en     km
en     km

សមាជិកបក្សប្រឆាំងនៅប៉ូឡូញ២នាក់ត្រូវគេឈ្លបយកការណ៍តាមទូរស័ព្ទ

Share

ការប្រើកម្មវិធីឈ្លបយកការណ៍តាមទូរស័ព្ទនៅប្រទេសប៉ូឡូញ បានក្លាយជារឿងគួរឱ្យចាប់អារម្មណ៍ ចំពេលដែលក្រុមសិទ្ធិមនុស្សទាមទារឱ្យសហភាពអឺរ៉ុបហាមឃាត់ការប្រើប្រាស់កម្មវិធីនេះ។

ការឈ្លបយកការណ៍ទាំងបំពានតាមទូរស័ព្ទដៃរបស់មេធាវីដ៏ល្បីឈ្មោះ ដែលការពារក្ដីឱ្យអ្នកនយោបាយកំពូលៗរបស់គណបក្សប្រឆាំងនៅប្រទេសប៉ូឡូញ បានកើតឡើងនៅក្នុងបណ្ដាសប្តាហ៍ចុងក្រោយនៃការបោះឆ្នោតសភាដ៏សំខាន់ក្នុងឆ្នាំ២០១៩។

ពីរឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ២០២១នេះ លោកស្រីរដ្ឋអាជ្ញាមួយរូប ដែលប្រឆាំងនឹងការប៉ុនប៉ងរបស់រដ្ឋាភិបាលប្រជាភិថុតិស្តាំនិយម ក្នុងការផ្លាស់ប្ដូរប្រព័ន្ធតុលាការ ក៏ត្រូវបានគេឈ្លបយកការណ៍តាមទូរស័ព្ទចល័តរបស់គាត់ដែរ។

នៅក្នុងករណីទាំងពីរខាងលើនេះ អ្នកឈ្លបយកការណ៍គឺជាកម្មវិធីស៊ើបការណ៍តាមទូរស័ព្ទ ដែលមានលក្ខណៈយោធា របស់សម្ព័ន្ធក្រុមហ៊ុន អិនអេសអូ ដែលជាក្រុមស៊ីឈ្នួលជ្រៀតយកការណ៍ មកពីប្រទេសអ៊ីស្រាអែល ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ចូលក្រុមនេះក្នុងបញ្ជីខ្មៅកាលពីពេលថ្មីៗ។

នេះយោងតាម ស៊ីធីហ្សិន ឡែប ដែលជាក្រុមអ្នកជំនាញខាងត្រួតពិនិត្យមើលអ៊ិនធើណិត និងដែលមានមូលដ្ឋាននៅសាកលវិទ្យាល័យ តូរ៉ុនតូ ប្រទេសកាណាដា។

ស៊ីធីហ្សិន ឡែប មិនអាចប្រាប់បានទេថា អ្នកណាជាអ្នកបញ្ជាឱ្យលួចជ្រៀតចូល ហើយក្រុមហ៊ុន អ៊ិនអេសអូ ក៏មិនសម្គាល់អត្តសញ្ញាណអតិថិជនរបស់ខ្លួនដែរ ក្រៅពីអះអាងថាខ្លួនធ្វើការតែជាមួយភ្នាក់ងាររដ្ឋាភិបាលស្របច្បាប់ ដែលត្រូវបានវាយតម្លៃដោយក្រសួងការពារជាតិអ៊ីស្រាអែលប៉ុណ្ណោះ។

ប៉ុន្តែ​ជនរងគ្រោះ​ទាំង២នាក់ ពោលគឺទាំងលោកមេធាវី តាំងលោកស្រីរដ្ឋអាជ្ញា ​ជឿថា រដ្ឋាភិបាលដែលមានចរិតប្រតិកិរិយាកាន់តែខ្លាំង​របស់ប្រទេស​ប៉ូឡូញ ជាអ្នកបញ្ជាឱ្យធ្វើរឿងនេះ។

អ្នកនាំពាក្យសន្តិសុខជាតិប៉ូឡូញ គឺលោក ស្តានីស្លាវ ហ្សារីន មិនបញ្ជាក់ ហើយក៏មិនបដិសេធទេ ចំពោះរឿងដែលថា តើរដ្ឋាភិបាលបានបញ្ជាឱ្យលួចជ្រៀតចូល ឬក៏ជាអតិថិជនរបស់ក្រុមហ៊ុន អិនអេសអូ ផ្សេងទៀត ជាអ្នកបញ្ជា។

លោកមេធាវី រ៉ូមែន ហ្ស៊ែរទិច និងលោកស្រីរដ្ឋអាជ្ញា អ៊ីវ៉ា ហ្ស៊ូហ្សិក ស្ថិតក្នុងបញ្ជីពួកអ្នករិះគន់រដ្ឋាភិបាលនៅទូទាំងពិភពលោក ដែលមានទូរស័ព្ទរងការឈ្លបយកការណ៍ តាមរយៈកម្មវិធី ភីហ្គាស៊ុស របស់ក្រុមហ៊ុនអិនអេសអូ។

កម្មវិធីឈ្លបយកការណ៍តាមទូរស័ព្ទនេះ ប្រែក្លាយទូរស័ព្ទទៅជាឧបករណ៍លួចស្តាប់ ហើយអនុញ្ញាតឱ្យអ្នកបញ្ជាវាចម្លងយកអ្វីៗគ្រប់យ៉ាងពីសារទាំងឡាយដែលផ្ញើទៅកាន់អ្នកទទួល។

ជនរងគ្រោះដែលត្រូវបានផ្ទៀងផ្ទាត់បញ្ជាក់ រួមមានអ្នកសារព័ត៌មានម៉ិកស៊ិក អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត មេធាវីអង់គ្លេស សកម្មជនសិទ្ធិមនុស្សប៉ាឡេស្ទីន ប្រមុខរដ្ឋ និងអ្នកការទូតអាមេរិកដែលមានមូលដ្ឋាននៅប្រទេសអ៊ូហ្គង់ដា។

ប៉ុន្តែ​រឿងរ៉ាវនៃ​ការ​ជ្រៀតចូលឈ្លបយកការណ៍ពីអ្នកនៅក្នុង​ប្រទេស​ប៉ូឡូញ​គឺ​ជា​រឿង​គួរ​ឲ្យ​កត់​សម្គាល់ជាពិសេស ត្បិតវា​បានកើត​ឡើងនៅពេលដែល​ក្រុម​សិទ្ធិ​មនុស្ស​កំពុង​ទាមទារ​ឲ្យ​មាន​ការ​ហាម​ប្រាមមិនឱ្យប្រើកម្មវិធីឈ្លបយកការណ័៍តាមទូរស័ព្ទនៅ​ទូទាំង​សហភាព​អឺរ៉ុប។

សហភាពអឺរ៉ុបដែលមាន២៧ប្រទេស បាននិងកំពុងរឹតបន្តឹងការនាំចេញកម្មវិធីឈ្លបយកការណ៍ ប៉ុន្តែអ្នករិះគន់ត្អូញត្អែរថា ការប្រើប្រាស់កម្មវិធីទាំងនេះដោយរំលោភបំពានពីសំណាក់រដ្ឋជាសមាជិកសហភាពអឺរ៉ុប គឺជារឿងចាំបាច់ដែលត្រូវដោះស្រាយជាបន្ទាន់។

ក្រុម ស៊ីធីហ្សិន ឡែប បានរកឃើញការឆ្លងមេរោគឈ្លបយកការណ៍ជាច្រើននៅក្នុងប្រទេសប៉ូឡូញតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧។

កម្មវិធីចារកម្ម ភីហ្គាស៊ុស ក៏ត្រូវបានភ្ជាប់ទៅប្រទេសហុងគ្រី ដែលដូចជាប្រទេសប៉ូឡូញដែរ ត្រូវបានគេបរិហារថាបានធ្វើការរំលោភបំពានផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។

ប្រទេសអាឡឺម៉ង់ និងប្រទេសអេស្បាញ ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមអតិថិជនរបស់ក្រុមហ៊ុន អិនអេសអូ ហើយក្រុមបំបែកខ្លួននៅតំបន់កាតាឡង់ បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដថា បានយកពួកគេជាក្រុមគោលដៅសម្រាប់ឈ្លបយកការណ៍ដោយប្រើកម្មវិធី ភីហ្គាស៊ុស (Pegasus) ។

អ្នកនាំពាក្យឱ្យក្រុមហ៊ុន អិនអេសអូ បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុនខ្លួនគឺជា«អ្នកផ្គត់ផ្គង់កម្មវិធីកុំព្យូទ័រ, ក្រុមហ៊ុនមិនប្រើបច្ចេកវិទ្យានេះឱ្យធ្វើប្រតិបត្តិការទេ ហើយក្រុមហ៊ុនក៏មិនចាប់អារម្មណ៍ថាអ្នកណាជាក្រុមគោលដៅ ឬទិន្នន័យអ្វីដែលអតិថិជនរបស់ខ្លួនប្រមូលបាននោះដែរ»។

អ្នកស្រាវជ្រាវនៅក្នុងក្រុម ស៊ីធីហ្សិន ឡែប និងអ្នកស្រាវជ្រាវនៅអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និយាយថា ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន អិនអេសអូ ហាក់ដូចជារក្សាទុកនូវរចនាសម្ព័ន្ធសម្រាប់ការឆ្លងមេរោគឈ្លបយកការណ៍នោះ៕

អ្នកនាំពាក្យក្រុមហ៊ុនក៏បានហៅការចោទប្រកាន់ទៅលើការប្រើប្រាស់កម្មវិធី ភីហ្គាស៊ុស នៅប្រទេសប៉ូឡូញថា​ ជាការចោទប្រកាន់មិនត្រឹមត្រូវ ដោយលើកឡើងថា«នៅពេលដែលប្រទេសប្រជាធិបតេយ្យស្របច្បាប់ អនុវត្តតាមនីតិវិធីត្រឹមត្រូវ ប្រើប្រាស់ឧបករណ៍ដើម្បីស៊ើបអង្កេតបុគ្គលដែលសង្ស័យថាបានប្រព្រឹត្តបទឧក្រិដ្ឋ វានឹងមិនត្រូវបានចាត់ទុកថាជាការប្រើប្រាស់ឧបករណ៍នេះខុសទេ ទោះដោយមធ្យោបាយណាក៏ដោយ»៕

យោង៖ https://apnews.com/article/technology-business-poland-hacking-warsaw-8b52e16d1af60f9c324cf9f5099b687e

Share

Image
Image
Image