en     km
en     km

ក្រសួងសាធារណការ​ពន្យល់បន្ថែមពីការកែចង្គូតរថយន្តពីស្តាំមកឆ្វេងឱ្យបានត្រឹមត្រូវ

Share

ភ្នំពេញ៖ ក្រសួងសាធារណការជាថ្មីម្តងទៀតបានចេញវីដេអូឃ្លីបមួយពន្យល់ពីការកែចង្គូតរថយន្តពីស្តាំមកឆ្វេង ទាំងរថយន្តមានពន្ធនិងរថយន្តមិនទាន់បង់ពន្ធ។ ការពន្យល់នេះបន្ទាប់ពីមានសំនួរពីប្រជាពលរដ្ឋទាក់ទងនឹងការកែចង្គូតរថយន្ត ខណៈក្រសួងសាធារណការកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ដោយមិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាត។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

លោក សួន វ៉ាន់ហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានពន្យល់ក្នុងឃ្លីបវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកក្រសួងសាធារណការនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ តបនឹងចម្ងល់របស់ពលរដ្ឋទាក់ទងការកែចង្គូតរថយន្តពីស្តាំមកឆ្វេងយ៉ាងដូច្នេះថា៖«»។

 

ការឆ្លើយតបរបស់មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននេះ ស្របពេលដែលក្រសួងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងពីការមិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាត។​

ក្រសួងពិនិត្យឃើញថា មានម្ចាស់យានដ្ឋានមួយចំនួនដែលពុំមានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម បានធ្វើការកែចង្គូតរថយន្តពីស្តាំមកឆ្វេង ផ្ទុយពីអនុក្រឹត្យលេខ១៨០ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត។ និងផ្ទុយពីអនុក្រឹត្យលេខ ០៦៨ ស្តីពីសំណុំបែបបទសម្រាប់ដាក់ពាក្យសុំធ្វើអាជីវកម្មយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្តផងដែរ។

មូលហេតុមួយទៀតដែលក្រសួងមិនអនុញ្ញាតឱ្យ​កែចង្កូតរថយន្តនៅតាមយានដ្ឋានដែលគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មនោះ ​ព្រោះថាយានដ្ឋានទាំងនោះ​ កែចង្គូតគ្មានបច្ចេកទេសត្រឹមត្រូវ​ដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វើចរាចរណ៍លើដងផ្លូវ។

ក្រសួងបញ្ជាក់ថា យានដ្ឋានដែលទទួលបានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មកែចង្គូតរថយន្តពីស្តាំមកឆ្វេងមានតែចំនួន ៨ ក្រុមហ៊ុនតែប៉ុណ្ណោះដែលមានរាយឈ្មោះលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ។

ទាក់ទងរឿងនេះដែរ របស់រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចដោយជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្តជ្រកក្រោមផ្លាកលេខផ្សេងៗដែលគ្មានពន្ធ ឱ្យចូលមកបង់ពន្ធនិងអាករនាំចូល។

តាមរយៈសេចក្តីសម្រេចនេះ ក៏អំពាវនាវដល់ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ ត្រូវចូលមកបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករចំនួន ១០%។

ដោយឡែកម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ ក៏ត្រូវរួសរាន់ចូលមកតម្កល់ប្រាក់ពន្ធនិងអាករ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករចំនួន ១០%ផងដែរ។ ហើយរថយន្តចង្កូតស្តាំត្រូវកែចង្កូតពីស្តាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

មួយវិញទៀត គឺចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធនឹងត្រូវឲ្យបង់ពន្ធអាករពេញលេញដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករ១០%ទៀតឡើយ។

នៅពេលផុតឱសានវាទ នៅត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់។ ចំណែករថយន្តចង្កូតស្តាំ ដែលបង្ក្រាបបាននឹងត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោលតែម្តង៕

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង