ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា បញ្ហាចរាចរគ្រឿងញៀនកាន់តែលំបាកក្នុងការបង្រ្កាប ព្រោះអ្នកផលិតបាននាំចូលសារធាតុផ្សំគ្រឿងញៀនដាច់ដោយឡែកៗពីគ្នា រួចមកផ្សំជាគ្រឿងញៀនសម្រេចក្នុងប្រទេសកម្ពុជា។
សម្រាប់គន្លឹះក្នុងការដោះស្រាយបញ្ហានេះ សម្តេច ស ខេង ស្នើឱ្យក្រសួងដែលចេញអាជ្ញាប័ណ្ណដល់ការនាំចូលសារធាតុផ្សំគ្រឿងញៀនត្រូវតាមដានត្រួតពិនិត្យករណីសង្ស័យ ដោយមិនត្រូវរងចាំការជូនដំណឹងពីសមត្ថកិច្ចនោះឡើយ។
សូមស្តាប់ប្រសាសន៍សម្តេច ស ខេង បន្ថែម
ការថ្លែងរបស់សម្ដេច ស ខេង នេះធ្វើឡើងក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។
បើតាមការលើកឡើងរបស់សម្តេច ស ខេង អ្នកជាប់ឃុំនៅទូទាំងប្រទេសមានសរុបចំនួន ៣ម៉ឺន ៨ពាន់នាក់ក្នុងនោះ ៥១% គឺជាអ្នកទោសគ្រឿងញៀន។ សម្រាប់សម្តេច ស ខេង បញ្ហាគ្រឿងញៀននេះបានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សង្គម ដែលត្រូវទាមទារការចូលរួមពីអ្នកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់៕