ក្រុងយ៉ាំងហ្គោន៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន (Thein Sein) និងប្រមុខកងទ័ពដ៏មានអំណាចរបស់ប្រទេសមួយនេះ បានអបអរសាទរចំពោះមេដឹកនាំបក្សប្រឆាំងគឺលោកស្រី អ៊ុងសាន ស៊ូជី ដែលគណបក្សរបស់លោកស្រីនៅតែកំពុងឆ្ពោះទៅរកការទទួលជ័យជម្នះក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រកាលពីថ្ងៃអាទិត្យ ទី៨ វិច្ឆិកា កន្លងទៅនោះ។
លោក ថេន សេន បាននិយាយថារដ្ឋាភិបាលនឹងទទួលស្គាល់នូវលទ្ធផលបោះឆ្នោត ហើយបានសន្យាថានឹងមានការផ្ទេរអំណាចដោយសន្តិភាព ស្របតាមលទ្ធផលបោះឆ្នោតដែលគ្រោងនឹងប្រកាសនាពេលខាងមុខ។
បើតាមការបង្ហោះនូវសេចក្ដីថ្លែងការណ៍នៅលើទំព័រហ្វេសប៊ុករបស់អ្នកនាំពាក្យប្រធានាធិបតីកាលពីថ្ងៃពុធ បានឱ្យដឹងថាលោកប្រធានាធិបតីមីយ៉ាន់ម៉ាសព្វថ្ងៃ បានសម្ដែងការសាទរចំពោះលោកស្រី ស៊ូជី ថា៖ «អបអរសាទរចំពោះលោកស្រីប្រធាន អ៊ុងសាន ស៊ូជី និងគណបក្សរបស់លោកស្រី ចំពោះការទទួលបានការគាំទ្រពីប្រជាជននេះ»។
«រដ្ឋាភិបាលនឹងគោរព ហើយនិងធ្វើតាមការជ្រើសរើសនិងការសម្រេចចិត្តរបស់ប្រជាជន ព្រមទាំងធ្វើការផ្ទេរអំណាចដោយសន្តិភាពតាមពេលកំណត់ខាងមុខ»។ សេចក្ដីថ្លែងការណ៍នោះបានបញ្ជាក់បន្ថែមថា លោកប្រធានាធិបតីនឹង «ធ្វើការជាមួយមនុស្សគ្រប់គ្នា» ដើម្បីធានាពីស្ថិរភាពនៅក្រោយពេលបោះឆ្នោត។
នៅក្នុងសេចក្ដីថ្លែងការណ៍ដែលបានបង្ហោះនោះក៏បានឱ្យដឹងផងដែរថា លោកឧត្តមសេនីយ៍ មិន អ៊ុង ឡាង (Min Aung Hlaing) ជាមេបញ្ជាការយោធា ដែលបានគ្រប់គ្រងប្រទេសនេះប្រមាណកន្លះសតវត្សរ៍មកហើយនោះ បានសម្ដែងនូវការអបអរសាទរចំពោះគណបក្សប្រឆាំងរបស់លោកស្រី ស៊ូជី គឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ចំពោះជ័យជម្នះបោះឆ្នោតលើរដ្ឋភាគច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា។
កាលពីថ្ងៃពុធម្សិលមិញ លោកស្រី ស៊ូជី បានសរសេរលិខិតទៅកាន់មេដឹកនាំទាំងពីរ ក៏ដូចជាលោក ស្វេ ម៉ាន់ (Shwe Mann) អ្នកនាំពាក្យសភាជាន់ទាប ឱ្យជួបប្រជុំគ្នាស្ដីពីលទ្ធផលនៃការបោះឆ្នោតនោះ ដែលលោកស្រីថា៖ «វាពិតជាសំខាន់ណាស់ក្នុងការអនុវត្តតាមឆន្ទៈរបស់ប្រជាជនប្រកបដោយសន្តិភាពសម្រាប់ផលប្រយោជន៍របស់ប្រទេស»។
ជាការឆ្លើយតប លោក ថេន សេន បានយល់ព្រមតាមសំណើរបស់លោកស្រី ចំពោះការពិភាក្សាដើម្បីបង្រួបបង្រួមជាតិ បើទោះជាភាគីទាំងពីរនៅតែមិនទាន់សម្រេចយល់ព្រមពីពេលវេលា និងទីកន្លែងក្នុងការចរចានោះ។
ចំណែកប្រមុខកងទ័ព ក៏បាននិយាយថាលោកនឹងជួបលោកស្រី ស៊ូជី ក្រោយពីលទ្ធផលផ្លូវការដែលនឹងត្រូវប្រកាសនៅថ្ងៃទី ២២ វិច្ឆិកា នេះ ដោយអាជ្ងាធរបោះឆ្នោត។ ឯលោក ស្វេ ម៉ាន់ វិញ ក៏បានយល់ព្រមថាលោកគ្រោងនឹងជួបលោកស្រីនៅ
សប្ដាហ៍ក្រោយ តែព័ត៌មានពិស្ដារនៅមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
បើគិតត្រឹមថ្ងៃពុធម្សិលមិញនេះ លទ្ធផលបោះឆ្នោតចុងក្រោយបានប្រកាសឱ្យដឹងថា គណបក្ស NLD របស់លោកស្រីស៊ូជី បានឈ្នះ ១៧៩ អសនៈ លើ ២១៦ អសនៈ នៅសភាជាន់ទាប ហើយឈ្នះ ៧៧ អសនៈ លើ ៨៣ អសនៈ នៅសភាជាតិខ្ពស់។
ទន្ទឹមនឹងនោះ គណៈកម្មការបោះឆ្នោតសហភាពបានឱ្យដឹងថាលោកស្រី ស៊ូជី ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព បានឈ្នះអសនៈសម្រាប់គណបក្សរបស់ខ្លួន ប៉ុន្តែលោកស្រីមិនអាចក្លាយជាប្រធានាធិបតីបានទេ ក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ដោយសារលោកស្រីបានរៀបការស្វាមីជាពលរដ្ឋអង់គ្លេស និងមានកូនដែលកាន់លិខិតឆ្លងដែនអង់គ្លេសផងដែរ។ តែទោះជាយ៉ាងណាលោកស្រីបាននិយាយថា វានឹងមានការផ្លាស់ប្ដូរចំពោះបញ្ហានេះ៕
ប្រែសម្រួលដោយ៖ សេង វិបុល / ប្រភព៖ Al Jazeera