ទីភ្នាក់ងារសារព័ត៌មានរើយធើរាយការណ៍ថា ប្រទេសអូស្ត្រាលីនៅថ្ងៃពុធ ទី១៥ ខែធ្នូ បានបើកព្រំដែនឡើងវិញ ឱ្យជនចំណាកស្រុកដែលមានជំនាញ និងនិស្សិតបរទេស ដែលបានចាក់ថ្នាំបង្ការរួចរាល់ បន្ទាប់ពីការហាមឃាត់ពួកគេមិនឱ្យចូលអស់រយៈពេលជិត២ឆ្នាំ។
ការបើកប្រទេសអូស្ត្រាលីពេលនេះធ្វើឡើងក្នុងគោលបំណងជំរុញសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ ពីវិធានការបើក-បិទ បើក-បិទ ដើម្បីបង្ការកូវីដ-១៩ ហើយក៏ធ្វើឡើងក្នុងគោលបំណងចាប់ផ្តើមឱ្យមានការធ្វើដំណើរពីអន្តរជាតិចូលមកក្នុងប្រទេសនេះឡើងវិញដែរ។
ការលេចឡើងនូវមេរោគបំប្លែងខ្លួនប្រភេទ អូមីក្រុង បានបង្ខំឱ្យមន្ត្រីអូស្ត្រាលីពន្យារពេលការបើកប្រទេសឡើងវិញ អស់រយៈពេល២សប្តាហ៍ ដោយសារតែមន្ត្រីសុខាភិបាលបានស្នើសុំឱ្យផ្អាកការបើកជាបណ្តោះអាសន្ន ដើម្បីសិក្សាបន្ថែមអំពីប្រភេទមេរោគថ្មីនេះ។
រហូតមកដល់ពេលបច្ចុប្បន្ន គេហាក់ដូចជាយល់ឃើញថា អូមីក្រុង មានរោគសញ្ញាស្រាលជាងមេរោគបំប្លែងខ្លួនប្រភេទផ្សេងទៀតនៃជំងឺកូវីដ-១៩។
—
យោង៖ https://www.reuters.com/world/asia-pacific/australia-reopens-borders-non-citizens-despite-omicron-worries-2021-12-14/