en     km
en     km

សង្គមស៊ីវិលជិត ៦០ អំពាវនាវឱ្យអ្នកពាក់ព័ន្ធពន្លឿនរកដោះស្រាយបញ្ហាបុគ្គលិកណាហ្គាវើលដ៍

Share

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលប្រមាណជិត ៦០ស្ថាប័ននៅថ្ងៃទី២០ ខែធ្នូឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយឈានទៅបញ្ចប់ការធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

តំណាងអង្គការសង្គមស៊ីវិល សហជីព និងសមាគមដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាប្រមាណជាង ៦០ ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយជំរុញឱ្យភាគីពាក់ព័ន្ធ ពិសេសក្រុមហ៊ុនណាហ្គាវើលដ៍ចេញមុខដោះស្រាយបញ្ហា ដើម្បីឈានទៅបញ្ចប់ការធ្វើបាតុកម្មនិងកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍។

យ៉ាងណាសង្គមស៊ីវិលទាំងនោះក៏សម្តែងការខកចិត្តផងដែរ ដែលតុលាការកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានប្រកាស ថាកូដកម្មនេះគឺជាកូដកម្មខុសច្បាប់។

សេចក្តីថ្លែងការណ៍រួមបានឱ្យដឹងថា កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​កម្មករ​និយោជិត​និងសមាជិក​​សហជីពរបស់​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​លី​មី​ធី​ត​ ​ជាង​ ​១​៣​០​០​ ​នាក់​ ​បានចេញ​ធ្វើ​កូដកម្ម​​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​កម្មករ​និយោជិត​ចំនួន​ ៣​៦​៥​នាក់​ ​ដែល​បាន​បញ្ឈប់​ពី​ការងារ​​ដោយបង្ខំ​តាំងពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​១ឱ្យចូលធ្វើការវិញ​។

​​តែនៅ​រសៀល​ថ្ងៃដដែរនោះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ជូនដំណឹងដល់បាតុករទាំងអស់ដោយ​បង្គាប់​ឱ្យបញ្ចប់​សកម្មភាព​ “​បាតុកម្ម​​ដោយ​ចោទប្រកាន់​ថា​ភាគី​សហជីព​មិនបាន​អនុវត្ត​ត្រឹមត្រូវតាម​មាត្រា​៥​ ​នៃ​ច្បាប់​ស្តីពី​ការ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​។​ ​

ចំណែកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចេញសេចក្តីជូនដំណឹផងដែរ ឱ្យកម្មករផ្អាកការធ្វើកូដកម្ម បាតុកម្ម ដើម្បីរក្សាការពារសន្តិសុខ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយសន្យាបន្តរកដំណោះស្រាយសមរម្យជូនភាគីទាំងសងខាង។ ក្រសួងការងារក៏ស្នើដល់កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវរក្សាភាពនឹងនរ ចៀសវាងចាញ់បោកជនខិលខូចមួយចំនួនដែលមានបំណងញុះញង់ បង្កអស្ថិរភាពដល់ក្រុមហ៊ុន និងសណ្តាប់ធ្នាប់សាធារណៈ។

យ៉ាងណាការធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នេះ គេសង្កេតឃើញមានទាំងស្រ្តីមានផ្ទៃពោះចូលរួមតវ៉ាផងដែរ។ ប៉ុន្តែសម្រាប់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារវិញ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកដោយយល់ថា ការប្រើប្រាស់រូបភាពអនិតិជន ឬស្ត្រី ជាពិសេសស្ត្រីមានកូនខ្ចី ឬស្ត្រីមានផ្ទៃពោះ ដើម្បីចូលរួមតវ៉ាអ្វីមួយ គឺជាតាក់តិចក្នុងក្បួនរបស់អ្នករៀបចំចលនាបដិវត្តពណ៌នៅប្រទេសណាមួយនោះ។

លោកបន្តថា អ្នករៀបផែនការតែងតែបន់ស្រន់ឲ្យមានគ្រោះថ្នាក់ដោយចៃដន្យណាមួយកើតឡើងលើអនិតិជន ឬលើស្ត្រី ដើម្បីទាញសមាណចិត្ត និងបញ្ឆេះកំហឹងមហាជន។ សម្រាប់លោក ហេង សួរ តាក់តិចនេះ គេអាចប្រើបាននៅដើមឆ្នាំ ២០០០ និង ២០១០។ លោកបន្ថែមថា តាក់តិចបែបនេះ តែងត្រូវអាជ្ញារធរមានសមត្ថកិច្ចនៃប្រទេសនានាចាត់ការលើមេក្លោង និងជនដៃដល់ ដែលអនុវត្តផែនការនេះបានទាន់ពេល។

សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរ​បានរារាំងបុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) ជាង ១៣០០នាក់ មិនឱ្យជួបជុំនិងប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុន។

ដោយឡែក ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​បាន​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់ឈ្នួល​ ​​និង​ទទួលយក​ប្រធាន​សហជីព​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ចូល​ធ្វើការងារ​វិញ​។​ ជាការឆ្លើយតបភាគីក្រុមហ៊ុនកាលណ្ណោះ បាន​ស្នើសុំ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​ថា​កូដកម្ម​នោះ​គឺជា​កូដកម្ម​ខុសច្បាប់​ ​និង​បង្គាប់​ឱ្យ​កម្មករ​និយោជិត​ចូល​ធ្វើការងារ​វិញ​ក្នុង​រយៈ ៤​៨​ ​ម៉ោង​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តី​សម្រេច​នោះ​​។​

សេចក្តីថ្លែងការណ៍កម្រាស់បួនទំព័ររបស់ក្រុមអង្គការសង្គមស៊ីវិល ដាក់ការរំពឹងទុក​​ថា ការចរាចរខាងមុខ​នឹង​មិនមានការ​​បំបិទមាត់ភាគីណាមួយ​ដោយសារតែ​ចំណាត់​ការ​ ​ឬ​ការ​បំភិតបំភ័យ​ណាមួយ​​នោះ​ទេ​៕

Share

Image
Image
Image