រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនថូនី ប្លីងខិន បានអះអាងនៅថ្ងៃអង្គារ អំពីការពង្រីកទំនាក់ទំនងយោធានិងសេដ្ឋកិច្ចរបស់ប្រទេសលោក ជាមួយដៃគូនានាក្នុងតំបន់អាស៊ី ដើម្បីរុញច្រានកំណើនឥទ្ធិពលចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឱ្យថមថយទៅវិញ។
សហរដ្ឋអាមេរិកនឹងពង្រីកទំនាក់ទំនងយោធានិងសេដ្ឋកិច្ច ជាមួយប្រទេសដៃគូនានាក្នុងតំបន់អាស៊ី ដើម្បីរុញច្រានកំណើនឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឱ្យថមថយទៅវិញ។
នេះបើយោងតាមសម្ដីរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនថូនី ប្លីងខិន ដែលបានថ្លែងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ក្នុងថ្ងៃអង្គារ ទី១៤ ខែធ្នូ។
លោក ប្លីងខិន បានថ្លែងថា រដ្ឋបាលលោក បៃឌិន ប្តេជ្ញារក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់នេះ។
រដ្ឋមន្ត្រីការបរទេសរូបនេះបានបញ្ជាក់ថា រដ្ឋបាលលោក បៃឌិន នឹងបំពេញតាមពាក្យសន្យា តាមរយៈការបង្កើនកម្លាំងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ការបង្កើតទំនាក់ទំនងថ្មីៗ និងការធានាថាយោធាសហរដ្ឋអាមេរិកនៅតែមាន«ប្រៀបលើគូប្រជែង»។
ដោយបង្ហាញពីផែនការរបស់រដ្ឋបាលលោក បៃឌិន សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅក្នុងសុន្ទរកថា លោក ប្លីងខិន បានថ្លែងថា៖ «ការគំរាមកំហែងនានាកំពុងប្រែប្រួល ដូច្នេះវិធីសាស្រ្តធានាសន្តិសុខរបស់យើង ក៏ត្រូវតែសម្របសម្រួលទៅតាមនោះដែរ។»
លោក ប្លីងខិន បានបញ្ជាក់ថា៖ «ដើម្បីធ្វើដូច្នេះបាន យើងនឹងពឹងផ្អែកលើកម្លាំងដ៏អស្ចារ្យបំផុតរបស់យើង៖ នោះគឺសម្ព័ន្ធភាព និងភាពជាដៃគូរបស់យើង»
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានពន្យល់ថា៖ «យើងនឹងអនុម័តយុទ្ធសាស្រ្តមួយ ដែលវេញត្របាញ់បញ្ចូលគ្នាឱ្យកាន់តែស្អិតរមួតឡើង រាល់មធ្យោបាយដែលធានាអំណាចជាតិរបស់យើង ទាំងការទូត ទាំងយោធា ទាំងចារកម្ម ជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើង»។
លោក ប្លីងខិន បានលម្អិតថា រឿងនេះមានទាំងការផ្សារភ្ជាប់គ្នារវាងឧស្សាហកម្មការពារជាតិរបស់សហរដ្ឋអាមេរិកនិងរបស់អាស៊ី, សមាហរណកម្មប្រព័ន្ធផ្គត់ផ្គង់ និងសហប្រតិបត្តិការលើការច្នៃប្រឌិតបច្ចេកវិទ្យា។
ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះបានគូសបញ្ជាក់ថា៖ «វាជារឿងពង្រឹងកម្លាំងរបស់យើងជាថ្មី ដើម្បីឱ្យយើងអាចរក្សាសន្តិភាពបាន ដូចដែលយើងបានធ្វើនៅតំបន់នេះអស់រយៈពេលច្រើនទសវត្សរ៍មកហើយ»។
លោក ប្លីងខិន មិនបានបញ្ជាក់លម្អិតបន្ថែមទៀតទេ ប៉ុន្តែរដ្ឋបាលលោក បៃឌិន បានបង្កើនសកម្មភាពនៅដើមឆ្នាំនេះ ដោយបានព្រមព្រៀងបង្កើតសន្ធិសញ្ញាមួយ ដែលអនុញ្ញាតឱ្យប្រទេសអូស្ត្រាលីផលិតនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ។
លោករដ្ឋមន្ត្រី ប្លីងខិន បានទទូចថា សហរដ្ឋអាមេរិកមិនព្យាយាមបង្ខំប្រទេសនានាឱ្យជ្រើសរើសរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនទេ ឬមិនព្យាយាមបង្ករឿងជាមួយប្រទេសចិនទេ។ ប៉ុន្តែលោកបានត្អូញត្អែរដ៏វែងអន្លាយអំពី«សកម្មភាពរំលោភបំពានរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង» ចាប់ពីតំបន់អាស៊ីភាគឦសាន រហូតដល់តំបន់អាស៊ីភាគអាគ្នេយ៍ និងចាប់ពីទន្លេមេគង្គ រហូតដល់បណ្ដាកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក»។
លោក ប្លីងខិន ស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសទី១នៃដំណើរទស្សនកិច្ចផ្លូវការ៣ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ រយៈពេលមួយសប្តាហ៍ មុនពេលបន្តដំណើរទៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។
របៀបវារៈដ៏សំខាន់នៃដំណើររបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកពេលនេះ គឺការទប់ទល់នឹងកំណើនភាពគឃ្លើនរបស់ចិននៅក្នុងតំបន់ ជាពិសេសនៅសមុទ្រចិនខាងត្បូង នៅទីក្រុងហុងកុង និងនៅកោះតៃវ៉ាន់។
«បណ្ដាប្រទេសនៅទូទាំងតំបន់ចង់ឲ្យចិនផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន»។ នេះជាការអះអាងរបស់លោក ប្លីងខិន ដែលបានសង្កត់ធ្ងន់ទៀតថា៖ «យើងក៏ចង់អ៊ីចឹងដែរ»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនេះបាននិយាយបន្តថា៖ «យើងប្តេជ្ញាធានាឱ្យមានសេរីភាពនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង»។
«វាក៏ជាមូលហេតុដែលជំរុញយើងឱ្យចំណាប់អារម្មណ៍ចំពោះសន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ដែរ»។ លោក ប្លីងខិន ថ្លែងបន្ថែមដូច្នេះ។
ប្រមុខការទូតសហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រទេសរបស់លោក«នឹងពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ» ជាមួយសម្ព័ន្ធមិត្តទាំង៥របស់ខ្លួននៅក្នុងតំបន់ ពោលគឺអូស្ត្រាលី ជប៉ុន ហ្វីលីពីន កូរ៉េខាងត្បូង និងថៃ ដែលបានចុះសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិក។
លោក ប្លីងខិន ប្រាប់បន្តថា សហរដ្ឋអាមេរិកក៏នឹងជំរុញឱ្យប្រទេសទាំងនេះបង្កើនទំនាក់ទំនងរវាងគ្នា ហើយក៏នឹងបណ្តុះភាពជាដៃគូជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យកាន់តែរឹងមាំថែមទៀតដែរ។
ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះបានអះអាងថា ប្រទេសសមាជិកសមាគមអាស៊ានជាច្រើន មានអារម្មណ៍ថារងការគំរាមកំហែងពីប្រទេសចិន។
លោក ប្លីងខិន បាននិយាយថា៖ «សមាគមអាស៊ានរឹងមាំនិងឯករាជ្យ បាននិងកំពុងស្ថិតនៅជាចំណុចកណ្តាល សម្រាប់ដោះស្រាយវិបត្តិបន្ទាន់ៗ និងបញ្ហាប្រឈមរយៈពេលវែងនានា»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានរិះគន់មេដឹកនាំរបបយោធានៃប្រទេសមីយ៉ាន់ម៉ា ឬភូមា ជាពិសេស ចំពោះការណ៍ដែលពួកគេបានដណ្ដើមយកអំណាចក្នុងខែកុម្ភៈ ហើយបង្ក្រាបក្រុមអ្នកតវ៉ាជាបន្តបន្ទាប់។
លោក ប្លីងខិន បានថ្លែងថា៖ «យើងនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើង ដើម្បីជំរុញរបបនេះឱ្យបញ្ឈប់អំពើហិង្សាឥតរើសមុខ ឱ្យដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ ឱ្យបើកប្រទេសឱ្យគេចូលដោយពុំមានការរារាំង និងឱ្យស្ដារមាគ៌ារបស់ភូមាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្នឡើងវិញ»។
គួរកត់សម្គាល់ថា នៅពេលទៅដល់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទ លោក ប្លីងខិន បានដឹងថា ជំនួយការកំពូលរបស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន គឺទីប្រឹក្សាសន្តិសុខជាតិ ឈ្មោះ នីកូឡាយ ប៉ាទ្រុស្សេវ បានស្ថិតនៅក្នុងរដ្ឋធានីហ្សាការតា រួចទៅហើយ ដើម្បីពិភាក្សាការងារសន្តិសុខជាមួយឥណ្ឌូណេស៊ី៕
—
យោង៖ https://apnews.com/article/business-china-asia-indonesia-united-states-783fdbe2b17f01da62f70858a4017460