ភ្នំពេញ៖ អង្គការខុមហ្វ្រេលរកឃើញថា ៧១% នៃស្រ្តីដែលបានចូលរួមក្នុងការស្ទង់មតិចំនួន១០០នាក់ មកពីគណបក្សចំនួន ២០ បានជួបប្រទះនូវអំពើហិង្សាប្រឆាំងនឹងស្រ្តីអំឡុងពេលពួកគេក្រឡូកក្នុងវិស័យនយោបាយ។ បើទោះបីមានឧបសគ្គមួយចំនួនកើតមានលើស្រ្តីពេលចូលប្រឡួងក្នុងឆាកនយោបាយយ៉ាងណាក្តី តែស្រ្តីដែលត្រូវបានសម្ភាសន៍ជាង៨៥,៥% នៅតែចាប់អារម្មណ៍លើរឿងនយោបាយព្រោះចង់រួមចំណែកឱ្យប្រទេសល្អប្រសើរ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
ការសិក្សាស្រាវជ្រាវរកឃើញខាងលើនេះ ត្រូវបានបង្ហាញក្នុងសិក្ខាសាលាស្តីពីការបង្កើតចំនួនអ្នកដឹកនាំក្នុងវិស័យនយោបាយនិងថ្នាក់សម្រេចចិត្តនៅកម្ពុជាដែលរៀបចំដោយអង្គការខុមហ្វេ្រល និងមានការចូលរួមពីសំណាក់អង្គការសង្គមស៊ីវិល មន្រ្តីគណបក្សនយោបាយនានា និងគណៈកម្មាធិការលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយខេត្តកំពង់ឆ្នាំផងដែរ។ កម្មវិធីដែលរៀបចំឡើងតាមប្រព័ន្ធ Zoom នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ លោកបណ្ឌិត ប៉ា ច័ន្ទរឿន នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានបង្ហាញពីបញ្ហាប្រឈមមួយចំនួនដែលសកម្មជននយោបាយស្រ្តីបានជួបប្រទះក្នុងជីវិតនយោបាយដែលត្រូវបានរកឃើញអំឡុងខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ២០២០។
បញ្ហាដែលស្រ្តីជាសកម្មជននយោបាយបានជួបប្រទះរួមមានការទទួលរងហិង្សារាងកាយ ផ្លូវចិត្ត សេដ្ឋកិច្ច និងផ្លូវភេទ។ ក្នុងនោះផងដែលក៏មានការប្រមាថដោយពាក្យសម្តី ការគំរាមកំហែង ការយាយីផ្លូវភេទ និងការរំលោភបំពានលើរាងកាយជាដើម។
សកម្មជនម្នាក់នៃអតីតគណបក្សប្រឆាំងឱ្យដឹងក្នុងការស្ទង់មតិនោះថា ខ្លួនប្រឈមមុខអំពើហិង្សាខាងផ្លូវចិត្ត និងការគំរាមកំហែងជាច្រើន ហើយជនល្មើសមិនដែលបានផ្តល់ឱកាសឱ្យខ្លួនរស់នៅបានស្រួលក្នុងជីវភាពសាមញ្ញនោះទេ ទោះបីជាគណបក្សត្រូវបានរំលាយហើយក្តី។
បញ្ហាទាំងនេះធ្វើឱ្យប៉ះពាល់ដល់ចំនួននៃការចូលប្រឡូកនយោបាយរបស់ស្រ្តីកាន់តែថយចុះ ធ្វើឱ្យស្រ្តីកាន់តែខ្លាចនិងមិនហ៊ានចូលរួមនយោបាយ ស្រ្តីជាច្រើនទៀតកាន់តែឯកោ ហើយបញ្ហាស្រ្តីមិនសូវត្រូវបានផ្តល់សារៈសំខាន់។
លទ្ធផលនៃការសម្ភាសន៍បានបង្ហាញទៀតថា ស្រ្តីមួយចំនួនមិនហ៊ានបង្ហាញឬរាយការណ៍អំពីហិង្សា ឬការរើសអើងប្រឆាំងនឹងពួកគេនៅក្នុងគណបក្សនោះទេ ព្រោះស្រ្តីខ្លាចជៈឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះខ្លួននិងបក្ស ខ្លាចបក្សបាត់បង់ភាពជឿនជាក់លើខ្លួនដែលរារាំងពួកគេមិនឱ្យបន្តការចូលរួមជាមួយបក្ស។
ក្នុងការស្ទង់មតិដែលបង្ហាញដោយលោកបណ្ឌិត ប៉ា ច័ន្ទរឿន ក៏បានលើកយកកិច្ចសម្ភាសន៍អ្នកជំនាញផ្នែកសិទ្ធិស្ត្រីផងដែរ ដោយអ្នកជំនាញរូបនោះឱ្យដឹងថា អ្នកនយោបាយឬសកម្មជនស្រ្តីជាច្រើនគឺពូកែ ប៉ុន្តែជាអកុសលសហសេវិករបស់ពួកគេពិសេសបុរសវ័យចំណាស់មិនដែលផ្តល់ឱកាសឱ្យពួកគេកាន់តំណែងជាអ្នកដឹកនាំ ឬតំណែងខ្ពស់ៗក្នុងបក្សឡើយ។
ដោយឡែកលោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការខុមហ្រ្វេល ថ្លែងចាប់អារម្មណ៍ក្នុងសិក្ខាសាលាថា ស្រ្តីត្រូវបានផ្តល់ឱកាសតិចតួចក្នុងការឈរនៅលេខរៀងល្អខ្ពស់បើធៀបនឹងបុរស។ លោកស្រីកត់សម្គាល់ឃើញទៀតថា បើទោះបីបេក្ខភាពស្រ្តីដែលបានឈរឈ្មោះក្នុងលេខរៀងខ្ពស់ តែពួកគេត្រូវសហការីជាបុរសបញ្ជូនទៅកាន់នៅតំបន់ឆ្ងាយ ឬតំបន់ដែលមានការគាំទ្រតិចតួច ប្រការនេះងាយធ្វើឱ្យស្រ្តីរងគ្រោះថ្នាក់ និងត្រូវចោទថាគ្មានសមត្ថភាព ឬគ្មានស្នាដៃធ្វើបក្សមានប្រជាប្រិយភាព។
បទបង្ហាញដែលស្រាវជ្រាវដោយលោកបណ្ឌិត ប៉ា ច័ន្ទរឿន បានបង្ហាញពីមូលហេតុមួយចំនួនផងដែរដែលនាំឱ្យស្រ្តីមិនសូវចូលរួមប្រឡូកក្នុងវិស័យនយោបាយ។ ក្នុងនោះគឺបញ្ហាផ្នត់គំនិតសង្គមដែលមិនចង់ឱ្យស្រ្តីធ្វើនយោបាយ។ បញ្ហាមួយទៀត គឺបុរសខ្លាចស្រ្តីមានអំណាចក្នុងបក្សនាំឱ្យបាត់បង់កិត្តិយសនិងប្រជាប្រិយក្នុងសហគមន៍របស់ខ្លួន។
ទោះបីជាយ៉ាងណា តំណាងបក្សនយោបាយមួយចំនួនដែលបានចូលរួមក្នុងសិក្ខាសាលាបានលើកឡើងពីគោលនយោបាយលើកស្ទួយចំនួនស្រ្តីក្នុងបក្ស តាមរយៈដាក់ស្រ្តីឈរលើលេខរៀងខ្ពស់ល្អក្នុងបញ្ជីបេក្ខភាព។
សម្រាប់លោកបណ្ឌិត ប៉ា ច័ន្ទរឿន ដែលបានសម្ភាសន៍ស្រ្តីសកម្មជននយោបាយក្នុងការស្ទង់មតិនោះលោកមានមោនភាពដែលស្រ្តី ៨៥,៥% ដែលត្រូវបានសម្ភាន៍បានឆ្លើយថា ខ្លួននៅតែចាប់អារម្មណ៍លើរឿងនយោបាយ បើទោះបីជាលំហប្រជាធិបតេយ្យរួមតូច សិទ្ធិសេរីមួយចំនួនធ្លាក់ចុះ បញ្ហាជំងឺរាតត្បាតព្រោះពួកគេចង់រួមចំណែកឱ្យប្រទេសល្អប្រសើរ។ ក៏ប៉ុន្តែស្រ្តីចង់ឱ្យមានការគាំទ្រពីស្ថាប័នសាធារណៈ អង្គការសង្គមស៊ីវិល យកចិត្តទុកដាក់លើការកាត់បន្ថយការប្រើហិង្សាលើស្រ្តី ត្រូវរៀបចំគោលនយោបាយឱ្យមានសមភាពយេនឌ័រក្នុងគណបក្សនយោបាយ ដើម្បីលើកកម្ពស់ស្រ្តីឱ្យមានភាពស្មើគ្នាក្នុងវិស័យនយោបាយ៕