en     km
en     km

ទ្វីតធើបិទគណនីសមាជិកាសភាអាមេរិកម្នាក់ជាអចិន្ត្រៃយ៍

Share

ទ្វីតធើបានបិទជាអចិន្ត្រៃយ៍នូវគណនីផ្ទាល់ខ្លួនរបស់សមាជិកាសភាអាមេរិក ឈ្មោះម៉ាចូរី ថៃលើរ ហ្គ្រីន ចំពោះការផ្សាយដំណឹងដែលបំពានគោលការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះម្តងហើយម្តងទៀត។

ក្រុមហ៊ុនទ្វីតធើ កាលពីថ្ងៃអាទិត្យ បាននិយាយថា ខ្លួនបានបិទជាអចិន្ត្រៃយ៍នូវគណនីផ្ទាល់ខ្លួនរបស់សមាជិកាសភាអាមេរិកម្នាក់ ឈ្មោះម៉ាចូរី ថៃលើរ ហ្គ្រីន ក្នុងគណបក្សសាធារណរដ្ឋ ចំពោះការផ្សាយដំណឹងដែលបំពានម្តងហើយម្តងទៀត លើគោលការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ស្ដីពីព័ត៌មានមិនត្រឹមត្រូវ ទាក់ទងនឹងកូវីដ-១៩

សមាជិកាសភាមកពីរដ្ឋចចជា រូបនេះ គឺជាតំណាងរាស្ត្រដំបូងគេ ដែលមានឃើញគណនីទ្វីតធើ របស់ខ្លួន ត្រូវបានហាមឃាត់ជានិរន្តរ៍។

ក្រុមហ៊ុនទ្វីតធើ ពីមុនបានព្យួរមួយរយៈពេលខ្លី នូវគណនីរបស់លោកស្រីហ្គ្រីន ដោយសារការផ្សាយដំណឹងអំពីកូវីដ ដែលប្រព័ន្ធផ្សព្វផ្សាយសង្គមនេះយល់ឃើញថាមានលក្ខណៈ«បំភាន់»។

យ៉ាងហោចណាស់ មានសមាជិកសភាក្នុងបក្សសាធារណរដ្ឋ២នាក់ផ្សេងទៀត គឺលោកជីម ប៊ែង និងលោកបារី ម័រ ដែលបានឃើញគណនីទ្វីតធើ របស់ខ្លួនត្រូវព្យួរមិនឱ្យប្រើបានជាបណ្តោះអាសន្ន។

លោកស្រីហ្គ្រីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមប្រព័ន្ធផ្សព្វផ្សាយថេឡេក្រាម ថា «ទ្វីតធើ គឺជាសត្រូវរបស់អាមេរិក ហើយវាមិនអាចចាត់ចែងការណ៍ពិតបានទេ»។

លោកស្រីបានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយសង្គមទ្វីតធើ «មិនអាចបញ្ឈប់ការណ៍ពិតមិនឱ្យរីកសាយទៅឆ្ងាយនិងទូលំទូលាយបានទេ។ ក្រុមហ៊ុនបច្ចេកវិជ្ជាធំៗមិនអាចបញ្ឈប់ការណ៍ពិតបានទេ។​ អ្នកប្រជាធិបតេយ្យបែបកុម្មុយនិស្ត មិនអាចបញ្ឈប់ការណ៍ពិតបានទេ»។

គណនីទ្វីតធើ ផ្លូវការរបស់លោកស្រីហ្គ្រីន ដែលជាសមាជិកាសភា គឺនៅតែអាចប្រើបាន ហើយមានអ្នកតាមដានចំនួន 39 ម៉ឺននាក់។ ចំនួននេះគឺតិចជាងអ្នកតាមដានគណនីផ្ទាល់ខ្លួនរបស់គាត់ ដែលមានចំនួន 46 ម៉ឺន 5 ពាន់នាក់។

ពីមុន លោកស្រីហ្គ្រីន បានរងការរិះគន់ ចំពោះការកត់សម្គាល់របស់លោកស្រី អំពីជំងឺឆ្លងសាកល។

កាលពីខែមិថុនាកន្លងទៅ លោកស្រីបានធ្វើការសុំអភ័យទោស បន្ទាប់ពីបានប្រៀបធៀបវិធានការតម្រូវឱ្យពាក់របាំងមុខមាត់បង្ការកូវីដ-១៩ និងការចាក់វ៉ាក់សាំង ទៅនឹងការសម្លាប់រង្គាលជនជាតិជ្វីហ្វ អស់ចំនួន 6 លាននាក់។

កាលពីខែមករាកន្លងទៅ, ទ្វីតធើ បានបិទគណនីរបស់លោកស្រីហ្គ្រីន ជាបណ្ដោះអាសន្ន បន្ទាប់ពីគាត់បានលេងសើចជាមួយមន្ត្រីរៀបចំការបោះឆ្នោត ជុំវិញការចោទប្រកាន់អំពីការក្លែងបន្លំអ្នកបោះឆ្នោត។

ក្រុមហ៊ុនទ្វីតធើ និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនទៀត បានហាមឃាត់អតីតប្រធានាធិបតីដូណល ត្រាំ មិនឱ្យប្រើសេវាកម្មរបស់ពួកគេ បន្ទាប់ពីអ្នកគាំទ្ររូបគាត់បានចូលវាយប្រហារវិមានកាពីតូល របស់សភាសហរដ្ឋអាមេរិក អំឡុងកុប្បកម្មដ៏ហិង្សាមួយនៅថ្ងៃទី 6 ខែមករា ឆ្នាំ 2021៕

យោង៖ https://www.reuters.com/world/us/twitter-permanently-bans-us-representative-marjorie-taylor-greene-2022-01-02/

Share

Image
Image
Image