ភ្នំពេញ៖ ជាគោលដៅនិងការប្តេជ្ញាចិត្តក្នុងការឆ្លើយតបនឹងអាហារូបត្ថម្ភ និង ការចិញ្ចឹមទារកប្រកបដោយគុណភាព ស្ថាប័នរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានបន្តជំរុញលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយឱ្យកើនឡើងក្នុងអត្រា ៦៨% នៅឆ្នាំ ២០២៣។ ការបេ្តជ្ញាចិត្តនេះ កើតឡើងក្នុង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការរាយការណ៍ព័ត៌មានអំពីអាហារូបត្ថម្ភនិងការចិញ្ចឹមទារក និងកុមាររយៈពេល ២ថ្ងៃ ពីថ្ងៃទី២២ និង២៣ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពេញ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
ការបេ្តជ្ញាចិត្តខ្ពស់មួយបានកើតឡើង ពោលគឺលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយឱ្យសម្រេចបានដល់ ៦៨%នៅឆ្នាំ ២០២៣ ខាងមុខ។ តាមរយៈការប្តេជ្ញាចិត្តនេះ វិស័យសារព័ត៌មានជាតួអង្គសំខាន់មួយក្នុងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីគុណតម្លៃនៃទឹកដោះម្តាយ និងលាតត្រដាងទង្វើខុសច្បាប់របស់ក្រុមហ៊ុនឯកជនមួយចំនួនដែលតែងតែផ្សព្វផ្សាយលក់ផលិតផលម្ស៉ៅទឹកដោះគោបំពានលើអនុត្រឹក្យលេខ ១៣៣ ដែលធ្វើឱ្យសាធារណជនយល់ច្រលំថា ម្ស៉ៅទឹកដោះគោកំប៉ុងល្អជាងទឹកដោះម្តាយ។
នេះជាការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាល និង មន្រ្តីអង្គការសង្គមស៊ីវិលដែលធ្វើការលើអាហារូបត្ថម្ភនិងការចិញ្ចឹមទារកនិងកុមារដែលបានចូលរួមក្នុងកម្មវិធីខាងលើ។
លោកស្រី ស្វាយ សារី មន្រ្តីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភលើកឡើងថា ស្ថានភាពលើកកម្ពស់អាហារូបត្ថម្ភមានការវិវត្តន៍ល្អប្រសើរដោយរបាយការណ៍បង្ហាញថា បញ្ហាក្រិសក្រិន បញ្ហាស្គមស្គាំង បញ្ហាធាត់ជ្រុលរបស់កុមារ និងបញ្ហាទារកកើតមិនគ្រប់គីឡូ សុទ្ធតែត្រូវបានកាត់បន្ថយ។ ចំណែក ការបំបៅទឹកដោះម្តាយទៅកូនអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល និងការបំបៅទឹកដោះម្តាយតែមួយមុខគត់ពីចាប់កំណើតដល់អាយុ៦ខែ ក៏មានអត្រាកើនឡើងល្អប្រសើរផងដែរ។
លោកស្រី ស្វាយ សារី បន្តថា ជោគជ័យដែលទទួលបាននេះ ដោយសារមានការរៀបចំក្រុមគោលដៅច្បាស់លាស់ក្នុងការចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានស្តីពីអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ។ លោកស្រីបន្ថែមថា ជំនួបរវាងអ្នកជំនាញនិងអ្នកសារព័ត៌មាននឹងអាចជួយឱ្យអ្នកសារព័ត៌មានយល់កាន់តែច្បាស់ពីរបៀបធ្វើសេចក្តីរាយការណ៍ទាក់ទងគុណប្រយោជន៍នៃការបំបៅទឹកដោះម្តាយ។ លោកស្រីបន្តទៀតថា នៅពេលប្រជាពលរដ្ឋជាពិសេសស្រ្តីៗទទួលបានព័ត៌មានច្បាស់ពីគុណតម្លៃនៃការបំបៅកូនដោយទឹកដោះម្តាយ នោះការបំបៅកូនដោយម្ស៉ៅទឹកគោនឹងត្រូវកាត់បន្ថយ។
លោក ហ៊ូ ក្រើន នាយករងអង្គការហេឡែន ខេលល័រអន្តរជាតិប្រចាំកម្ពុជាលើកឡើងក្នុងកម្មវិធីថា ការរីកសាយភាយនៃការប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយ ដោយសារតែការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនមួយចំនួនធ្វើឱ្យមានការភ័ន្តច្រលំថា ការបៅម្ស៉ៅទឹកដោះគោកំប៉ុងធ្វើទារកលូតលាស់ និងមានប្រាជ្ញាស្មារតីល្អជាងការបំបៅទឹកដោះម្តាយ។ លោកបន្តថា ក្រុមហ៊ុនរកស៊ីលើម្ស៉ៅទឹកដោះគោភាគច្រើនផ្តោតតែលើផលប្រយោជន៍តែប៉ុណ្ណោះ ពួកគេមិនបានគិតដល់ផលប៉ះពាល់ជាអវិជ្ជមានពេលខាងមុខនោះឡើយ ដែលប្រការនេះទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ ពិសេសអ្នកសារព័ត៌មានជួយផ្សព្វផ្សាយអត្ថបទដែលជំរុញឱ្យឪពុកម្តាយងាកឱ្យតម្លៃលើការបំបៅទឹកម្តាយឱ្យបានច្រើន។
អ្នកស្រី ចាន់ ផល្គុន បានចូលរួមចែករំលែកបទពិសោធន៍នៃប្រើប្រាស់ម្ស៉ៅទឹកដោះគោបំបៅកូនថា អ្នកស្រីស្ទើរតែសម្លាប់កូនខ្លួនឯងដោយសារឱ្យកូនបៅម្ស៉ៅទឹកដោះគោមួយប្រភេទដែលគ្មានគុណភាព។ អ្នកស្រីបន្តថា កូនប្រុសរបស់អ្នកស្រីឈឺធ្ងន់ និង មានបញ្ហាស្លេកស្លាំងរហូតត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកស្រីបន្ថែមទៀតថា មូលហេតុដែលនាំឱ្យអ្នកស្រីបំបៅកូនដោយទឹកដោះគោកំប៉ុង ព្រោះអ្នកស្រីជឿតាមការឃោសនារបស់អ្នកដទៃដែលបញ្ចុះបញ្ចូលអួតពីគុណភាពនៃទឹកដោះគោកំប៉ុងនោះ។
ការរកឃើញរបស់សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហាររូបត្ថម្ភកម្ពុជាឱ្យដឹងថា ការអនុវត្តការបំបៅទឹកដោះម្តាយទៅកូនអាចបង្ការការស្លាប់របស់កុមារទូទាំងពិភពលោកចំនួនជាង ៨២ ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ ភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ច្បាស់ថា ការបំបៅដោះម្តាយទៅកូនភ្លាមៗក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល អាចទប់ស្កាត់មរណភាពទារកបានប្រហែល២០% ។ ចំណែកកុមារដែលបានបៅទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល ៦ ខែដំបូងអាចកាត់បន្ថយជំងឺរាករូសបាន ១១ដង និងជំងឺរលាកសួតបាន ១៥ដង បើធៀបជាមួយកុមារដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ។
បើទោះបីការបំបៅកូនដោយទឹកដោះម្តាយមានគុណប្រយោជន៍បែបនេះក្តី តែកម្ពុជា បានធ្លាក់ចុះអត្រាការបំបៅកូនដោយទឹកដោះម្តាយទៅវិញ។ របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០១៤ អត្រានៃការបំបៅកូនដោយទឹកដោះម្តាយបានធ្លាក់ចុះវិញចំនួន ៩% គឺពី ៧៤% មកត្រឹម ៦៥% ដោយសារនិន្នាការនៃការប្រើប្រាស់ម្ស៉ៅទឹកដោះគោកើនឡើង ។
អង្គការ Hellen Keller រកឃើញទៀតថា កម្ពុជាខាតបង់ជាង ៣២៦ លាន ៨ សែន ដុល្លារអាមេរិកក្នុងរយៈពេល ១ ឆ្នាំ ដោយ សារតែការមិនបំបៅកូនដោយទឹកដោះម្តាយ។ ក្នុងនោះខាតបង់តាមរយៈការទិញទឹកដោះគោកំប៉ុងជាង ១០៧ លានដុល្លារ ។ ខាតបង់លើបញ្ហាទារក និងកុមារងាយឈឺ ដែលនាំឱ្យពុកម្តាយខាតវេលា និង លុយកាក់ចំណាយលើការព្យាបាល ហើយពេលខ្លះបណ្តាលឱ្យកុមារស្លាប់បាត់បង់ជីវិតក៏មាន ។ លើសពីនេះទៅ ការមិនបំបៅដោះម្តាយដល់កូន ធ្វើឱ្យកូនអាចខ្វះអាហារូបត្ថម្ភ នាំឱ្យថយចុះគុណភាព នៃ គំនិតប្រាជ្ញាស្មារតី។
អង្គការ Hellen Keller ក៏ពិនិត្យឃើញថា មានការថយចុះនៃការបំបៅដោះម្តាយដល់កូន ហើយកើនឡើងការបំបៅទឹកដោះគោ។ មូលហេតុដោយសារខ្វះយល់ដឹងអំពីគុណប្រយោជន៍នៃការបំបៅដោះម្តាយ ការអនុវត្តអនុក្រឹត្យលេខ ១៣៣ នៅមានកម្រិត។ ភាពសុះសាយនៃការឃោសនាផ្សព្វផ្សាយពាណិជ្ជកម្មលក់ផលិតផលទឹកដោះម្តាយ។ ការផ្សព្វផ្សាយបំផ្លើសហួសហេតុនាំឱ្យមានការយល់ច្រឡំដូចជាថា ផលិតទាំងនោះមានគុណភាពល្អ ធ្វើឱ្យកុមារមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃជាដើម ខណៈម្តាយខ្លះយល់ ថា ការមិនបំបៅដោះរបស់ខ្លួនទៅកូនជាភាពទាន់សម័យ ហើយម្តាយមួយចំនួនមិនចង់បំបៅដោះកូនព្រោះខ្លាចខូចទ្រង់ទ្រាយដោះជាដើម៕