en     km
en     km

បុគ្គលិកណាហ្គាវើលដ៍រក្សាជំហរចេញតវ៉ាទោះបីតំណាងខ្លួនត្រូវចាប់ខ្លួនជាបន្តបន្ទាប់

Share

ភ្នំពេញ៖ បុគ្គលិកណាហ្គាវើលដ៍ដែលទើបត្រូវបានដោះលែងនិងបុគ្គលិកដទៃទៀតនៅតែរក្សាជំហរចេញតវ៉ាទាមទាររកដំណោះស្រាយដដែល បើទោះបីជា តំណាងនិងបុគ្គលិកមួយចំនួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនក៏ដោយ។ យ៉ាងណាមន្រ្តីស្នងការនគរបាលជាតិគូសបញ្ជាក់ថា ការឃាត់ខ្លួនអ្នកទាំងនោះដោយសារពួកគេបានធ្វើសកម្មភាព អុកឡុក ញុះញង់​ បំពានលើសេចក្តីណែនាំនិងច្បាប់កំណត់។

អត្ថបទដោយលោក កែវ សុខា រាយការណ៍ដោយ កញ្ញា មាស គឹមធួន  

 

បុគ្គលិកម្នាក់នៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងពេលចេញតវ៉ានិងក្រោយមកត្រូវបានដោះលែងមកវិញ គឺកញ្ញា ឡុច រំដួល ប្រាប់វិទ្យុស្រ្តីថា កញ្ញាត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមួយយប់និងបានដោះលែងមកវិញក្រោយសមត្ថកិច្ចអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការចេញធ្វើបាតុកម្ម កូដកម្ម បើពុំដូច្នោះទេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ បើទោះបីជារងការព្រមានណែនាំយ៉ាងណាក្តី តែកញ្ញា រំដួល បញ្ជាក់ជំហរថា នៅតែរក្សាឆន្ទៈចេញតវ៉ាដើម្បីរកដំណោះស្រាយសមរម្យឱ្យបាន។

ដោយឡែកបុគ្គលិកផ្នែកចុងម្នាក់ទៀតនៃក្រុមហ៊ុនណាហ្គាវើលដ៍អ្នកស្រី ណុប ទិត្យបូរ៉ាវី ប្រាប់វិទ្យុស្រ្តីថា បើទោះបីជាតំណាងរបស់ខ្លួននិងបុគ្គលិកដទៃទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់យ៉ាងណាក្តី តែអ្នកស្រីនិងបុគ្គលិកផ្សេងទៀតនៅតែរក្សាជំហរចេញតវ៉ាដដែលនិងមិនខ្លាចការចាប់ខ្លួននោះទេ។

សកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។រូបភាពពីហ្វេសប៊ុកCCHR។

 

ទាក់ទងករណីនៃការឃាត់ខ្លួនតំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍នេះ លោក ​សាន សុខសីហា ​អ្នក​នាំ​ពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញឱ្យដឹងថា សមត្ថកិច្ចបានដោះលែងពួកគេមកវិញសរុបចំនួន ១៦នាក់ ហើយ ៦នាក់ត្រូវបានតុលាការឃុំខ្លួនជាបណ្តុះអាសន្ន និង ៣នាក់ដែលឃាត់ខ្លួនកាលពីម្សិលមិញត្រូវបញ្ជូនឱ្យតុលាការធ្វើការសាកសួរ។ លោកបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានការឃាត់ខ្លួនអ្នកទាំងនោះ ព្រោះពួកគេបានបង្កការអុកឡុក ញុះញង់ ធ្វើឱ្យមានភាពវឹកវរក្នុងសង្គមជាតិ។ ជាងនេះសកម្មភាពរបស់ក្រុមបុគ្គលិកណាហ្គាវើលដ៍មួយចំនួនបានធ្វើសកម្មភាពផ្ទុយពីការណែនាំ និងបំពានលើច្បាប់ដែលបានកំណត់។

ទាក់ទងការចាប់ខ្លួនតំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍នេះ អង្គការសង្គមស៊ីវិលជាង១០០ស្ថាប័នកាលពីម្សិលមិញបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយថ្កោលទោសនិងសម្តែងការខកចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលឃាត់ខ្លួនក្រុមបាតុករដែលធ្វើសកម្មភាពតវ៉ាដោយអហិង្សា។

ជាងនេះអង្គការសង្គមស៊ីវិលទាំងនោះយល់ថា ការឃាត់ខ្លួនបុគ្គលិកណាហ្គាវើលដ៍ជាបន្តបន្ទាប់នេះ បានបង្ហាញនូវរូបភាពបំភិតបំភ័យ គម្រាមកំហែង ដើម្បីឱ្យកូដករលែងហ៊ានចេញតវ៉ាបន្តទៀត។

សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះលែងតំណាងសហជីពនិងបុគ្គលិកជាបន្ទាន់និងឥតលក្ខខណ្ឌ រក្សាភាពអព្យាក្រឹត្យ ឈានទៅរកដំណោះស្រាយបញ្ចប់បញ្ហានេះ។

តែយ៉ាងណា លោក សាន សុខសីហា ចាត់ទុកការថ្លែងរបស់បណ្តាអង្គការសង្គមស៊ីវិលនេះថា គ្មានមូលដ្ឋានអង្កេតច្បាស់លាស់​ ខណៈលោកថា សមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់ដែលបានចែង។

កម្លាំងសមត្ថកិច្ចដាក់របាំងរារាំងបាតុករមិនឱ្យទៅមុខណាហ្គាវើលដ៍។រូបភាពCCHR

 

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ តំណាងសហជីព និងបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ នៅពេលពួកគេតវ៉ាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ចេញមុខដោះស្រាយនូវលក្ខខ័ណ្ឌចំនួន ៩ ចំណុច។

ដោយឡែកកាលពីថ្ងៃម្សិលមិញ តំណាងសហជីពលេចធ្លោមួយរូបគឺកញ្ញា ឈឹម ស៊ីថរ ដែលសកម្មក្នុងការដឹកនាំការតវ៉ាទាមទារផលប្រយោជន៍ជូនរបស់បុគ្គលិកណាហ្គាវើលនិងដៃគូពីរនាក់ទៀតគឺ ​លោក សុខ ណារិទ្ធ និង​លោក សុខ គង្គា ​ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនយ៉ាងកម្រោលចូលក្នុងឡាន ខណៈពួកគេទើបធ្វើដំណើរចុះពីរថយន្តមកធ្វើកូដកម្មនៅក្បែរវិមានរដ្ឋសភា។

ជុំវិញរឿងនេះដែរ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកកាលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ថា​ ស្ថានទូតអាមេរិកកំពុង​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ ករណី​ចាប់ខ្លួន​បុគ្គលិក​​​កាស៊ីណូ​​ណាហ្គាវើលដ៍ ពាក់ព័ន្ធការ​​បញ្ចេញ​មតិ​ដោយ​សន្តិវិធីនេះ។ ស្ថាទូតប្រទេសមហាងអំណាចមួយនេះ ​បាន​អំពាវនាវ​ឱ្យអាជ្ញាធរ​កម្ពុជា​ស្ដាប់​សំឡេង​របស់​ពលរដ្ឋ៕

Share

ព័ត៌មានទាក់ទង

Image