ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២២ នឹងចូលមកដល់នៅវេលារំលងអធ្រាត្រថ្ងៃទី៣១ ខែធ្នូ ប្រធានគណបក្ស និងអ្នកនយោបាយមួយចំនួនបានផ្ញើសាររបស់ខ្លួនតាមទំព័រហ្វេសប៊ុន ដោយចង់ឱ្យអ្នកនយោបាយ មានសាមគ្គីភាពជាតិ ពិសេសមិនចង់ឱ្យអ្នកនយោបាយឈ្លោះប្រកែកភ្នាល់គ្នា ដែលនេះជាល្បែងនយោបាយបែបអន់ថយ។ សាររបស់អ្នកនយោបាយបែបនេះ ស្របពេលដែលមានការភ្នាល់គ្នាមួយបានកើតឡើងរវាងលោក ហ៊ុន ម៉ាណែត និងលោក សម រង្ស៊ី ជុំវិញសញ្ញាប័ត្រយោធារបស់លោក ហ៊ុន ម៉ាណែត។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
ឆ្នាំចាស់២០២១ ផ្លាស់ចូលឆ្នាំថ្មី២០២២ គេសង្កេតឃើញប្រធានគណបក្ស និងអ្នកនយោបាយមួយចំនួនបានរំលេចសាររបស់ខ្លួន ដោយចង់ឱ្យមានសុខដុមរមនារវាងអ្នកនយោបាយមិនថា បក្សកាន់អំណាច ឬបក្សប្រឆាំងនោះទេ។
យើងពិនិត្យមើលសាររបស់អ្នកនយោបាយចាស់វស្សាម្នាក់ ដែលកំពុងជាប់បម្រាមនយោបាយនោះគឺលោក កឹម សុខា។លោក កឹម សុខា បានសរសេរសារលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រទី៣១ ខ្មែធ្នូឆ្នាំ២០២១នេះ ដោយបង្ហាញសេចក្តីគោរពស្រលាញ់ដល់ជនជាតិកម្ពុជា និងបួងសួងឱ្យប្រទេសចៀសផុតពីវិនាសកម្មនានា សង្គ្រាមបង្ហូរឈាម ការរំលោភបំពាន ជំងឺរាតត្បាត និងគ្រោះមហន្តរាយទាំងឡាយ ទោះបីបង្ករដោយមនុស្ស ឬ ធម្មជាតិក្តី។
សាររបស់លោក កឹម សុខា ចង់ឱ្យឆ្នាំ២០២២ខាងនេះ ចង់ឱ្យប្រទេសកម្ពុជាមានការបង្រួបបង្រួមជាតិ សាមគ្គីភាពជាតិ។ ពលរដ្ឋទទួលបានភាពយុត្តិធម៌ ការគោរពសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរ។ ជាងនេះចង់ឱ្យបរិយាកាសសង្គមជាតិប្រកបដោយសមធម៌ សីលធម៌ និងគុណធម៌ ដែលជាពន្លឺសម្រាប់បង្ហាញផ្លូវដ៏ត្រឹមត្រូវនៃអនាគតកូនចៅជំនាន់ក្រោយឲ្យទទួលបាននូវសុខដុមរមនា ដោយមិនគុំគួនសងសឹកគ្នា។
ដោយឡែកសាររបស់ លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ បោះទោះបីជាលោកមិនបង្ហាញឱ្យចំលើរឿងរ៉ាវភ្នាល់គ្នារវាងលោក សម រង្ស៊ី និងលោក ហ៊ុន ម៉ាណែត ក្តី ប៉ុន្តែលោកផ្ញើសារទាញការចាប់អារម្មណ៍ពីអ្នកនយោបាយយកចិត្តទុកដាក់ការលើកស្ទួយជីវភាពប្រជាពលរដ្ឋ។ លោក យ៉ង សាំងកុមារ លើកឡើងលើទំព័រហ្វេសប៊ុកថា នៅឆ្នាំ២០២២ យើងគួររួមគ្នាលើកទឹកចិត្តដល់អ្នកដឹកនាំនយោបាយប្រកួតប្រជែងគ្នាឬភ្នាល់គ្នាលើគោលនយោបាយដើម្បីធានាថា កូនខ្មែរគ្រប់រូបទទួលបានការសិក្សានិងការងារល្អ។ កសិករគ្រប់រូបមានជីវភាពធូរធារ និងសុវត្ថិភាពចំណីអាហារត្រូវបានធានាសម្រាប់អ្នកបរិភោគ។ មនុស្សចាស់ជរាគ្រប់រូបទទួលបានការឧបត្ថម្ភពីរដ្ឋ។ មានមណ្ឌលសុខភាព មន្ទីរពេទ្យនិងសេវាសុខាភិបាលល្អនៅគ្រប់ឃុំសង្កាត់ និងស្រុកក្រុង។ កម្ពុជាសម្បូរទឹក ព្រៃ និងត្រីធម្មជាតិឡើងវិញ។
ងាកមកមើលទំព័រហ្វេសប៊ុករបស់គណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ មុនីកាជាប្រធានវិញសារដំបូងដែលយើងបានឃើញមុនគេនោះគឺពាក្យថា«ទម្លាក់ចោលនយោបាយអន់ថយ!»។
លោកបានពិពណ៌នាពីល្បែងភ្នាល់គ្នារបស់អ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំងថាជារឿងឥតប្រយោជន៍។ជាងនេះលោកបានដាស់តឿនអ្នកនយោបាយបន្តវេនមិនគួរដើរតាមលំអានមិនល្អរបស់អ្នកនយោបាយចាស់ៗនោះទេ។ លោក គង់ មុនីកា ចង់អ្នកនយោបាយខ្មែរ ងាកមកតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាសំខាន់ ជាពិសេសបង្កើនការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាជីវភាពដោយសារកូវីដ និងភាពអយុត្តិធម៌ក្នុងសង្គម។
ចំណែកលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយមបានថ្លែងសារនយោបាយផងលើទំព័រហ្វេសប៊ុកបក្សដោយកត់ សម្គាល់បញ្ហានានានៅឆ្នាំ២០២១ ដែលមានបញ្ហាវិបត្តិជំងឺកូវីដ-១៩ដែលបង្កផលប៉ះពាល់ដល់អាយុជីវិត សុខភាព ការងារ និងជីវភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ លោកក៏បានលើកឡើងបញ្ហាបរិស្ថានផងដែរ ដោយបន្តលើកឡើងនូវបញ្ហាកាប់បំផ្លាញព្រៃឈើ ការលុបបឹងតាមោក ការការទន្ទ្រានព្រៃលិចទឹកនៅបឹងទន្លេសាប។ សម្រាប់បញ្ហាភូមិសាស្រ្តនយោបាយវិញលោកកត់សម្គាល់ពីបញ្ហាសង្គ្រាមនយោបាយ សង្គ្រោមពាណិជ្ជកម្ម សេដ្ឋកិច្ច បច្ចេកវិទ្យា រវាងមហាអំណាចបានកក្រើកគួរឱ្យព្រួយបារម្ភ។ លោកយល់ថា មានតែប្រកាន់យកជំហរអព្យាក្រឹត្យតែប៉ុណ្ណោះទើបជាជម្រើសល្អសម្រាប់កម្ពុជា។
ចំណែកឆ្នាំ២០២២ខាងមុខនេះគណបក្សកម្ពុជានិយម ដាក់ការរំពឹងទុកថា អ្នកនយោបាយទាំងអស់ទម្លាក់ចោលនូវការទាស់ទែងគ្នា ដោយងាកមកគិតពីផលប្រយោជន៍ជាតិជាចម្បង។
ដោយឡែកនៅត្រឹមរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ គេពុំទាន់ឃើញសារនយោបាយពីអ្នកនយោបាយលេចធ្លោពីររូបគឺសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិរស់នៅក្រៅប្រទេសនៅឡើយទេ។
ប៉ុន្តែអ្នកនយោបាយចាស់វស្សាទាំងពីរនៅរយៈពេលចុងក្រោយនេះ បានបន្តលើកឡើងនូវការភ្នាល់គ្នាម្តងហើយម្តងទៀតពីសញ្ញាប័ត្ររបស់លោក ហ៊ុន ម៉ាណែត ដែលទើបក្លាយជាបេក្ខភាពនាយករដ្ឋមន្រ្តីមួយរូបក្នុងជួរបក្សកាន់អំណាច។
អ្នកនយោបាយមានប្រជាប្រិយភាពទាំងពីរ គឺសម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី ព្រមជាមួយលោក ហ៊ុន ម៉ាណែត នៅតែបន្តវាយប្រហារគ្នាតាមរយៈការបបួលគ្នាភ្នាល់រឿងលោក សម រង្ស៊ី លើកឡើង ពីសញ្ញាបត្រយោធារបស់លោក ហ៊ុន ម៉ាណែត នៅសាលា West Point សហរដ្ឋអាមេរិកថាជាសញ្ញាបត្រ”ប្រភេទ២” ឬ “សញ្ញាបត្រយោគយល់”។
តាមរយៈការលើកឡើងរបស់លោក សម រង្ស៊ី នេះទាំងសម្តេច ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ធ្លាប់បានបបួលស្បថ និងបបួលភ្នាល់គ្នា ខណៈអ្នកវិភាគនិងអ្នកនយោបាយផ្សេងទៀតមានការនឿយណាយនិងយល់ថា នេះជាការទាស់ទែងឥតប្រយោជន៍៕