កម្មករ កម្មការនី បម្រើការងារក្នុងរោងចក្រ ហុង សេន និង រោងចក្រយ៉ាដារ៉ុងហ្វុងក្នុងខេត្តតាកែវ ប្រមាណ៣០០នាក់ បានមកជួបជុំគ្នានៅមុខក្រសួងការងារ នៅថ្ងៃទី១១ខែវិច្ឆិកានេះ ដើម្បីស្នើសុំដល់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយអន្តរាគមន៍ដល់ម្ចាស់រោងចក្រទាំង២ខាងលើ ផ្តល់អត្ថប្រយោជន៍ចំនួន១៣ចំណុចបន្ថែមដល់កម្មករ។ (លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
កម្មករប្រមាណ៣០០នាក់ មកពីខេត្តតាកែវ បានធ្វើដំណើរមកតវ៉ានៅមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធទី១១ ខែវិច្ឆិកានេះ ដើម្បីឲ្យក្រសួងជួយអន្តរាគមន៍ទៅភាគីរោងចក្រ ឲ្យផ្ដល់អត្ថប្រយោជន៍ចំនួន១៣ ចំណុចដល់ពួកគេ។
កម្មការនីមួយរូប អ្នកស្រី សុខ ដាលីន បានលើកឡើងថា ការដែលកម្មករ កម្មការនី ផ្ទុះការតវ៉ាបែបនេះ គឺដើម្បីជំរុញឲ្យថៅកែរោងចក្រជួយបន្ថែមអត្តប្រយោជន៍ចំនួន១៣ចំណុចដល់កម្មករ ដូចជាប្រាក់ថ្លៃបាយ និងប្រាក់ធ្វើដំណើរជាដើម ។ អ្នកស្រីបន្ថែមថា ប្រាក់ខែនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ សព្វថ្ងៃនេះ មិនបានឆ្លើយតបនឹងតម្លៃទំនិញនៅលើទីផ្សារ និងថ្លៃទឹក ភ្លើងដែលចេះតែឡើងថ្លៃជាបន្តបន្ទាប់នោះទេ ។ អ្នកស្រី សុខ ដាលីន៖ «ជីវភាពរបស់ខ្ញុំសព្វថ្ងៃនេះគឺមិនគ្រប់គ្រាន់នោះទេ ព្រោះខ្ញុំមានកូនច្រើន ហើយការចំណាយទៅលើកូនរៀន ចំណាយទៅលើការហូបចុក ការស្លៀកពាក់ផ្សេងៗជាមួយប្រាក់ខែប៉ុណ្ណឹងគឺចាយមិនគ្រាន់នោះទេ»។
ចំណែកកម្មការនីមួយរូបទៀត កញ្ញា កាន ភូមផួង និយាយថា រោងចក្រ ហុង សេន និង យ៉ាដារ៉ុងហ្វុង មានការគាបសង្កត់លើកម្លាំងពលកម្មរបស់កម្មករ ដោយតម្រូវឲ្យកម្មករធ្វើការឲ្យបានគ្រប់តាមចំនួនដែលរោងចក្រកំណត់ និងមានការរឹតត្បឹតចំពោះការសូមច្បាប់ឈប់សម្រាក បើទោះបីជាកម្មករ កម្មការនីត្រូវការពិនិត្យសុខភាព ឬពិនិត្យផ្ទៃពោះក៏ដោយ។
កញ្ញា កាន ភូមផួង៖ «រោងចក្រហ្នឹងគាប់សង្កត់កម្មករខ្លាំងណាស់។ ឧទាហរណ៍ បើកំណាត់ចំនួន២ពាន់អញ្ចឹង ប្រសិនបើយើងដេរមិនបាន គេប្រជុំជេរពួកយើង ហើយពេលដែលយើងដេរបានចំនួនអាវហ្នឹងឡើងទៀតហើយ ហើយបើអ្នកពោះធំវិញគ្រាន់តែដាក់ច្បាប់ទៅសំរាលក៏ដាច់លុយដែរ»។
សហជីពដែលដឹកនាំការតវ៉ា លោក ទួន សារ៉ែន អគ្គលេខាធិការសម្ព័ន្ធសហជីពចលនាកម្មករ លើកឡើងថា ការទាមទារនេះ គឺជាលើកទី២ហើយដែលកម្មករសម្រេចចិត្តឡើងមកទាមទារឲ្យក្រសួងការងារជួយដោះស្រាយ ដោយការស្នើលើកដំបូង ខាងក្រសួងការងារមិនបានធ្វើការដោះស្រាយអ្វីជាដុំកំផួននោះទេ ចំណែកឯអាជ្ញាធរខេត្តតាកែវ ក៏មិនបានជួយដោះស្រាយដល់កម្មករនោះដែរ ។ លោកបន្តថា ប្រសិនបើមិនមានដំណោះស្រាយនោះទេ កម្មករ នឹងនៅតែបន្តការតវ៉ានេះរហូតទាល់តែមានដំណោះស្រាយ ។ លោក ទួន សារ៉ែន៖ «ការតវ៉ានេះគឺជាងកន្លះខែមកហើយមិនមានស្ថាប័នពាក់ព័ន្ធណាធ្វើអើពើនោះទេ ជាពិសេសអាជ្ញាធរដែនដីតែម្តង មិនដែលធ្វើការដោះស្រាយដើម្បីបញ្ឈប់បញ្ហានោះទេ។ ហើយថ្ងៃនេះយើងសង្ឃឹមថា ឯកឧត្តមរដ្ឋមន្ត្រីនឹងជួយជំរុញ ប៉ុន្តែថ្ងៃនេះប្រសិនបើគ្មានដំណោះស្រាយទេ កម្មករទាំងនេះមិនត្រលប់ទៅផ្ទះវិញឡើយ»។
ចំណែក លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ដែលមានវត្តមាននៅមុខក្រសួងការងារដែរនោះ បានលើកឡើងថា ចំពោះបញ្ហានេះ សហជីពរបស់លោកបានផ្ញើអ៊ីម៉ែល ទៅកាន់អ្នកបញ្ជាទិញរួចរាល់ហើយ ដោយទី១ស្នើសូមដល់អ្នកបញ្ជាទិញដាក់សម្ពាធដល់និយោជកឲ្យចរចាជាមួយតំណាងកម្មករ សហជីពជុំវិញសំណើទាំង១៣ចំណុច ទី២ ជំរុញដល់និយោជក ឲ្យយល់ព្រមទទួលយកកម្មករដែលរោងបានបញ្ឈប់ និងទី៣ ស្នើដល់អ្នកបញ្ជាទិញជំរុញដល់និយោជកដកពាក្យបណ្តឹង និងទម្លាក់បទចោទផ្សេងៗ ដែលនិយោជកធ្លាប់ប្តឹងសហជីព ។ លោកបញ្ជាក់ថា អ្នកបញ្ជាទិញនឹងឆ្លើយតបនៅពេលឆាប់ៗខាងមុខនេះ។
លោក ប៉ាវ ស៊ីណា៖ «អ្នកបញ្ជាទិញគេមិនជំទាស់នោះទេ គឺគេគោរពបទដ្ឋានអន្តរជាតិ ដូច្នេះ ប្រសិនបើអ្នកបញ្ជាទិញដែលមានឈ្មោះដូចជាផូម៉ា និងអេឌីដាស ដែលជាលំដាប់អ្នកបញ្ជាទិញពិភពលោក តែបែរជាមិនបានយកចិត្តក្នុងការដោះស្រាយនូវអ្វីជាការស្នើសូមនោះទេ វានឹងជៈឥទ្ធិពលទៅដល់ក្រុមហ៊ុនទាំងមូល ដោយសារយើងមានដៃគូរនៅខាងក្រៅ អញ្ចឹងពួកគេមិននៅស្ងៀមនៅពេលដែលយើងស្នើសុំទៅគេឲ្យជួយជំរុញបន្ថែម»។
វិទ្យុស្ត្រី នៃ WMC បានទាក់ទងលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែរ ប៉ុន្តែលោកមិនទទួលទូរសព្ទ ។ បើតាមសម្ដីរបស់តំណាងកម្មករ និងសហជីពដែលក្រសួងការងារកោះប្រជុំនៅថ្ងៃនេះបានឲ្យដឹងថា ភាគីក្រសួងនឹងដោះស្រាយរឿងនេះនៅថ្ងៃសុក្រទី១៣ខាងមុខ ដោយនឹងអញ្ជើញភាគីពាក់ព័ន្ធទាំងចូលរួមដោះស្រាយបញ្ហានេះ ។
សូមជម្រាបថា កម្មករ កម្មការនី នៃរោងចក្រ ហុង សេន និង រោងចក្រ យ៉ាដារ៉ុងហ្វុង ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូងកែវ ខេត្តតាកែវ មានចំនួនសរុបប្រមាណ៣០០០នាក់ បានផ្ទុះការតវ៉ានៅមុខរោងចក្រតាំងពីថ្ងៃទី២៩ខែតុលា ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន១៣ចំណុចពីថៅកែរោងចក្រ តែភាគីរោងចក្រនៅមិនទាន់មានការឆ្លើយតបណាមួយនៅឡើយនោះទេ ទើបនៅថ្ងៃទី១១ខែវិច្ឆិកានេះ តំណាងកម្មករប្រមាណ៣០០នាក់ បានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីស្នើដល់ក្រសួងការងារ ជួយអន្តរាគមន៍ដាក់សម្ពាធដល់ភាគីរោងចក្រ ត្រូវផ្តល់នូវអត្តប្រយោជន៍ចំនួន១៣ចំណុចបន្ថែមដល់កម្មករដើម្បីសម្រួលដល់ជីវភាពរស់នៅសមរម្យ។
សូមបញ្ជាក់ថា លក្ខខណ្ឌការងារចំនួន១៣ចំណុច រួមមាន ទី១ ស្នើសុំដល់ក្រុមហ៊ុនផ្តល់ថ្លៃអាហារថ្ងៃត្រង់ចំនួន២ពាន់រៀលក្នុងមួយថ្ងៃ ទី២សុំដល់ក្រុមហ៊ុនផ្តល់ថ្លៃមធ្យោបាយធ្វើដំណើរចំនួន៤ម៉ឺនរៀលក្នុងមួយខែ ទី៣សុំឲ្យក្រុមហ៊ុនអនុញ្ញាតដល់ស្ត្រីមានផ្ទៃពោះ អាចទៅពិនិត្យសុខភាព ដោយត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល និងចំណុចទី៤សុំឲ្យក្រុមហ៊ុនបន្ថែមប្រាក់ថ្លៃបាយពីម៉ោង៤ដល់ម៉ោង៦ពេលល្ងាច ក្នុងមួយម៉ោង២ពាន់រៀល និងលក្ខខណ្ឌការងារមួយចំនួនទៀត៕