រដ្ឋមន្ដ្រីកសិកម្ម ឯកឧត្តម វេង សាខុន បានបង្ហាញក្ដីសង្ឃឹមថា កសិផលកម្ពុជានឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។
ការបង្ហាញពីការសង្ឃឹមបែបនេះ គឺនៅពេលឯកឧត្តមរដ្ឋមន្ត្រីបានចុះពិនិត្យសួនឧស្សាហ៍កម្មកសិកម្ម ហ៊ុង ថៃ នៅមជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២។
ក្នុងឱកាសនោះ ឯកឧត្តម វេង សាខុន បានអំពាវនាវឲ្យវិស័យឯកជនផ្សេងទៀតចូលរួម និងសហការឲ្យបានពេញលេញ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយធ្វើយ៉ាងណាច្បាមយកឱកាសមាសឲ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្ម។
សួនឧស្សាហ៍កម្មកសិកម្មខាងលើ មានសមត្ថភាពកែច្នៃ វេចខ្ចប់ ស្ដុកទុក និងសម្លាប់មេរោគ សត្វល្អិតចង្រៃ ចំពោះផ្លែឈើ ដែលធ្វើឱ្យកសិផលមានស្តង់ដារគុណភាព សុវត្ថិភាព និងអាចប្រកួតប្រជែងលើទីផ្សារអន្ដរជាតិបាន។
ឯកឧត្តមរដ្ឋមន្ដ្រីបានរំលេចឱ្យដឹងទៀតថា សួនឧស្សាហ៍កម្មកសិកម្មនឹងចូលរួមចំណែកផ្តល់ឱកាសឲ្យ
កសិផលកម្ពុជា បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនប្រាក់ចំណូល និងរក្សានិរន្តរភាពផលិតកម្មផ្លែឈើ ពង្រឹងសេដ្ឋកិច្ចគ្រួសារ និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទកូវីដ១៩៕