en     km
en     km

មហាអំណាចអាវុធបរមាណូប្តេជ្ញារារាំងមិនឱ្យមានសង្គ្រាមនុយក្លេអ៊ែរ

Share

បណ្ដាប្រទេសមហាអំណាចអាវុធបរមាណូ ឬអាវុធនុយក្លេអ៊ែរ ដែលបានខំធ្វើអាវុធមហាប្រល័យនេះ ជាយូរ និងជាច្រើនគ្រាប់ ស្រាប់តែបានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទថា ត្រូវតែបញ្ជៀសសង្គ្រាមនុយក្លេអ៊ែរ។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ …

 

 

សហរដ្ឋអាមេរិក រុស្ស៊ី ចិន និងប្រទេសពីរផ្សេងទៀត ដែលមានអាវុធបរមាណូ ឬអាវុធនុយក្លែអ៊ែ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទ ដោយលើកឡើងថា ត្រូវតែចៀសវាងសង្គ្រាមនុយក្លេអ៊ែរ ហើយថា តួនាទីអាវុធប្រភេទនេះគួរតែត្រូវបង្រួមឱ្យនៅត្រឹមសម្រាប់ការពារខ្លួន និងសម្រាប់ទប់ស្កាត់ការឈ្លានពាន។

ប្រទេសចិនបានអបអរសាទរសេចក្តីថ្លែងការណ៍នេះថា ជាឯកសារដំបូងស្ដីពីបញ្ហាអាវុធនុយក្លេអ៊ែរ ចេញដោយមេដឹកនាំនៃរដ្ឋទាំងប្រាំ ដែលគេហៅថារដ្ឋមានអាវុធនុយក្លេអ៊ែរ។

ប៉ុន្តែ គេមិនទាន់ដឹងច្បាស់ថាតើនឹងមានវឌ្ឍនភាពជាក់ស្ដែងណាមួយអាចលេចចេញជារូបរាងដើម្បីឈានទៅសម្រេចគោលដៅរំសាយអាវុធនុយក្លេអ៊ែរនៅឡើយទេ នៅពេលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។

ប្រទេសទាំងប្រាំ រួមទាំងអង់គ្លេស និងបារាំងផង បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «យើងសូមអះអាងថា សង្គ្រាមនុយក្លេអ៊ែរមិនមានអ្នកឈ្នះទេ ហើយមិនត្រូវធ្វើសង្គ្រាមនេះឡើយ»។

«ដោយហេតុថា ការប្រើប្រាស់នុយក្លេអ៊ែរអាចមានផលវិបាកធំធេង យើងក៏សូមអះអាងដែរថា អាវុធនុយក្លេអ៊ែរ ដរាបណាវានៅតែបន្តមាន គួរទុកសម្រាប់តែការពារខ្លួន ទប់ស្កាត់ការឈ្លានពាន និងរារាំងមិនឱ្យមានសង្គ្រាម»។ ប្រទេសទាំង៥នោះបានសរសេរបន្ថែមដូច្នេះ។

ជំហានថ្មីបំផុតនេះបានកើតឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន កំពុងតាំងចិត្តចាត់វិធានការកាត់បន្ថយតួនាទីនៃអាវុធនុយក្លេអ៊ែរ ដែលជាដំណើរប្លែកពីប្រធានាធិបតីមុន គឺលោក ដូណល ត្រាំ ដែលគេរិះគន់ចំពោះការធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកន្លងមក ក្នុងការទប់ស្កាត់គ្រោះថ្នាក់បង្កឡើងដោយអាវុធប្រភេទនេះ។

សន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរបានសម្គាល់ប្រទេសទាំងប្រាំជាផ្លូវការថាមានអាវុធនុយក្លេអ៊ែរ។ យោងតាមសន្ធិសញ្ញាមិនរីកសាយនុយក្លែអ៊ែរ ប្រទេសមហាអំណាចនុយក្លេអ៊ែរសន្យាថានឹងធ្វើការសំដៅរំសាយអាវុធខ្លួន ជាថ្នូរនឹងការសន្យាមិនផលិតអាវុធមហាប្រល័យនេះដោយរដ្ឋនានាដែលពុំមាននុយក្លេអ៊ែរ។

ប៉ុន្តែ​ការ​ខកចិត្ត​បាន​និង​កំពុង​កើន​ឡើង នៅ​ក្នុង​ចំណោម​ប្រទេសដែលពុំមាន​នុយក្លេអ៊ែរ ​ចំពោះកង្វះវឌ្ឍនភាពក្នុង​ការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរចេញពី​ពិភពលោក។

ដោយស្រង់សំដីលោកស្រី ម៉ារីយ៉ា ហ្សាកខារ៉ូវ៉ា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី, ទីភ្នាក់ងារសារព័ត៌មានតាស របស់រុស្ស៊ីបានឱ្យដឹងថា សេចក្តីថ្លែងការណ៍រួមខាងលើត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើឱ្យជួនពេលគ្នានឹងសន្និសីទអង្គការសហប្រជាជាតិដើម្បីពិនិត្យការអនុវត្តសន្ធិសញ្ញាមិនរីកសាយនុយក្លេងអ៊ែរ ដែលត្រូវចាប់ផ្តើមធ្វើក្នុងថ្ងៃ​អង្គារនេះ នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

លោកស្រីបាននិយាយថា នៅនាទីចុងក្រោយ គេបានសម្រេចលើកពេលធ្វើសន្និសីទអង្គការសហប្រជាជាតិនេះ ដោយសារតែកំណើននៃករណីឆ្លងមេរោគកូរ៉ូណា នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែប្រទេសទាំង ៥ បានសម្រេចចិត្តបញ្ចេញសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន «ដោយសារភាពសំខាន់»នៃខ្លឹមសាររបស់វា។

លោកស្រីហ្សាកខារ៉ូវ៉ា បានសង្កត់ធ្ងន់ថា វាជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ក្នុងការតាក់តែងសេចក្ដីព្រាងឯកសារនោះ។

គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក ២ គ្រាប់ បានសម្លាប់មនុស្សប្រមាណ ១៤ ម៉ឺននាក់ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងប្រហែល ៧ ម៉ឺន ៤ ពាន់នាក់ទៀត នៅទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន ក្នុងថ្ងៃចុងក្រោយនៃសង្គ្រាមលោកលើកទី ២ នាចុងឆ្នាំ ១៩៤៥។

នៅពេលដែលសន្ធិសញ្ញាអង្គការសហប្រជាជាតិ ដែលហាមប្រាមអាវុធនុយក្លេអ៊ែរ ចូលជាធរមានក្នុងខែមករា ឆ្នាំមុន គ្មានរដ្ឋអាវុធនុយក្លេអ៊ែរណាមួយ ក្នុងចំណោមរដ្ឋទាំងប្រាំ ដែលជាសមាជិកអចិន្ត្រៃយ៍មានសិទ្ធិជំទាស់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចូលរួមក្នុងសន្ធិសញ្ញានោះទេ។

ប្រទេសជប៉ុនក៏បានដកឃ្លាពីការចុះហត្ថលេខាលើសន្ធិសញ្ញានោះដែរ ដោយពិចារណាលើសម្ព័ន្ធភាពផ្នែកសន្តិសុខរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកធានាការពារប្រទេសជប៉ុនតាមរយៈអាវុធបរមាណូរបស់ខ្លួន។

ទន្ទឹមនឹងនេះ ការប្រណាំងប្រជែងគ្នាអភិវឌ្ឍបច្ចេកវិទ្យាអាវុធលឿនជាងសំឡេង ហាក់ដូចជាកំពុងកើនឡើងខ្លាំងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ ភាព​តានតឹង​ក៏បាន​និង​កំពុង​កើន​ឡើង​ផង​ដែរ ​រវាង​សហរដ្ឋ​អាមេរិក និងប្រទេស​រុស្ស៊ី​ ជុំវិញ​ការចោទប្រកាន់​ថា រដ្ឋាភិបាលទី​ក្រុង​ម៉ូស្គូ​អាច​នឹង​ចាត់​វិធានការ​យោធា​នៅតាម​ព្រំដែន​ជាមួយ​អ៊ុយក្រែន។

លើសពីនេះទៅទៀត សហរដ្ឋអាមេរិកបានព្រមានឱ្យដឹងអំពីការបង្កើនអាវុធនុយក្លេអ៊ែរពីសំណាក់ប្រទេសចិន តាមរយៈរបាយការណ៍មួយរបស់ក្រសួងការពារជាតិអាមេរិក ដែលបាននិយាយកាលពីខែវិច្ឆិកាថា រដ្ឋាភិបាលទីក្រុងប៉េកាំងទំនងជានឹងមានក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងហោចណាស់ ១ ពាន់ គ្រាប់ នៅត្រឹមឆ្នាំ ២០៣០។

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២១ ប្រទេសចំនួនប្រាំបួន ក្នុងនោះមានមហាអំណាចអាវុធនុយក្លេអ៊ែរទាំងប្រាំ ព្រមទាំងឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង និងប៉ាគីស្ថានផង មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ១ ម៉ឺន ៣ ពាន់ ១៥០ គ្រាប់។ នេះបើយោងតាមវេបសាយត៍សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក។

វេបសាយត៍នោះបាននិយាយទៀតថា សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី នៅតែជាមហាអំណាចនុយក្លេអ៊ែរដែលមានប្រៀបជាងគេ ដោយកាន់កាប់ប្រហែល ៩១ ភាគរយនៃក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់នៅលើពិភពលោក ឬនិយាយម្យ៉ាងទៀតថា ប្រទេសនីមួយៗក្នុងចំណោមប្រទេសទាំង២នេះ មានក្បាលគ្រាប់បរមាណូប្រហែល ៤ ពាន់គ្រាប់៕

យោង៖ https://english.kyodonews.net/news/2022/01/bdf95aaec999-5-nations-including-us-russia-china-vow-to-prevent-nuclear-war.html

Share

ព័ត៌មានទាក់ទង

Image