en     km
en     km

រដ្ឋាភិបាលបង្កើតគណៈកម្មការទេសចរណ៍ដើម្បីពន្លឿនផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប

Share

ដើម្បីដឹកនាំ និងសម្របសម្រួលត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាព និងសំដៅ បង្កើនភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាព រដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន បានបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់ខេត្តសៀមរាប-អង្គរ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើតាមក្រសួងទេសចរណ៍ផ្សព្វផ្សាយនៅថ្ងៃទី៤ ខែ មករា ឆ្នាំ២០២២ ម្សិលមិញ។

ក្នុងអនុក្រឹត្យរបស់រដ្ឋាភិបាល អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ត្រូវបានបង្កើតឡើងតាមតំបន់ចំនួន៦រួមមាន  តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់បេតិកភណ្ឌអង្គរ តំបន់ក្រុងសៀមរាប តំបន់បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី។

ផ្អែកតាមក្រសួងទេសចរណ៍ កាលពីពេលកន្លងទៅ ផែនការ​មេខេត្តសៀមរាប ​រំពឹងថា​នឹង​អាច​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន ១០,៩ លាន​នាក់​នៅ​ឆ្នាំ​ ២០២៣ និង​ភ្ញៀវទេសចរ​អន្តរជាតិ ៧,៥ លាន​នាក់​នៅ​ឆ្នាំ​ ២០២៥​។ ទន្ទឹម​នេះ​រដ្ឋាភិបាល​ក៏​មាន​ចក្ខុវិស័យ​បង្កើត​ការងារ​ឱ្យបាន ៩៤ ម៉ឺន​នាក់ និង​ប្រាក់ចំណូល​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាប ប្រមាណ ៦ ពាន់​លាន​ដុល្លារ​។

សូមជម្រាបថា ផែនការ​មេអភិវឌ្ឍន៍ខេត្តសៀមរាប ២០២១-២០៣៥ នឹង​ជួយ​ធ្វើឱ្យ​ខេត្តសៀមរាប និង​តំបន់​នៅ​ជុំវិញ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ឆ្ពោះទៅ​ឆ្នាំ​ ២០៣៥ តាមរយៈ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​មួយចំនួន​ដូចជា ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​អាទិភាព​ក្នុង​ខេត្ត​, ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​, ការផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ​, ការពង្រឹង​គុណភាព និង​និរន្តរភាព​, ការគ្រប់គ្រង​បរិស្ថាន​, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រីក​ការតភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍​, និង​ការពង្រឹង​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប៕

Share

ព័ត៌មានទាក់ទង

Image