បណ្ដារដ្ឋមន្ត្រីអ៊ីស្រាអែល នៅថ្ងៃចន្ទ ទី២០ ខែធ្នូ បានយល់ព្រមហាមឃាត់ប្រជាជនមិនឱ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក កាណាដា និងប្រទេសចំនួន៨ផ្សេងទៀត ស្របពេលដែលមានការរីករាលដាលយ៉ាងឆាប់រហ័ស និងជាសកល នៃមេរោគបំប្លែងខ្លួនអូមីក្រុង។ ការិយាល័យរបស់នាយករដ្ឋមន្ត្រី ណាហ្វតាលី បិនណិត បានប្រកាសការសម្រេចចិត្តនេះ បន្ទាប់ពីការបោះឆ្នោតអនុម័តដោយគណៈរដ្ឋមន្ត្រី។ ការសម្រេចដ៏កម្រ ដែលដាក់សហរដ្ឋអាមេរិកក្នុងបញ្ជីក្រហម កើតឡើងចំពេលមានការកើនឡើងនៃការឆ្លងមេរោគកូវីដ-១៩ នៅក្នុងប្រទេសអ៊ីស្រាអែល។ វាក៏បង្ហាញពីការផ្លាស់ប្តូរចំពោះការអនុវត្តទាក់ទងនឹងជំងឺរាតត្បាតរវាងប្រទេសទាំងពីរ ជាមួយនឹងទំនាក់ទំនងការទូតជិតស្និទ្ធ។ សហរដ្ឋអាមេរិកនឹងចូលរួមក្នុងបញ្ជីប្រទេសអឺរ៉ុប ដែលកំពុងកើនឡើង និងទិសដៅផ្សេងៗទៀត ដែលជនអ៊ីស្រាអែលត្រូវបានហាមប្រាមក្នុងការធ្វើដំណើរ ហើយអ្នកធ្វើដំណើរត្រឡប់មកវិញ ត្រូវនៅដាច់ដោយឡែកពីគេ៕
—
យោង៖ https://apnews.com/article/coronavirus-pandemic-health-middle-east-canada-israel-689d0084dc4b2c48df86902b096343ab