en     km
en     km

សភាសហរដ្ឋអាមេរិកអនុម័តច្បាប់ហាមការនាំចូលទំនិញពីតំបន់ស៊ីនជាំងរបស់ចិន

Share

សភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តច្បាប់ហាមឃាត់ការនាំចូលទំនិញពីតំបន់ស៊ីនជាំងរបស់ប្រទេសចិន ចំពេលមានការព្រួយបារម្ភអំពីការងារដោយបង្ខំរបស់ជនជាតិភាគតិចអ៊ុយហ្គួរ ដែលនៅតំបន់នោះ។

សភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តច្បាប់ហាមឃាត់ការនាំចូលទំនិញពីតំបន់ស៊ីនជាំងរបស់ប្រទេសចិន ចំពេលមានការព្រួយបារម្ភអំពីការងារដោយបង្ខំរបស់ជនជាតិភាគតិចអ៊ុយហ្គួរ ដែលរស់នៅតំបន់នោះ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានដាក់ក្នុងបញ្ជីខ្មៅ នូវក្រុមហ៊ុនចិនរាប់សិប ចំពោះតួនាទីរបស់ពួកគេ ដែលរងការចោទប្រកាន់ថារំលោភសិទ្ធិមនុស្ស និងផ្តល់ការគាំទ្រដល់យោធាចិន។

ការវិវឌ្ឍចុងក្រោយនេះទំនងជាធ្វើឱ្យភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កាន់តែអាក្រក់ឡើងៗ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ដោយទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភជាពិសេស ចំពោះការប្រព្រឹត្តលើជនជាតិមូស្លីមអ៊ុយហ្គួរ នៅក្នុងតំបន់ស៊ីនជាំង ភាគខាងលិចនៃប្រទេសចិន ដែលសហរដ្ឋអាមេរិកនិយាយថាជា«អំពើប្រល័យពូជសាសន៍»។

ច្បាប់បង្ការការងារដោយបង្ខំលើជនជាតិអ៊ុយហ្គួរ បានឆ្លងព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ ដោយការយល់ព្រមជាឯកច្ឆ័ន្ទ បន្ទាប់ពីត្រូវបានអនុម័តដោយសភាជាន់ទាបកាលពីដើមសប្តាហ៍។

វាត្រូវការការចុះហត្ថលេខាឱ្យក្លាយជាច្បាប់ដោយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន។ សេតវិមានបាននិយាយថា លោក បៃឌិន នឹងចុះហត្ថលេខាលើច្បាប់នោះ។

ច្បាប់នោះនឹងតម្រូវឱ្យអាជ្ញាធរគយសហរដ្ឋអាមេរិកសន្មតថា ទំនិញដែលផលិតនៅតំបន់ស៊ីនជាំង ត្រូវបានផលិតដោយកម្លាំងពលកម្មបែបបង្ខិតបង្ខំ ហើយទំនិញទាំងនោះគួរតែត្រូវបានហាមឃាត់មិនឱ្យនាំចូលទីផ្សារអាមេរិក លើកលែងតែទំនិញណាដែលអ្នកនាំចូលអាចផ្តល់ភស្តុតាងច្បាស់លាស់ផ្ទុយពីការសន្មតខាងលើ។

ទោះបីជាវាមិនទាន់ក្លាយជាច្បាប់ដែលចូលជាធរមាននៅឡើយក៏ដោយ ក៏ប្រទេសចិនបាន​ប្តេជ្ញា​ឆ្លើយតបវិញរួចជាស្រេចទៅហើយ។ នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ប្រទេសចិនបាននិយាយថា ខ្លួននឹងចាត់វិធានការទាំងឡាយ ដែលចាំបាច់ ដើម្បីការពារស្ថាប័ន និងសហគ្រាសរបស់ខ្លួន បន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ថ្មីខាងលើ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉ិនបិន បាននិយាយថា វិធានការដែលបានអនុម័តដោយព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ «បង្ហាញថា សហរដ្ឋអាមេរិកមិនមានការបែងចែកខុសត្រូវទេ ឱ្យតែបានលាបពណ៌ចិនតាមគ្រប់មធ្យោបាយ»។

លោក វ៉ាង បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទប្រចាំថ្ងៃថា៖ «សកម្មភាពពាក់ព័ន្ធនឹងទណ្ឌកម្មនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គោលការណ៍សេដ្ឋកិច្ចទីផ្សារ ព្រមទាំងច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។ ហើយវាធ្វើឱ្យខូចខាតយ៉ាងដំណំចំពោះផលប្រយោជន៍ស្ថាប័ននិងសហគ្រាសចិន»៕

យោង៖

១) https://english.kyodonews.net/news/2021/12/534f0acca52a-update1-us-blacklists-dozens-of-chinese-entities-over-human-rights-abuses.html

២) https://apnews.com/article/business-china-race-and-ethnicity-congress-5f692828d1573323f80784b3e94c015b

Share

ព័ត៌មានទាក់ទង

Image