en     km
en     km

អភិបាលស្រុកបន្ទាយស្រីចង់កែលម្អភូមិមួយឱ្យក្លាយជាភូមិទេសចរណ៍

Share

ភ្នំពេញ៖ តាមរយៈការដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែប្រវែងជាង ៥០០ម៉ែត្រ ស្ថិតក្នុងភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប លោកអភិបាលស្រុកបន្ទាយស្រីឱ្យដឹងថា  លោកនឹងរៀបចំកែលម្អភូមិខ្នារឱ្យក្លាយជាភូមិទេសចរណ៍មួយនាពេលខាងមុខ។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះ។

តាមរយៈការបេ្តជ្ញាចិត្តនេះលោក ឃឹម ហ្វីណង់ បានសន្យាកៀរគររកថវិកាដើម្បីបំពាក់អំពូលសូឡានៅមុខផ្ទះនីមួយៗរបស់អ្នកភូមិដែលរស់នៅសងខាងផ្លូវបេតុងថ្មីមួយនេះ។ ជាការតបស្នង ប្រជាពលរដ្ឋក្នុងភូមិបានសន្យានឹងរៀបចំមុខផ្ទះរបស់ខ្លួនឱ្យមានរបៀប មានដាំផ្កា ធ្វើរបង និងគ្រប់គ្រងសំរាមឱ្យបានស្អាត។

រូបផ្លូវបេតុងដែលទើបដាក់ឱ្យប្រើប្រាស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។រូបភាពហ្វេសប៊ុកលោក ឃឹម ហ្វីណង់។

 

ផ្អែកតាមការសហការគ្នារវាងអាជ្ញាធរនិងប្រជាពលរដ្ឋ លោកអភិបាលស្រុកបន្ទាយស្រីជឿជាក់ថា រយៈពេលប្រហែលពីរឆ្នាំទៀតប៉ុណ្ណោះភូមិមួយនេះនឹងក្លាយជាភូមិទេសចរណ៍ដ៏ស្រស់ស្អាត ដែលអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត និងអាចមានសេវាផ្ទះស្នាក់នៅតាមផ្ទះអ្នកភូមិផងដែរ។

សូមរំលឹកថា កាលពីឆ្នាំ ២០១៩ លោក ឃឹម ហ្វីណង់ ដែលទើបឡើងកាន់តំណែងថ្មីបានធ្វើឱ្យសាធារណជនចាប់អារម្មណ៍ចំពោះការរៀបចំដាក់អំពូលបំភ្លឺផ្លូវ​ដ៏ស្រស់បំព្រងនាពេលរាត្រី ដែលបង្ហាញពីសម្រស់ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕

 

Share

Image
Image
Image