en     km
en     km

វិទ្យាស្ថានបារាំងបង្ហាញទម្រង់សិល្បៈបង្កប់ការទាមទារសិទ្ធិសេរីភាពនៅថ្ងៃសិទ្ធិមនុស្ស«១០ធ្នូ»

Share

ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ«១០ធ្នូ» ខួបលើកទី ៧៣ ឆ្នាំនេះ វិទ្យាស្ថានបារាំងនៅរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំការសម្តែងសិល្បៈក្នុងទម្រង់ចម្រុះបែប ដែលទម្រង់សិល្បៈនីមួយៗសុទ្ធសឹងតែបង្កប់អត្ថន័យនៃការទាមទារសិទ្ធិសេរីភាពដែលមនុស្សគ្រប់រូបត្រូវទទួលបានតាំងពីចាប់កំណើតលើភពផែនដីនេះ។

តើផ្ទាំងទស្សនីយភាពដែលរៀបចំឡើងដោយវិទ្យាបារាំងមានការសម្តែងអ្វីខ្លះ?

តទៅនេះសូមនាងកញ្ញាលោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលលោក កែវ សុខា​ បានចុះប្រមូលព័ត៌មានផ្ទាល់ពីសាលប្រជុំនៃវិទ្យាស្ថានភាសាបារាំងដូចតទៅ!

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ជាខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ«១០ធ្នូ»ដែលប្រទេសជាច្រើនលើពិភពលោក រួមទាំងកម្ពុជាផងបានចូលរួមប្រារព្ធទិវានេះ។ គេសង្កេតឃើញស្ថាប័នរដ្ឋពុំសូវប្រារព្ធពិធីនេះជាលក្ខណៈប្រមូលផ្តុំជួបជុំនោះទេ ក្រោមមូលហេតុទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ ដោយឡែកអង្គការសង្គមស៊ីវិលខ្លះបានប្រារព្ធទិវានេះនៅទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន។

ចំណែកវិទ្យាស្ថានបារាំងក្នុងរាជធានីភ្នំពេញវិញ បានចូលរួមប្រារព្ធទិវាសិទ្ធិមនុស្ស«១០ធ្នូ»នេះផងដែរ ដោយបានអញ្ជើញសិស្សនិស្សិត មន្រ្តីអង្គការសង្គមស៊ីវិល ចូលរួមទស្សនាការសម្តែងសិល្បៈរបស់ក្រុមយុវជន និងក្រុមសិល្បៈសៀកនៃអង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង។

ខ្ញុំបានចូលទៅដល់សាលរបស់វិទ្យាស្ថានបារាំងនារសៀលប្រហែលម៉ោង ៣និង២០នាទី គឺចំពេលដែលពិធីកំពុងចាប់ផ្តើមល្មម។ ពេលចាប់ផ្តើមកម្មវិធីសម្តែងក្នុងសាលទាំងមូលត្រូវបានបិទភ្លើងងងឹតសូន្យសឹងមើលអ្វីពុំយល់ គឺឃើញតែនារីម្នាក់នៅលើឆាកសម្តែងដែលពន្លឈនៃភ្លើងអំពូលបានបញ្ចាំងចំពីលើតែប៉ុណ្ណោះ។ ការធ្វើបែបនេះទំនងចង់ឱ្យអ្នកចូលរួមផ្តោតការយកចិត្តទុកដាក់មកលើនារីម្នាក់នោះ ដែលមែនទែនទៅគឺជាបុរសភេទទីបីតែងខ្លួនជានារីសោះ។ អ្វីជាពិសេសជាងនេះ បុរសភេទទីបីដែលគ្រងសម្លៀកបំពាក់ជាអប្សរាកាត់សម័យទំនើបផងនោះ បានបង្ហាញឱ្យអ្នកទស្សនាយល់យ៉ាងច្បាស់ពីទុក្ខក្រៀមក្រំរបស់នាងព្រោះការសម្តែងនោះនារីរូបនោះមានពិការជើងទាំងគូ ហើយត្រូវអង្គុយលើរទេះរុញ។ ចំណែកភ្នែកទាំងគូត្រូវរុំដោយក្រណាត់ខ្មៅ ហើយដៃម្ខាងកាន់ជញ្ជីងដងដែលមានថាសសងខាង​ និងដៃម្ខាងទៀតកាន់ទៀនដែលមានពន្លឺភ្លឺតិចៗជាមួយទឹកមុខស្រពាប់ស្រពោន។

ការសម្តែង និងការច្រៀងពីបញ្ហាសិទ្ធិសេរីភាពត្រូវបានសិល្បករសម្តែងនៅសាលវិទ្យាស្ថានបារាំង។

 

ឈុតចាប់ផ្តើមដំបូងនៃកម្មវិធីនេះ បានបង្ហាញយើងឱ្យយល់យ៉ាងច្បាស់ពីមនុស្សភេទទីបីត្រូវបាត់បង់សិទ្ធិរបស់ខ្លួនក្នុងនាមជាមនុស្សដែលត្រូវទទួលបានការរៀបការមានកូនចៅបន្តកំណើត ខណៈនៅកម្ពុជាពុំទាន់មានច្បាប់បើកផ្លូវឱ្យមានមនុស្សភេទដូចគ្នាអាចរៀបការបាននៅឡើយនោះទេ។

មូលហេតុដែលយើងអាចយល់បានបែបនេះ ក៏ព្រោះតែនៅក្នុងការសម្តែងនេះមានការបញ្ចាំងផ្ទាំងស្លាយនៅពីក្រោយឆាកដែលមានការពិពណ៌នាពីទុក្ខវេទនារបស់មនុស្សជាតិក្នុងអំឡុងសង្គ្រាមលើកទី២ និងការគាប់សង្កត់សិទ្ធិសេរីភាពនៅតាមបណ្តាប្រទេសមួយចំនួន ដោយឈុតដំបូងនេះមានបន្លឺភ្លេងតិចៗអបជាមួយការសម្តែងផងដែរ។

ផ្ទាំងទស្សនីយភាពជាច្រើនឈុតបានបង្ហាញជាបន្តបន្ទាប់ មានទាំងការសម្តែងសៀកផង ការរាំច្រៀងផង របស់យុវជននៃក្រុមហ្វាពន្លឺសិល្បៈដែលបង្ហាញពីភាពរហ័សរហួនលោតឡើងលោតចុះ តោងជាន់គ្នាឡើងលើបានយ៉ាងស្ទាត់ជំនាញ។ អ្នកចូលរួមទស្សនាដែលមានទាំងជនជាតិខ្មែរផង និងបរទេសផង បានទះដៃអបអរសាទរកោតសរសើរនូវទេពកោសល្យដ៏ប៉ុនប្រសព្វរបស់អ្នកសម្តែង។

ការសម្តែងពីមួយឈុតទៅមួយឈុតប្រើពេលមិនយូរនោះទេ គឺប្រហែលជា ៣ នាទីទៅ ៧ នាទីប៉ុណ្ណោះ តែអ្វីដែលក្រុមសម្តែងបានបង្កប់អត្ថន័យក្នុងការសម្តែងនោះគឺ សិទ្ធិសេរីភាព ដែលមនុស្សជាតិត្រូវទទួលបានក្នុងនាមជាពលរដ្ឋ ពិសេសស្រ្តី និងកុមារ។

ក្រៅពីការសម្តែងសិល្បៈចម្រៀង និងការសម្តែងសិល្បៈសៀក កម្មវិធីអបអរខួបលើកទី ៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ​«១០ធ្នូ»ក្នុងសាលប្រជុំនៃវិទ្យាស្ថានបារាំង ក៏បានរៀបចំបទបង្ហាញរបស់បុគ្គលមួយចំនួនផងដែរ។ ផ្តើមដំបូងពីស្លាយវីដេអូដែលត្រូវបានស្រង់ចំណាប់អារម្មណ៍របស់លោកស្រី កាមិន ម៉ូរីណូ(Carmen Moreno)ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជុំវិញបញ្ហាសិទ្ធិមនុស្សនៅលើពិភពលោក​និងនៅកម្ពុជា។ ប្រសាសន៍របស់លោកស្រី កាមិន ម៉ូរីណូ ដែលត្រូវបានអានដោយសំឡេងបុរសបញ្ចាំងលើស្លាយវីដេអូអបដោយបទភ្លេងតិចៗផងនោះ លោកស្រីរៀបរាប់ពីហេតុការណ៍សោកនាកម្មនៃការកាប់សម្លាប់ក្នុងសម័យសង្គ្រាមលោកលើក ហើយមនុស្សរាប់លាននាក់ទៀត ត្រូវបានរុញច្រានធ្លាក់ចូលក្នុងរណ្តៅដ៏ជ្រៅនៃភាពអស់សង្ឃឹម វិសមភាព កង្វះការគិតគូរអើពើ ហើយថែមទាំងមានការមើលងាយសិទ្ធិមនុស្សផងទៀត។

យ៉ាងណាលោកស្រីកត់សម្គាល់ឃើញថា ជីវិតមនុស្សជាតិកាន់តែមានភាពល្អប្រសើរឡើងវិញបើធៀបនឹង ៧៣ ឆ្នាំមុន ដោយមានកិច្ចគាំពារសុខភាព ការអប់រំ និងស្តង់ដានៃការរស់នៅកាន់តែល្អប្រសើរជាងមុន។ ក្នុងស្លាយវីដេអូប្រហែល ៥ នាទី លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជំរុញបុគ្គលគ្រប់រូបមិនត្រូវបញ្ឈប់សកម្មភាព ការតស៊ូមតិកែលម្អបញ្ហាកឱ្យមានភាពល្អប្រសើរជាងមុន ​មានសុវត្ថិភាព និងភាពយុត្តិធម៌។ ជាងនេះលោកស្រីក៏ជំរុញឱ្យមនុស្សគ្រប់រូបក្រោកឈរឡើងដើម្បីទាមទារសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខក្នុងករណីគ្មានការងារធ្វើ មានជំងឺ មានពិការភាព និងចាស់ជរា។

ចំណែកកញ្ញា អ៊ែ រ៉ិចស័រ ប្រធានគម្រោង Lady Center ដែលធ្វើការលើកការតស៊ូមតិជាមួយយុវជនតាមសហគមន៍បានបង្ហាញពីដំណើរការការងារនិងបញ្ហាប្រឈមនានាដែលកើតមានឡើងពេលអនុវត្តគម្រោងរបស់នាង។ សម្រាប់កញ្ញា អ៊ែ រ៉ិចស័រ ជាយុវតីខ្មែរឥស្លាមរូបនេះ មិនរារែកឡើយក្នុងការស្នើដល់ស្ថាប័នពាក់ព័ន្ធបើកចិត្តឱ្យទូលាយផ្តល់ឱកាសដល់យុវជនអាចម្ចាស់ការលើកខ្លួនឯងក្នុងដំណើរការប្រតិបត្តិគម្រោងនានា ព្រោះថា យុវជនជាចំណែកមួយធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម។

កញ្ញា អ៊ែរ រ៉ិចស័រ ឡើងថ្លែងនៅសាលវិទ្យាស្ថានបារាំង។

 

ខ្សែទស្សនីយ៍ភាពនៃការសម្តែងបែបចម្រុះទម្រង់នេះ មិនត្រឹមតែផ្តល់នូវការកំសាន្តនោះទេ តែអ្នកចូលរួមទស្សនាបានយល់ដឹងពីបញ្ហាសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងកុមារថែមទៀតផង។ នេះជាការលើកឡើងរបស់កញ្ញា ភួន គីមសាល និស្សិតច្បាប់និងជាជំនួយការក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងនាមជាស្រ្តីមួយរូបកញ្ញា ភួន គីមសាល ចង់ឱ្យមានការលើកស្ទួយសិទ្ធិនារីឱ្យមានភាពស្មើគ្នាដូចបុរសមិនថា ក្នុងវិស័យការងារឬការសិក្សាអប់រំនោះទេ។

បើទោះបីជា ការរៀបចំកម្មវិធីមិនបានបង្ហាញពីការធ្លាក់ចុះ ឬភាពល្អប្រសើរនៃបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាក៏ដោយ តែតាមរយៈការសម្តែងក្នុងទម្រង់ចម្រុះសិល្បៈនៅសាលនៃវិទ្យាស្ថានបារាំងនាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានបង្ហាញទុក្ខសោក ជាមួយសម្រែកទាមទារនៃសិទ្ធិសេរីភាពដែលសិល្បករបានបង្កប់ក្នុងការសម្តែងនីមួយៗនោះ៕

 

Share

Image
Image
Image