តារាកីឡាវាយកូនបាល់ចិន គឺអ្នកនាង ប៉េង សួយ បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកនាងមិនដែលបានចោទប្រកាន់នរណាម្នាក់ពីរឿងរំលោភផ្លូវភេទនាងទេ។
តារាកីឡាវាយកូនបាល់ចិន គឺអ្នកនាង ប៉េង សួយ បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកនាងមិនដែលបានចោទប្រកាន់នរណាម្នាក់ពីរឿងរំលោភផ្លូវភេទនាងទេ។
កីឡាការិនីលំដាប់ជើងឯកពិភពលោករូបនេះថែមទាំងបានថ្លែងទៀតថា មានការយល់ខុស ចំពោះការផ្សាយសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអ្នកនាងបានធ្វើកាលពីដើមខែមុន។
សុខុមាលភាពរបស់អ្នកនាងប៉េង បានក្លាយជាកង្វល់របស់សហគមន៍កីឡាវាយកូនបាល់ពិភពលោក ក៏ដូចជារបស់បណ្ដាអង្គការសិទ្ធិមនុស្សនានា នៅពេលដែលនាងចេញមុខមកចោទប្រកាន់ថា អតីតឧបនាយករដ្ឋមន្ត្រីចិន គឺលោក ហ្សាង ហ្គោលី បានរំលោភរូបនាងក្នុងអតីតកាល។
បន្ទាប់ពីការផ្សាយសារនោះ អ្នកនាង ប៉េង សួយ បានបាត់មុខពីទីសាធារណៈអស់រយៈពេលជិត៣សប្តាហ៍។
អ្នកនាង ប៉េង បានសារសព្ទនៅក្នុងខ្សែវីដេអូមួយ ដែលបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសសិង្ហបុរី លៀនហេ ហ្សៅបៅ ថា «ជាដំបូង ខ្ញុំត្រូវគូសបញ្ជាក់លើចំណុចមួយដែលមានសារៈសំខាន់ខ្លាំងណាស់, ខ្ញុំមិនដែលនិយាយ ឬសរសេរថានរណាម្នាក់បានរំលោភបំពានផ្លូវភេទខ្ញុំទេ, ខ្ញុំត្រូវតែសង្កត់ធ្ងន់លើចំណុចនេះឱ្យបានច្បាស់លាស់»។ .
ការលើកឡើងរបស់កីឡាការិនី ប៉េង សួយ កាលថ្ងៃអាទិត្យនោះ គឺជាលើកទី១ ដែលនាងបាននិយាយរឿងនេះនៅចំពោះមុខម៉ាស៊ីនថតជាសាធារណៈ។
អ្នកនាងបាននិយាយដូច្នេះ នៅពេលមានព្រឹត្តិការណ៍កីឡាជិះស្គីមួយ ក្នុងទីក្រុងសៀងហៃ។
ប៉េង សួយ បាននិយាយថា ការបង្ហោះរបស់អ្នកនាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម វ៉ៃប៉ូ ដែលក្រោយមកត្រូវបានលុបចោលវិញយ៉ាងឆាប់រហ័ស គឺជា«បញ្ហាឯកជន»។
ស្ត្រីអាយុ៣៥ឆ្នាំរូបនេះ បានថ្លែងនៅក្នុងខ្សែវីដេអូនោះទៀតថា៖ «មនុស្សម្នាទាំងឡាយមានការយល់ច្រឡំច្រើន» ចំពោះការផ្សាយសារក្នុងគណនី វ៉ៃប៉ូ របស់អ្នកនាង។
ប៉ុន្តែអ្នកនាង ប៉េង សួយ មិនបានបញ្ជាក់អំពីរឿងនេះលម្អិតបន្ថែមទេ៕