ប្រទេសចិន កាលពីថ្ងៃចន្ទ បានរិះគន់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ពីរឿងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន បន្ទាប់ឃើញសេចក្ដីថ្លែងការណ៍ចេញពីទីក្រុងលីវើភូល។
ប្រទេសចិន កាលពីថ្ងៃចន្ទ បានរិះគន់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ពីរឿងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន។
លើសពីនេះទៀត ប្រទេសចិនក៏បានជំរុញឱ្យបណ្ដារដ្ឋមន្ត្រីទាំងនោះបោះបង់ចោល«ផ្នត់គំនិតសង្រ្គាមត្រជាក់»របស់ពួកគេ។
ទន្ទឹមនឹងនេះដែរ ប្រទេសចិនថែមទាំងបានស្នើឱ្យអ្នកទាំងនោះកែតម្រូវការប្រព្រឹត្តតាមរបៀបបែងចែកបណ្ដាប្រទេសនានាដោយផ្អែកលើមនោគមវិជ្ជា។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉ិនប៊ិន បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ពួករដ្ឋមន្ត្រីនៃក្រុមប្រទេសជឿនលឿនទាំង៧នោះ បាន«ធ្វើឱ្យខូចមុខមាត់ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិន»។
ការលើកឡើងរបស់មន្ត្រីចិនរូបនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីទាំងនោះបានបញ្ចប់ការជួបជុំនៅទីក្រុងលីវើភូល ប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍មួយ ចេញដោយចក្រភពអង់គ្លេស ក្នុងនាមប្រធានក្រុមប្រទេសជឿនលឿនទាំង៧ ឱ្យដឹងថា បណ្ដារដ្ឋមន្ត្រីការបរទេសបានពិភាក្សាអំពី«ស្ថានភាពនៅក្រុងហុងកុង និងនៅតំបន់ស៊ីនជាំង»។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានរងការចោទប្រកាន់ថារំលោភសិទ្ធិមនុស្សនៅទីកន្លែងទាំងពីរនេះ។
សេចក្ដីថ្លែងការណ៍ដដែលបានលើកឡើងទៀតថា បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសជឿនលឿនទាំង៧ ក៏បានពិភាក្សាគ្នាអំពី«សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅតាមច្រកសមុទ្រតៃវ៉ាន់»ដែរ។
ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧នៅក្នុងពិភពលោក រួមមានប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ក្រុមប្រទេសជឿនលឿនទាំង៧ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏បានអះអាងសារជាថ្មី នូវ«ផលប្រយោជន៍រួមក្នុងការរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឱ្យនៅជាតំបន់សេរីនិងចំហ»។
ជំហរបែបនេះគឺជាការប្រឆាំងដោយប្រយោលទៅនឹងការប៉ុនប៉ងរបស់ចិន ដែលចង់ផ្លាស់ប្តូរស្ថានភាពនៅក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសជឿនលឿនទាំង៧ បានជួបពិភាក្សាជាមួយសមភាគីរបស់ខ្លួន ដែលមកពីបណ្តាប្រទេសអាស៊ានជាលើកដំបូង ព្រមទាំងជាមួយសមភាគីមកពីអូស្ត្រាលី កូរ៉េខាងត្បូង និងឥណ្ឌាដែរ នៅថ្ងៃទីពីរនៃកិច្ចប្រជុំក្នុងឆ្នាំ២០២១នេះ៕
—
យោង៖ https://english.kyodonews.net/news/2021/12/9684c924f898-china-raps-g-7-interference-in-internal-affairs-cold-war-mentality.html