ភ្នំពេញ៖ យ៉ាងហោចណាស់ភ្ញៀវទេសចរ ២៥ ម៉ឺននាក់បានចេញដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជារយៈពេលពីរថ្ងៃចុងសប្តាហ៍នេះ គឺចំអំឡុងពេលនៃពិធីបុណ្យណូអែលឬគ្រីសម៉ាស់។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសូងទេសចរណ៍នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ។
បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរជាតិមានចំនួនជាង ២៤ ម៉ឺននាក់ និងភ្ញៀវទេសចរបរទេសមានជាងមួយម៉ឺននាក់បានចេញដើរកំសាន្ត ដែលតួលេខនេះមានការកើនឡើងប្រមាណជា ២៤.៧% ធៀបនឹងចុងសប្តាហ៍កន្លងមក។
គោលដៅសំខាន់ៗដែលភ្ញៀវទេសចរដើរកំសាន្តរួមមានខេត្តព្រះសីហនុមានភ្ញៀវទេសចរចំនួនជាង ៤ ម៉ឺននាក់ ខេត្តសៀមរាបមានជាង ៣ម៉ឺននាក់ ខេត្តពោធិ៍សាត់មានជាង ២ម៉ឺននាក់ ខេត្តកំពតមានជាង ២ ម៉ឺននាក់ ខេត្តបាត់ដំបងមានជាង ១ម៉ឺននាក់ ខេត្តមណ្ឌលគិរីមានជាង ១ម៉ឺននាក់ និងរាជធានីភ្នំពេញ ៦ម៉ឺននាក់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កត់សម្គាល់ឃើញថា កំណើននៃភ្ញៀវទេសចរកើនឡើងនេះអាស្រ័យដោយវិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ចេះរៀបចំរៀបចំតុបតែងលម្អមូលដ្ឋានអាជីវកម្មនិង បង្កើតកម្មវិធីកម្សាន្តសប្បាយផ្សេងៗដែលនេះជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្ត។
លោកបន្ថែមទៀតថា ក្នុងឱកាសពិធីឆ្លងឆ្នាំសាកលនេះ តាមបណ្តាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងខេត្តភាគឦសាន ត្រូវបានភ្ញៀវទេសចរកក់បន្ទប់ស្នាក់កើនជាង ៨០% ដែលនេះជាអត្រាមួយខ្ពស់គួរឱ្យកត់សម្គាល់។ តែយ៉ាងណា ក្រសួងបានក្រើនរំលឹកដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ អនុវត្តឲ្យបានម៉ត់ចត់វិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕