ភ្នំពេញ៖ សាច់ញាតិក្រុមគ្រួសារសកម្មជនអតីតគណបក្សសង្គ្រោះជាតិប្រមាណ ៣០នាក់នៅថ្ងៃនេះ បានមកតាមដានឃ្លាំមើលសាវនាការ និងរង់ចាំលទ្ធផលនៃសាវនាការរបស់ស្វាមីខ្លួនដែលត្រូវតុលាការបន្តការសួរដេញដោល។ ប៉ុន្តែថ្ងៃនេះពួកគេបានសហការគ្នារៀបចំការស្លៀកពាក់ជាឯកសណ្ឋានដូចគ្នាតែម្តង បំណងដើម្បីបង្ហាញដល់សាធារណជនថា សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំឃាំងគឺជាមនុស្សស្អាតស្អំ គ្មានទោសកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។
ដើម្បីជ្រាបកាន់តែច្បាស់សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលលោក កែវ សុខា បានចុះទៅស្រង់ព្រឹត្តិការណ៍នៅមុខសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២១ដូចតទៅ!
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ សាលាដំបូងរាជាធានីភ្នំពេញបានបន្តបើកសាវនាការសួរដេញដោលលើកញ្ញា សេង ធារី អ្នកតស៊ូមតិផ្នែកច្បាប់ និងនយោបាយ និងសកម្មជនអតីតបក្សប្រឆាំងចំនួនបីនាក់ផ្សេងទៀតក្នុងសំណុំរឿងញុះញង់ទាក់ទងការរៀបចំផែនការចេញទៅទទួលដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
នៅម្ខាងផ្លូវពីមុខសាលាដំបូងរាជធានីភ្នំពេញ សាច់ញាតិក្រុមគ្រួសាររបស់សកម្មជនបក្សប្រឆាំងដែលមកគាំទ្រចាំលើកទឹកចិត្ត និងរង់ចាំលទ្ធផលផង ពួកគេថ្ងៃនេះខុសពីសព្វមួយដង ព្រោះពួកគេថ្ងៃនេះបានស្លៀកពាក់ឯកសណ្ឋានដូចៗគ្នាតែម្តង។
ឯកសណ្ឋានដែលក្រុមគ្រួសារសកម្មជនអតីតបក្សប្រឆាំងស្លៀកពាក់នោះ គឺខោពណ៌ខ្មៅ និងអាវពណ៌សទីនុយអាវក្នុងខោ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺម្នាក់ៗបានពាក់ក្រវ៉ាត់កពណ៌ខ្មៅថែមទៀត ដែលការស្លៀកពាក់ឈុតដូចៗគ្នានេះ ក្រុមស្រ្តីទាំងនោះប្រាប់ថា តំណាងឱ្យភាពស្អាតស្អំ បរិសុទ្ធដូចស្វាមីរបស់ពួកគេដែលត្រូវតុលាការចោទប្រកាន់ទាំងគ្មានប្រព្រឹត្តិទោសកំហុស។
នេះជាការលើកឡើងរបស់អ្នកស្រី តឹក សុខលន ជាភរិយាលោក ព្រៅ ចាន់ធឿន អតីតក្រុមប្រឹក្សាឃុំចំអោន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមកឃ្លាំមើលសាវនាការនិងលើកទឹកចិត្តដល់ស្វាមីដែលជាប់ពន្ធនាការជាងមួយឆ្នាំហើយនោះ។
សម្រាប់អ្នកស្រី តឹក សុខលន មិនខុសគ្នាពីភរិយាសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំដទៃទៀតឡើយ គឺជួបការលំបាកសព្វបែបយ៉ាងបន្ទាប់ពីស្វាមីត្រូវជាប់ឃុំឃាំង ណាត្រូវរកប្រាក់ផ្គត់ផ្តង់គ្រួសារផង ណាត្រូវចំណាយផ្សេងៗលើការធ្វើដំណើរតាមដានសាវនាការស្វាមីផង និងត្រូវផ្គត់ផ្គង់ចំណីអាហារថ្នាំសង្កូវប្តីថែមទៀត។
អ្នកស្រី តឹក សុខលន ដែលជាសមាជិកស្រ្តីថ្ងៃសុក្រផងនោះសង្ឃឹមថា តុលាការនឹងពិចារណាដោះលែងប្តីរបស់អ្នកស្រីនិងសកម្មជនបក្សប្រឆាំងដទៃទៀតឱ្យមានសេរីភាពឡើងវិញនៅឆ្នាំថ្មីនេះ។
ក្នុងអំឡុងពេលរង់ចាំលទ្ធផលនៃសាវនាការក្រុមគ្រួសារសាច់ញាតិដែលមកគាំទ្រ មិនសូវមានសកម្មភាពស្រែកតវ៉ាទាមទារអ្វីដូចគ្រាមុនៗនោះទេ ប្រការនេះក៏មិនបង្កការលំបាកដល់កងកម្លាំងប៉ូលីសដែលឈរត្រៀមក្បែរនោះប្រហែល ២០នាក់នោះដែរ។
ងាកមកកញ្ញា សេង ធារី ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងទាក់ទងការររៀបចំគម្រោងទទួលមាតុភូមិនិវត្តរ៍របស់លោក សម សង្ស៊ី កាលពីឆ្នាំ២០១៩ ក៏បានមកដល់តុលាការនៅព្រឹកនេះផងដែរ ដើម្បីចូលខ្លួនតាមការកោះហៅរបស់តុលាការ។ តែមុនចូលបន្ទាប់សាវនាការកញ្ញា សេង ធារី ដែលថ្ងៃនេះស្លៀកពាក់សម្លៀកបំពាក់បែបនារីបច្ចឹមប្រទេស គឺពាក់អាវធំពីក្រៅនិងពាក់ក្រវ៉ាក់កពណ៌ក្រហមឈ្នូតផង កញ្ញាប្រាប់ឱ្យដឹងថា ការស្លៀកពាក់បែបនារីអប្សារាលើកមុនត្រូវបានតុលាការណែនាំថា ជាការស្លៀកពាក់មិនសមរម្យ។
កញ្ញា សេង ធារី នៅតែអះអាងដដែលថា ការមកតុលាការនៅថ្ងៃនេះគឺដើម្បីមកបំពេញកិច្ចតាមនីតិវិធីរបស់តុលាការដែលកញ្ញាយល់ថា ជាការបំពេញឆាកសម្តែងនៃល្ខោននយោបាយតែប៉ុណ្ណោះ។
ផ្តល់បទសម្ភាសន៍មិនទាន់បានចប់សព្វគ្រប់ផងរថយន្តរបស់ពន្ធនាគារព្រៃសក៏ដឹកសកម្មជនអតីតបក្សប្រឆាំងក្នុងសម្លៀកបំពាក់ពណ៌លឿងទុំចូលតុលាការ។ ពេលនោះហើយដែលកញ្ញា សេង ធារី ត្រូវបញ្ចប់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដើម្បីចូលរួមសាវនាការ។
អំឡុងពេលនៃការរង់ចាំសាវនាការក្រុមអ្នកមកគាំទ្រដែលភាគច្រើនជាស្រ្តីខ្លះក៏ទទួលទានអាហារពេលព្រឹក ខ្លះក៏ឈរសំលឹងទៅអាគារតុលាការរាជធានីភ្នំពេញ។ ឆ្លៀតពេលនោះខ្ញុំបានសម្ភាសន៍ស្រ្តីវ័យចំណាស់ម្នាក់អាយុ៦៨ឆ្នាំ នោះគឺអ្នកស្រី អៀប សួរ មានរាងទាបល្អិតពាក់ម៉ាស់និងវ៉ែនតាខ្មៅផង។ ស្រ្តីរូបនេះប្រាប់ឱ្យដឹងថា ប្តីអ្នកស្រីគឺជាអតីតគ្រូបង្រៀនថ្នាក់បឋមសិក្សាមួយរូបមុនពេលក្លាយជាសមាជិកក្រុមប្រឹក្សាស្រុកមេមត់នៃគណបក្សសង្រ្គោះជាតិដែលក្រោយមកត្រូវបានតុលាការកំពូលរំលាយ។
អ្នកស្រី អៀប សួរ ដែលធ្វើដំណើរពីស្រុកមេមត់តាំងពីព្រលឹមមកឃ្លាំមើលសាវនាការប្រាប់ថា ស្វាមីរបស់អ្នកស្រីមានជំងឺជាប់ខ្លួន និងមានវ័យកាន់តែចាស់ ដូច្នេះការរស់នៅក្នុងពន្ធនាគារកាន់តែធ្វើឱ្យស្ថានភាពសុខភាពរបស់ប្តីកាន់តែទ្រុឌទ្រោម។អ្នកស្រីសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះលែងស្វាមីនិងសកម្មជនផ្សេងៗទៀតឱ្យមានសេរីភាពឡើងវិញ។
សាវនាការសួរដេញដោលប្រព្រឹត្តិទៅប្រហែលជាបីម៉ោង កញ្ញា សេង ធារី ក៏ដើរចេញពីតុលាការឆ្លងផ្លូវមករកអ្នកគាំទ្រដែលនៅម្ខាងផ្លូវ ទាំងទឹកមុខសប្បាយរីករាយស្រែហ៊ូរហាក់បង្ហាញពីជោគជ័យ។ចំណែកអ្នកគាំទ្រក៏ស្រែកហ៊ូរឡើងគាំទ្រកញ្ញា សេង ធារី ផងដែរ។
ប៉ុន្តែការសប្បាយចិត្តស្រែកហ៊ូរបស់កញ្ញា សេង ធារី មិនមែនតុលាការទម្លាក់ចោលបទចោទលើកញ្ញានោះទេ គឺកញ្ញារំភើបនឹងទឹកចិត្តរបស់ក្រុមស្រ្តីដែលមកគាំទ្រកញ្ញាចេះសហការ សាមគ្គីគ្នា ចេះផ្តល់កម្លាំងចិត្តគ្នា គួបផ្សំនឹងសាវនាការថ្ងៃនេះកញ្ញាត្រូវបានតុលាការផ្តល់ឱកាសឱ្យបរិយាពីបញ្ហាសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សូមរំលឹកថា ក្នុងសំណុំរឿងទាក់ទងនឹងដំណើរមាតុនិវត្តន៍របស់លោក សម រង្ស៊ី នេះ សកម្មជនបក្សប្រឆាំងយ៉ាងយោចណាស់ចំនួន ១៤នាក់ ត្រូវបានចាប់ខ្លួននឹងកំពុងជាប់ក្នុងពន្ធធនាគារនៅឡើយ។ សកម្មជនទាំងនោះត្រូវបានចោទពីបទ«រួមគំនិតក្បត់ និងញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា» និង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
តុលាការរាជធានីភ្នំពេញបានសម្រេចលើកពេលសាវនាការលើកញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំងដទៃទៀតនៅថ្ងៃទី៤ ខែមករាឆ្នាំ២០២២ ខាងមុខ ដែលកញ្ញា សេង ធារី បញ្ជាក់ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីតតាំងជាមួយតុលាការនៅថ្ងៃនោះ៕