ស្របពេលដែលការរាប់សន្លឹកឆ្នោតនៅប្រទេសភូមាកំពុងប្រព្រឹត្តទៅ គណបក្សកាន់អំណាចនៅប្រទេសនេះបានទទួលស្គាល់ថា ថាខ្លួនចាញ់ឆ្នោត ។ ករណីនេះ យុវជនកម្ពុជាបានសម្ដែងការយល់ឃើញរបស់ពួកគេថា មេដឹកនាំយោធានៃប្រទេសភូមា អាចជាគំរូដ៏ល្អមួយសម្រាប់កម្ពុជា។ និស្សិតកម្ពុជាទាំងនោះក៏បានសម្ដែងការយល់ឃើញរបស់ពួកគេ ចំពោះការបោះឆ្នោតនោះខុសៗគ្នាផងដែរ ។
និស្សិត នៃវិទ្យាស្ថានភាសាបរទេស លោកកែ ហុកខែង មានប្រសាសន៍ថា ការបោះឆ្នោតនៅប្រទេសភូមា មានភាពសេរី និងយុត្តិធម៌ ព្រោះមិនមានការកែ្លងបន្លំសន្លឹកឆ្នោត និងមានការរក្សាសណ្តាប់ធ្នាប់បានល្អ ។
លោកថា ការប្រកាសរបស់គណៈបក្សកាន់អំណាចភូមា ថានឹងមានសង្គ្រាមកើតឡើង ពេលគណបក្សខ្លួនចាញ់ឆ្នោតនោះ គឺគ្រាន់តែជាការបំភិតបំភ័យពលរដ្ឋទន់ខ្សោយតែប៉ុណ្ណោះ ។ លោកកែ ហុកខែងបន្ថែមថា បើសិនមានសង្គ្រាមមែននោះ ក៏មិនអាចទៅរួចឡើយ ព្រោះមានអង្គការអន្តរជាតិកំពុងឃ្លាំមើលបញ្ហានេះ ។ លើសពីនេះទៅទៀត លោកថា លោកពេញចិត្តយ៉ាងខ្លាំងចំពោះគណបក្សកាន់អំណាច់យោធាភូមា ដែលទទួលស្គាល់លទ្ធផលបោះឆ្នោត។ «ខ្ញុំមើលឃើញថាល្អមែនទែន ព្រោះអីយើងចាញ់ យើងទទួលស្គាល់ថាយើងចាញ់ យើងអត់មានគិតថាចាញ់ហើយ ចង់ឈ្នះដោយប្រើវិធីស្មោកគ្រោក ឬក៏ប្រើអំណាចរបស់ខ្លួនដើម្បីគ្រប់គ្រងប្រទេសទេ»។
ចំណែកនិស្សិតឆ្នាំទី៤ ផ្នែកប្រវិត្តវិទ្យា កញ្ញាយុន រក្សា សម្ដែងការកោតសរសើរ ចំពោះការខិតខំរបស់អ្នកស្រីអង់សាង ស៊ូជី ថាលោកស្រី ជាស្ត្រីម្នាក់ ដែលបានតស៊ូក្នុងឆាកនយោបាយយ៉ាងស្វិតស្វាញ រហូតដល់ធ្វើឲ្យប្រទេសភូមាឈានមកដល់ការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យពេញលេញមួយ ។
កញ្ញាយុន រក្សា ថា ពាក្យថានឹងមានសង្គ្រាមកើតឡើង នៅពេលគណបក្សកាន់អំណាចចាញ់ការបោះឆ្នោត គឺជាពាក្យគំរាមប្រជាជនភូមាប៉ុណ្ណោះ ។ កញ្ញាបានបន្តថា ពាក្យថាមានសង្គ្រាម បើនិយាយនៅកម្ពុជា ហាក់ដូចជាមានប្រសិទ្ធភាពបន្តិច ព្រោះថាប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមច្រើន ។
កញ្ញាយុន រក្សា៖ «បើគំរាមកំហែងនៅខ្មែរយើងវិញ វាមានអាទិភាព ព្រោះខ្មែរយើងធ្លាប់ឆ្លងការសង្គ្រាមកាលពីសម័យប៉ុលពត សម័យសាធារណរដ្ឋ សម័យលន់ នល់ សុទ្ធតែសង្គ្រាមដែលវេទនា ធ្វើឲ្យខ្មែរយើងមិនចង់ជួមទៀតទេ ដល់ពេលចឹងហើយអាចធ្វើឲ្យមានការភ័យខ្លាច ហើយមិនហ៊ានបោះឆ្នោតឲ្យគណបក្សប្រឆាំង ខ្លាចមានសង្គ្រាមកើតមានឡើង អត់មានសន្តិភាពអីចឹងទៅ»។
កញ្ញាយុន រក្សា បានបន្ថែមទៀតថា ចំពោះរូបកញ្ញាមិនខ្លាចទេ ចំពោះពាក្យថាមានសង្គ្រាមកើតឡើង។ មិនខ្លាចព្រោះកញ្ញាយល់ថា វាមិនអាចទៅរួចឡើយ ដោយសារកម្លាំងទាហានមានតែខាងគណបក្សកាន់អំណាច ហើយគណបក្សប្រឆាំងមិនមានកម្លាំងទ័ព តើវាអាចកើតមានយ៉ាងដូចម្តេចទៅ ។ កញ្ញាយល់ថា ការនិយាយពីសង្គ្រាម គឺគ្រាន់តែការគំរាមនយោបាយតែប៉ុណ្ណោះ ។
កញ្ញាយុន រក្សា បានអំពាវដល់រដ្ឋាភិបាលកម្ពុជា ថាឲ្យមានការរប្រកួតប្រជែងឲ្យបានត្រឹមត្រូវ និងព្រមទទួលស្គាល់ការពិត បើគាត់ចាញ់ ព្រមទទួលស្គាល់ការពិត និងហ៊ានប្រគល់តំណែងឲ្យទៅអ្នកឈ្នះ បើគាត់ឈ្នះសូមបន្តការដឹកនាំឲ្យកាន់តែល្អថែមទៀត ។
រីឯនិស្សិតឆ្នាំទី៤ដេប៉ាតេម៉ង់សង្គមវិទ្យា លោកហឿន ដុន បានសម្ដែអការសាទទរចំពោះប្រទេសភូមា ដែលបានដើរដល់ចំណុចនេះ ។ លោកថា នេះជាគំរូមួយដ៏ល្អសម្រាប់ប្រទេសកម្ពុជាយកគំរូតាម ។ យកគំរូរតាមត្រង់ថា គណបក្សកាន់អំណាចភូមាចេះទទួលស្គាល់ការពិត ទទួលស្គាល់លទ្ធផលឆ្នោត ។
លោកហឿន ដុន បានបន្តថា ពាក្យសង្គ្រាមវានឹងកើតមានឡើងនៅពេលចាញ់ឆ្នោតនៅភូមា ជាពាក្យមួយមិនគួរសមសម្រាប់អ្នកនយោបាយប្រើនោះទេ ។ លោកថា បើមានសង្គ្រាមមែន មានតែខាងអ្នកកាន់អំណាចតែប៉ុណ្ណោះជាអ្នកផ្តើម ព្រោះកម្លាំងកងទ័មមានតែខាងគណបក្សកាន់អំណាច ហើយគណបក្សប្រឆាំងមិនមានទ័ពទេ ។សំឡេង «ត្រង់ចំណុចបើចាញ់ មានសង្គ្រាមកើតឡើង ពិនិត្យមើលទៅមានតែគណបក្សកាន់អំណាចទេដែលសទ្ធិកា្តប់ទាហាន កងទ័ព ប្រហែលគណបក្សប្រឆាំងអត់មានទេ ទាក់ទងអាហ្នឹងដែរតើគណបក្សកាន់អំណាចធ្វើសង្គ្រាមជាមួយពីណាគេ បើកម្លាំងធំនៅខាងគណបក្សកាន់អំណាច ហើយខាងគណបក្សប្រឆាំងគាត់អត់មានទេ មានតែសំឡេងអ្នកគាំទ្រពីប្រជាពលរដ្ឋតែប៉ុណ្ណោះ»។
និស្សិតរូបនេះបានបន្ថែមទៀតថា វប្បធម៌គំរាមកំហែងដោយពាក្យសង្គ្រាមនេះ វាមិនល្អសម្រាប់សម័យនេះទេ ហើយវាមិនបានធ្វើឲ្យប្រទេសរីកចម្រើន តែបែរជាធ្វើឲ្យប្រទេសមានការធ្លាក់ចុះទៅវិញ ។
ជាចុងក្រោយហឿន ដុន មានប្រសាសន៍ថា លោកចង់ឲ្យរដ្ឋាភិបាលបញ្ឈប់ការក្រាញអំណាចតទៅទៀត។ «ទាក់ទងនឹងសុំណូមពររបស់ខ្ញុំចង់ឲ្យរដ្ឋាភិបាលក្រឡេកមើលអ្វីដែលគាត់បានធ្វើជាសមិទ្ធផល និងអ្វីដែលចំណុចខ្វះខាត ឲ្យគាត់ជួយបំពេញនូវអ្វីដែលខ្វះខាត់ទាំងនោះ និងកុំក្រាញអំណាច ហើយចេះចែករំលែកអំណាចក្នុងការកាន់កាប់ ។ កាតព្វកិច្ចយើងមិនអាចកាន់អាហ្នឹងមករហូតទេ ព្រោះអីសង្គមប្រែប្រួលមនុស្សក៏ប្រែប្រួលមនុស្សក៏មានគំនិតអភិវឌ្ឍ និងចង់ផ្លាស់ប្តូរនូវអ្វីដែលរីកចម្រើនដែរ»។
សូមជម្រាបថា ការបោះឆ្នោតនៅប្រទេសភូមាកាលពីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកាមកនេះ គឺជាការបោះឆ្នោតតាមបែបប្រជាធិបតេយ្យជាលើកដំបូង ក្នុងរយៈពេល២៦ឆ្នាំកន្លងមកនេះ ។ ទោះបីជាមិនទាន់មានការប្រកាសលទ្ធផលជាផ្លូវការក៏ដោយ ក៏គណបក្សកាន់អំណាចយោធាភូមា បានប្រកាសទទួលស្គាល់បរាជ័យរបស់ខ្លួនរួចហើយផងដែរ៕