ្យពួកគេ និងអភិបាលខេត្តនានា ដាក់ឡើងវិញនូវការគ្រប់គ្រងតម្លៃឧស្ម័ន អិលភីជី ហើយឱ្យពង្រីកការគ្រប់គ្រងតម្លៃទៅលើប្រេងសាំង ប្រេងម៉ាស៊ូត និងទំនិញប្រើប្រាស់«សំខាន់ៗខាងសង្គមកិច្ច»ផ្សេងៗទៀត៕

យោង៖ https://www.reuters.com/markets/commodities/kazakhstan-government-resigns-after-violent-protests-over-fuel-price-2022-01-05/

Share

ព័ត៌មានទាក់ទង

Image