en     km
en     km

ជនភៀសសឹករាប់រយនាក់ឆ្លងចូលដីថៃ ខណៈដែលក្រុមឧទ្ទាមប៉ះទង្គិចគ្នានឹងកងទ័ពមីយ៉ាន់ម៉ា

Share

មនុស្សរាប់រយនាក់ រួមទាំងកុមារជាច្រើននាក់ផង បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាភ្លាមៗ រវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមបះបោរជនជាតិភាគតិច ដើម្បីឆ្លងព្រំដែនទៅជ្រកកោននៅលើទឹកដីប្រទេសថៃ។

អាជ្ញាធរថៃ និងបុគ្គលិកម្នាក់នៃអង្គការមនុស្សធម៌ បាននិយាយថា មនុស្សរាប់រយនាក់ រួមទាំងកុមារជាច្រើននាក់ផង បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាភ្លាមៗ រវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមបះបោរជនជាតិភាគតិច ដើម្បីឆ្លងព្រំដែនទៅជ្រកកោននៅលើទឹកដីប្រទេសថៃ។

នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរើយធើ នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ។

អាជ្ញាធរនៅក្នុងខេត្តតាក់ ភាគខាងលិចនៃប្រទេសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សប្រហែល៧០០នាក់ នាក់បានភៀសខ្លួនទៅកាន់ទីប្រជុំជន ម៉ៃ សុត បន្ទាប់ពីមានការប្រយុទ្ធគ្នា រវាងសហភាពជាតិការ៉ែន និងកងទ័ពមីយ៉ាន់ម៉ា។

មន្ត្រីម្នាក់ឈ្មោះ យ៉េ មីន ដែលបម្រើការនៅគណៈកម្មាធិការសម្ព័ន្ធភាពជំនួយ ដែលជាសម្ព័ន្ធភាពនៃជនចំណាកស្រុកមីយ៉ាន់ម៉ានៅប្រទេសថៃ បាននិយាយថា មនុស្សចំនួន២៥០៣នាក់ រួមទាំងកុមារចំនួន៥៤៥នាក់ផង កំពុងជ្រកកោននៅខាងព្រំដែនថៃ។

គាត់បាន​និយាយ​តាម​ទូរស័ព្ទ​ថា​៖ «​យើង​កំពុង​ផ្តល់​ជំនួយ​​ស្បៀងអាហារ ដោយ​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ថៃ»។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចល នៅពេលដែលយោធាបានបណ្តេញរដ្ឋាភិបាលស៊ីវិលដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែល លោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី១ ខែកុម្ភៈ។

ហេតុការណ៍នោះបានបង្កឱ្យមានការតវ៉ានៅក្នុងទីក្រុង និងបង្កឱ្យមានការប៉ះទង្គិចគ្នាដោយកន្លែង នៅតាមតំបន់ជនបទ រវាងកងជីវពលប្រឆាំងរបបយោធា និងកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។

សហភាពជាតិការ៉ែនបានឱ្យដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្នុងអំឡុងពេលប្រយុទ្ធគ្នាកាលពីថ្ងៃពុធ ទាហានមីយ៉ាន់ម៉ា៤នាក់ត្រូវបានសម្លាប់ និង៤នាក់ទៀតបានរបួស។

របាយការណ៍មួយផ្សាយដោយទូរទស្សន៍សំឡេងសាធារណៈ ដែលគាំទ្រដោយរដ្ឋាភិបាលស្រមោល ពោលគឺរដ្ឋាភិបាលស៊ីវិលដែលធ្លាក់ពីអំណាច បានបង្ហាញរូបថតដែលខ្លួនបានប្រាប់ថា បង្ហាញពីអាវុធដែលរឹបអូសបាន និងសមាជិក៨នាក់ក្នុងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ដែលត្រូវបានចាប់ខ្លួន។

របាយការណ៍នោះបានអះអាងថា ទាហានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា១៨នាក់ត្រូវបានសម្លាប់។

ទីភ្នាក់ងារសារព័ត៌មានរើយធើ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ នូវការអះអាងខាងលើនេះទេ ហើយអ្នកនាំពាក្យរបស់របបយោធាមីយ៉ាន់ម៉ាក៏មិនបានឆ្លើយតបនឹងការទាក់ទងតាមទូរស័ព្ទដើម្បីសុំអត្ថាធិប្បាយដែរ៕

យោង៖ https://www.reuters.com/world/asia-pacific/hundreds-flee-thailand-rebels-clash-with-myanmar-army-2021-12-17/

Share

Image
Image
Image