en     km
en     km

បទវិភាគ៖ បញ្ហាវិវាទកាស៊ីណូណាហ្គាវើលដ៍ការបន្ទន់ជំហររឹងត្អឹងជាគន្លឹះឈានទៅបញ្ចប់ជម្លោះ

Share

ភ្នំពេញ៖ វិវាទរឿងតវ៉ារបស់កម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍បានអូសបន្លាយជាច្រើនខែ ដោយភាគីទាំងសងខាងសុទ្ធតែប្រកាន់ជំហររឹងត្អឹងរៀងៗខ្លួន បើទោះបីជាស្ថាប័នពាក់ព័ន្ធមួយចំនួនព្យាយាមរកដំណោះស្រាយច្រើនលើកច្រើនសាក៏ដោយ។​

បើជម្លោះនៅតែអូសបន្លាយ ការខាតប្រយោជន៍របស់ភាគីទាំងសងខាងក៏ចេះតែកើតមាន។ ដូច្នេះមានតែការបន្ទន់ជំហររៀងៗខ្លួននោះទេ ទើបអាចបញ្ចប់បាតុកម្ម កូដកម្ម ការតវ៉ារបស់បុគ្គលិកកាស៊ីណូល្បែងស៊ីសងណាហ្គាវើលដ៍មួយនេះបាន។

តទៅនេះសូមនាងកញ្ញាលោក លោកស្រី អញ្ជើញស្តាប់បទវិភាគដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ!

 

ក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ឈប់កម្មករនិយោជិតចំនួនជាងមួយពាន់នាក់កាលពីខែមេសាឆ្នាំ២០២១ ក្រោមហេតុផលនៃជំងឺកូវីដ១៩។ ការបញ្ឈប់នេះ បើតាមភាគីកម្មករនិយោជិតអះអាងថា ក្រុមហ៊ុនបញ្ឈប់ពួកគេទាំងបង្ខំដោយមិនព្រមអង្គុយពិភាក្សាជាមួយសហជីពពីនីតិវិធីពាក់ព័ន្ធផ្សេងៗតាមផ្លូវច្បាប់។បន្ថែមពីនេះខាងក្រុមហ៊ុនណាហ្គាវើលដ៍បានជ្រើសរើសឈ្មោះកម្មករតាមការចង់បានរបស់ខ្លួនដោយមិនគោរពតាមច្បាប់ស្តីពីការងារ និងបទដ្ឋានអន្តរជាតិ។

តាមរយៈការបញ្ឈប់ពីការងារនេះ កម្មករមួយចំនួនធំត្រូវបង្ខំចិត្តទទួលយកប្រាក់សំណងមិនត្រឹមត្រូវពីក្រុមហ៊ុន ព្រោះពួកគេត្រូវការប្រាក់ជាចាំបាច់ ចំណែកកម្មករចំនួន ៣៦៥នាក់ផ្សេងទៀតកំពុងទាមទារចូលធ្វើការវិញ។

វិវាទនេះ សហជីពបានព្យាយាមដោះស្រាយដោយសន្តិវិធី ទាំងនៅក្នុងក្រុមហ៊ុន នៅក្រសួងការងារ និងនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលអស់រយៈពេលជាង ៨ខែ ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយ។

ដោយការចរចាមិនទទួលបានលទ្ធផលក្រុមកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ក៏ព្រមព្រៀងគ្នាចេញធ្វើកូដកម្មទាមទារដំណោះស្រាយចំនួន ៩ចំណុច។

កម្មករបុគ្គលិកណាហ្គាវើលដ៍តវ៉ាទាមទារនៅមុខអគារទាមទារលក្ខខណ្ឌ៩ចំណុច។រូបភាពហ្វេសប៊ុកCCHR

 

លក្ខខណ្ឌទាំង ៩​ ចំណុចនោះរួមមានទាមទារឱ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព សមាជិកប្រតិភូបុគ្គលិក និងកម្មករនិយោជិតចំនួន៣៦៥នាក់ដែលមិនព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារ ចូលបម្រើការងារឡើងវិញ។លើសពីនេះ ទាមទារឱ្យក្រុមហ៊ុន គិតប្រាក់ដំណាច់បញ្ចប់កិច្ចសន្យាការងារបង្គ្រប់បន្ថែមឱ្យបានត្រឹមត្រូវ សម្រាប់កម្មករនិយោជិតដែលត្រូវបានកាត់ចេញតាមគម្រោងកាត់បន្ថយបុគ្គលិក និងទាមទារឱ្យក្រុមហ៊ុនអនុវត្តសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចទី៣ ដោយគិតប្រាក់បញ្ចប់កិច្ចសន្យាការងារបង្គ្រប់បន្ថែមឱ្យបានត្រឹមត្រូវ។​

លក្ខខណ្ឌទាំង៩ចំណុចនេះ ត្រូវបានភាគីខាងកម្មករទាមទាររាល់ជំនួបកិច្ចប្រជុំរកដំណោះស្រាយរាល់លើក តែភាគីខាងក្រុមហ៊ុនមិនទាន់យល់ព្រម។

វិវាទនេះត្រូវបានអូសបន្លាយរហូតមកទល់ពេលបច្ចុប្បន្ន បើទោះបីស្ថាប័នពាក់ព័ន្ធមានក្រសួងការងារជួយអន្តរាគមន៍ជួយដោះស្រាយក៏ដោយ តែនៅតែពុំទាន់អាចរកច្រកចេញបានព្រោះភាគទាំងពីប្រកាន់ជំហររឹងត្អឹងរៀងៗខ្លួន។

នៅជុំវិញការចេញតវ៉ាធ្វើកូដកម្មរបស់កម្មណាហ្គាវើលដ៍នេះ គេសង្កេតឃើញមានប្រតិកម្មពីមជ្ឈដ្ឋាននិងស្ថាប័នមួយចំនួនផងដែរ។

បុគ្គលិកណាហ្គាវើលដ៍ចេញតវ៉ាឱ្យមានការទទួលបុគ្គលិកចូលធ្វើការវិញ។រូបភាពពីហ្វេសប៊ុកCCHR

 

ក្រុមអង្គការសង្គមស៊ីវិល និងសហជីពយល់ឃើញថា ការបញ្ឈប់បុគ្គលិកពីការងារដោយបង្ខំជាទង្វើរំលោភច្បាប់ ហើយការគេចវេះមិនចូលតុចរចាពីខាងភាគីក្រុមហ៊ុនក៏បង្ហាញចេតនាមិនទទួលខុសត្រូវ និងមិនឱ្យតម្លៃលើក្រសួងការងារផងដែរ។ ជាងនេះបណ្តាអង្គការទាំងនោះជំរុញឱ្យភាគីពាក់ព័ន្ធ ពិសេសក្រុមហ៊ុនណាហ្គាវើលដ៍ចេញមុខដោះស្រាយបញ្ហា ដើម្បីឈានទៅបញ្ចប់ការធ្វើបាតុកម្មនិងកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍។​

ដោយឡែករដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិតជូនដំណឹងមួយដល់បាតុករទាំងអស់ ដោយបង្គាប់ឱ្យបញ្ចប់សកម្មភាព “បាតុកម្ម” ដោយចោទប្រកាន់ថា ភាគីសហជីពមិនបានអនុវត្តត្រឹមត្រូវតាមមាត្រា ៥ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។

ចំណែកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ បានចេញសេចក្តីជូនដំណឹផងដែរ ឱ្យកម្មករផ្អាកការធ្វើកូដកម្ម បាតុកម្ម ដើម្បីរក្សាការពារសន្តិសុខ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ក្រសួងសន្យាថា នឹងបន្តរកដំណោះស្រាយសមរម្យជូនភាគីទាំងសងខាង។ ក្រសួងការងារក៏ស្នើដល់កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវរក្សាភាពនឹងនរ ចៀសវាងចាញ់បោកជនខិលខូចមួយចំនួនដែលមានបំណងញុះញង់ បង្កអស្ថិរភាពដល់ក្រុមហ៊ុន និងសណ្តាប់ធ្នាប់សាធារណៈ។

រីឯលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារក៏បានបញ្ចេញមតិរបស់លោកលើបញ្ហានេះដែរ ដោយលោកយល់ថា ការរៀបចំឱ្យមានស្រ្តីកូនខ្ចី ស្រ្តីមានផ្ទៃពោះ និងកុមារ ចេញធ្វើបាតុកម្មបែបនេះ គឺជាតាក់តិចក្នុងក្បួនរបស់អ្នករៀបចំចលនាបដិវត្តពណ៌ដែលធ្លាប់បានធ្វើនៅប្រទេសមួយចំនួនតែប៉ុណ្ណោះ។

នេះជាប្រតិកម្មខ្លះៗដែលមានលើបញ្ហារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។

បើយើងក្រឡែកមកមើលសាច់រឿងខ្លះដែលនាំឱ្យកើតមានរឿងបញ្ឈប់បុគ្គលិកកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍នេះ មួយផ្នែកគឺបណ្តាលមកពីបញ្ហារាលដាលនៃជំងឺកូវីដ-១៩។ ជាការពិតបញ្ហាជំងឺកូវី១៩ ពិតជាបានបង្កឱ្យមានវិបត្តិជាច្រើនបានកើតឡើងក្នុងនោះគឺបញ្ហាសេដ្ឋកិច្ចក៏រងផងប៉ះពាល់ផងដែរ។ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាករាល់សេវាកំសាន្តសប្បាយស្ទើរទាំងព្រោះដើម្បីកាត់បន្ថយការជួបជុំជៀសវាងការចម្លង។ ត្រង់ចំណុចនេះ យើងអាចដឹងបានថា ខាងក្រុមហ៊ុនណាហ្គាវើលដ៍ពិតជារងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុផងដែរ ខណៈត្រូវចំណាយសព្វគ្រប់បែបយ៉ាងពិសេសគឺបញ្ហាប្រាក់បៀរវត្តន៍បុគ្គលិករាប់ពាន់នាក់។

បញ្ហាមួយទៀត គឺកើតចេញពីរឿងរើសអើងសហជីព និង បុគ្កលិកដែលតែងតែចេញមុខតវ៉ាជាមួយខាងក្រុមហ៊ុន ដើម្បីទាមទារផលប្រយោជន៍ជូនកម្មករនិយោជិតទន់ខ្សោយ។

អាគារណាហ្គាវើលដ៍។រូបភាពពីហ្វេសប៊ុកCCHR

 

រឿងមួយទៀតដែលសំខាន់ គឺល្បិចធ្វើស៊ីប្រាក់អតីតភាពការងាររបស់បុគ្គលិកកម្មករ។ និយាយឱ្យងាយយល់គឺការគេចវេះមិនព្រមទូទាត់ប្រាក់អតីតភាពការងារជូនកម្មករ ដែលបញ្ហានេះគេច្រើនប្រទះឃើញកើតមានឡើងចំពោះកម្មករកាត់ដេរសម្លៀកបំពាក់។ មានករណីរោងចក្រកាត់ដេរខ្លះរកស៊ីខាត​ និងរោងចក្រខ្លះទៀតផុតអាណត្តិ ថៅកែទាំងនោះក៏រត់ចោលរោងចក្រតែម្តងដោយមិនទូទាត់ប្រាក់អតីតភាពជូនកម្មករនោះទេ។ ដោយឡែកប្រាក់តម្កល់នៅក្រសួងការងារ និងសម្ភារៈរោងចក្រក៏មិនអាចទូទាត់សំណងជូនកម្មករបាន។

ការលើកឡើងករណីនេះ មិនមែនមានន័យថា ក្រុមហ៊ុនណាហ្គាវើលដ៍នឹងប្រើវិធីសាស្រ្តគេចវេះបែបនេះនោះទេ​ ព្រោះនេះជាទង្វើខុសច្បាប់ទាំងស្រុង។

មកដល់ត្រង់ចំណុចនេះ ដើម្បីជាដំណោះស្រាយភាគីទាំងពីរគួរតែបន្ថូរបន្ថយលក្ខខណ្ឌរបស់ខ្លួនរៀងៗខ្លួនខ្លះ។ ដូចដែលបានលើកឡើងខាងលើបញ្ហាវិបត្តិកូវីដ-១៩ ដែលបានរាលដាលនិងអូសបន្លាយបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មនិងការរកស៊ីសព្វបែបយ៉ាង​ពិសេសគឺការបាត់បង់ចំណូល។

ដូច្នេះភាគកម្មករគួរបន្ថូរបន្ថយលក្ខខណ្ឌទាមទារខ្លះពិសេសត្រង់ទាមទារសំណងទូទាត់ប្រាក់ដំណាច់បញ្ចប់កិច្ចសន្យាការងារ។ មួយទៀត ទុកពេលមួយរយៈដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាពរកប្រាក់ចំណូលបន្ទាប់ពីទើបតែបើកឡើងវិញនូវអាជីវកម្មរកស៊ីរបស់ខ្លួន។

ដោយឡែកភាគីខាងក្រុមហ៊ុនវិញ​គួរតែពិចារណាទទួលយកកម្មករចូលធ្វើការវិញតាមលទ្ធភាពដែលខ្លួនមាន ព្រោះថាពួកគេមានបទពិសោធន៍ស្រាប់។ចំណែកកម្មករដែលនៅសល់គួរទួទាត់សំណងដើម្បីឈានទៅបញ្ចប់កូដកម្ម និងបាតុកម្ម។

ចំណែកអ្នកពាក់ព័ន្ធដែលមានភារកិច្ចដោះស្រាយបញ្ហានេះ ដែលកន្លងមកមានក្រសួងការងារ សាលារាជធានីភ្នំពេញ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវប្រកាន់ភាពអព្យាក្រឹត្យក្នុងការដោះស្រាយដើម្បីឱ្យភាគីទាំងសងខាងអាចទទួលយកបាន៕

Share

Image
Image
Image