សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានប្រកាសជំហរជាថ្មីថា នឹងការពារសន្តិភាពឱ្យបានពេញលេញ ពោលគឺមិនឱ្យជនណា ឬក្រុមណា ធ្វើបដិវត្តន៍ពណ៌បំផ្លាញសន្តិភាពឡើយ។ ការប្រកាសបែបនេះ របស់សម្ដេច ហ៊ុន សែន ត្រូវបានធ្វើឡើងជាញឹកញាប់ ក្នុងពេលកន្លងទៅ នៅពេលដែលពលរដ្ឋកម្ពុជាធ្វើបាតុកម្មទាមទារឱ្យមានដំណោះស្រាយបញ្ហាដែលអ្នកតវ៉ាអះអាងថាជាកង្វះខាតរបស់អាជ្ញាធរ។ ការប្រកាសរបស់សម្ដេចនាយករដ្ឋមន្ត្រីព្រឹកមិញ ធ្វើឡើងនៅក្នុងពិធីសម្ពោធអគាររដ្ឋបាល និងសាលប្រជុំ នៅទីស្តីការក្រសួងការពាជាតិ។ ក្នុងឱកាសនេះដែរ សម្តេចនាយករដ្ឋមន្ត្រីក៏បានព្រមានទុកជាមុនថា មន្ត្រីយោធាណាដែលមិនស្តាប់បញ្ជា នឹងត្រូវដកចេញពីតំណែងភ្លាមៗ។
សូមនាងកញ្ញា លោក លោកស្រី ស្តាប់ប្រសាសន៍ផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖
ពាក្យថាបដិវត្តន៍ពណ៌ត្រូវបានឮញឹកញាប់ខ្លាំងនៅកម្ពុជា ទាក់ទងនឹងការបោះឆ្នោតសាកលឆ្នាំ២០១៣ និងការតវ៉ាជាបន្តបន្ទាប់របស់អ្នកគាំទ្របក្សប្រឆាំងនៅក្រោយព្រឹត្តិការណ៍នោះ ជាពិសេសអំពីរឿងលទ្ធផលបោះឆ្នោត រឿងទាមទារឱ្យសម្ដេច ហ៊ុន សែន ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី និងរឿងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។ អំឡុងពេលនោះ គណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា កាលនោះគឺគណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់ឯកឧត្ដម សម រង្ស៊ី និងឯកឧត្ដម កឹម សុខា បានចូលរួមប្រកួតប្រជែង និងទទួលបានការគាំទ្រពីអ្នកបោះឆ្នោតជិតពាក់កណ្ដាល៕
Post Views: 388